COVID-19
ជាតិ
អាជ្ញាធរក្រុងព្រះសីហនុពិន័យបុរសម្នាក់២លានរៀល ដោយសារចេញពីកន្លែងចត្តាឡីស័ក
05, Mar 2021 , 10:50 am        
រូបភាព
រូបថតផ្តល់ដោយ លោក អ៊ី សុខឡេង
រូបថតផ្តល់ដោយ លោក អ៊ី សុខឡេង
បុរសម្នាក់នៅក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ រងការពិន័យ២លានរៀល ដោយសារតែគាត់​បាន​យកកូនទៅចាក់វ៉ាក់សាំងកាលពីថ្ងៃទី៤ ខែ​មីនា។នេះបើតាមការ​អះអាង​របស់​លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ។



អភិបាលក្រុងរូបនេះថ្លែងប្រាប់ ThmeyThmey ថា៖ «កាលពីម្សិល មានម្នាក់(អ្នកចេញពីកន្លែងធ្វើចត្តាឡីស័ក) សួរគាត់ទៅគាត់ថាយកកូនទៅចាក់វ៉ាក់សាំង។ ក្រុមការងារបានចុះទៅពិន័យតាមអនុក្រឹត្យ ពិន័យគាត់២លានរៀល»។

អត្ថបទទាក់ទង


ជាមួយគ្នាដែរ លោក អ៊ី​ សុខឡេង បាន​បញ្ជាក់ថា ក្រោយការ​ធ្វើចត្តាឡីស័កចប់ ហើយរកពុំឃើញថាឆ្លងកូវីដ-១៩លើបុរសម្នាក់នោះ ក្រុមការងារនឹងតម្រូវឲ្យ​បុគ្គល​ដែលរងការពិន័យ​ទៅបង់ប្រាក់នៅសាលាខេត្ត។

អនុក្រឹត្យ​ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចែង​លំ​អិតពី​កម្រៃ​ទាក់ទង​នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក បុគ្គល​ដែល​គេច​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក និង​បុគ្គល​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ត្រូវ​រង​ពី​ពិន័យ​អន្តរការណ៍​ពី​១​លាន​រៀ​លទៅ​៥​លាន​រៀល​។​
 
​អ្នកផ្តើមគំនិត ដឹកនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដល់​បុគ្គល​ឲ្យ​មានការ​គេចចេញ​ពី​ការត្រួតពិនិត្យ​របស់​ម​ន្ត្រី​ច​ត្តា​ឡី​ស័ក រួមទាំង​គ្រឹះស្ថាន​សុខាភិបាល​ឯកជន​ដែល​ជួយ​លាក់បាំង ឬ​មិនបាន​ជូនដំណឹង ត្រូវ​រង​ពិន័យ​អន្តរការណ៍​ពី​១០​លាន​ទៅ​៥០​លាន​រៀល​៕

© រក្សាសិទ្ធិដោយ thmeythmey.com