អន្តរជាតិ
ប្រមុខ NATO ថា EU ពុំមាន​សមត្ថភាព​ការពារ​សន្តិសុខ​តែម្នាក់ឯង​ឡើយ​
05, Mar 2021 , 9:29 pm        
រូបភាព
លោក Jens Stoltenberg អគ្គលេខាធិការ NATO ។ រូបភាព៖AFP
លោក Jens Stoltenberg អគ្គលេខាធិការ NATO ។ រូបភាព៖AFP
ដោយ:
​អគ្គលេខាធិការ​សម្ពន្ធ​យោធា NATO លោក Jens Stoltenberg ព្រមាន​ថា អឺរ៉ុប​ពុំមាន​សមត្ថភាព​ក្នុងការ​ការពារ​ខ្លួន​ឡើយ ដោយ​សន្តិសុខ​របស់​ទ្វីប​នេះ​អាស្រ័យទៅលើ​ទំនាក់ទំនង​អន្ត​រអា​ត្ល​ង់​ទិ​ករ​វាង​អឺរ៉ុប និង​សម្ពន្ធមិត្ត​នៅ​អាមេរិក​ខាងជើង​មាន​អាមេរិក និង​កាណាដា​ជាដើម​។ ប្រមុខ NATO និយាយទៀតថា ប្រទេស​ដែល​ពុំមែន​ជា​សមាជិក​សហភាព​អឺរ៉ុប ក៏មាន​នាទី​យ៉ាងសំខាន់​ផ្នែក​ភូមិសាស្ត្រ​ក្នុងការ​ការពារ​ទ្វីប​នេះដែរ​។​


​សមាជិក​សហភាព​អឺរ៉ុប​(EU)​និង NATO អាស្រ័យ​លើ​សម្ពន្ធភាព​អន្ត​រអា​ត្ល​ង់​ទិ​ក​ក្នុង​ការរក្សាសន្តិសុខរ​បស់​គ្នា​ទៅវិញទៅមក​។ នេះ​ជាការ​មើលឃើញ​របស់លោក Jens Stoltenberg អគ្គលេខាធិការ​សម្ពន្ធ​យោធា NATO ស្របពេល​បណ្ដា​ប្រទេស​ធំៗ​របស់​អឺរ៉ុប​ចង់​មាន​ស្វ័យភាព​ផ្នែក​សន្តិសុខ​កាន់​ច្រើន​ច្រើន ជាជាង​ពឹងពាក់​លើ​សម្ពន្ធភាព NATO នោះ​។ ប៉ុន្តែ​លោក Stoltenberg រំឭកថា​ប្រទេស​សមាជិក EU​មួយចំនួន​ពុំមាន​សមត្ថភាព​ក្នុងការ​ការពារ​សន្តិសុខ​ខ្លួន​ឡើយ ។
 
​ការលើកឡើង​របស់​ប្រមុខ NATO ធ្វើឡើង​ក្នុង​បរិបទ​មួយ​ដែល​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​ជាពិសេស​បារាំង ជំ​រុញឱ្យ​អឺរ៉ុប​មាន​ស្វ័យភាព​ផ្នែក​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​មួយ​ដើម្បី​បំពេញ​តួនាទី​ភូមិសាស្ត្រ​នយោបាយ​របស់​អឺរ៉ុប​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ធ្លាប់​ទាំង​ថា NATO លែង​ដំណើរការ​ទៀតហើយ ហើយ​EU​ចាំបាច់​ត្រូវរ​កវី​ធី​ការពារ​ខ្លួន និង​មិនអាច​រំពឹង​លើ​អាមេរិក ឬ​ប្រទេសក្រៅ​ទ្វីបអឺរ៉ុប​រហូត​បានឡើយ​។​
 
«​ខ្ញុំ​មិន​ជឿ​អឺរ៉ុប​តែមួយគត់​ឡើយ​។ ខ្ញុំ​មិន​ជឿ​អាមេរិក​ខាងជើង​ដែរ​។ ខ្ញុំ​ជឿ​លើ​អាមេរិក​ខាងជើង និង​អឺរ៉ុប​ធ្វើការ​រួមគ្នា​ដើម្បី​សាមគ្គីភាព​យុទ្ធសាស្ត្រ​នៅ NATO »​។ នេះ​ជាការ​លើកឡើង​របស់លោក​Stoltenberg ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៤ ខែមីនា មុន​បន្តថា ប្រទេសមួយ ឬ​ទ្វីប​មួយ​មិនអាច​គ្រប់គ្រង​បញ្ហា​សន្តិសុខ​ដែល​កើតមាន​នាពេល​បច្ចុប្បន្ន​នេះឡើយ​។ 
 
​ការចំណាយ​លើ​វិស័យ​យោធា ជា​ផ្នែក​មួយ​ដែល​លោក Stoltenberg អះអាងថា ធ្វើឱ្យ EU មិនអាច​ការពារ​ខ្លួនឯងបាន​។ លោក​បញ្ជាក់ថា ប្រជាជន​ចំនួន​៩០​ភាគរយ​នៃ EU រស់នៅក្នុង​ប្រទេស​ដែលជា​សមាជិក NATO ប៉ុន្តែ​ប្រទេស​ដែលជា​សមាជិក EU ចូលរួមចំណែក​ថវិកា​បានត្រឹមតែ​២០​ភាគរយ​តែប៉ុណ្ណោះ​។ 
 
​លើសពីនោះ កត្តា​ភូមិសាស្ត្រ ក៏​ជា​ចំណុច​មួយ​ដែល EU ត្រូវការ NATO ផងដែរ​។ លោក Stoltenberg និយាយថា នៅ​ភាគ​ខាងជើង​ប្រទេស EU អាច​រួចខ្លួន​ពី​ការទន្ទ្រាន​របស់​រុស្ស៊ី​ក៏ដោយ​សារ​រដ្ឋ​សមាជិក​មិនមែនជា​សមាជិក EU ដូចជា​អាមេរិក កាណាដា និង​អង់គ្លេស​។ នៅ​ភាគ​អាគ្នេយ៍​វិញ តួ​ក​គី​ដែល​មិនមែនជា​សមាជិក EU មាន​នាទី​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​ទៅនឹង​រដ្ឋ​ឥស្លាម​ដែលជា​ក្រុម​ភេរវកម្ម​អន្តរជាតិ ដោយមាន​ព្រំដែន​ជាមួយ​ស៊ី​រី និង​អ៊ីរ៉ាក់​។​
 
​បន្ថែម​ពីនេះ បញ្ហា​ប្រឈម​សន្តិសុខ​ថ្មីៗ​ដូចជា​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ង ភេរវកម្ម​អន្តរជាតិ បម្រែបម្រួល​អាកាសធាតុ និង​ការ​ទប់​ទៅនឹង​ឥទ្ធិពល​ចិន ក៏​ជា​រឿង​ចាំបាច់​ត្រូវការ​គោលនយោបាយ​រួម​រវាង​អឺរ៉ុប និង​អាមេរិក​ខាងជើង​។ នេះ​បើតាម​លោក Stoltenberg​។​
 
​មែនទែនទៅ ការមើល​មុខ​គ្នា​មិន​ចំ​រវាង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​លើ​បញ្ហា NATO លេច​ជា​ជា​រូបរាង​ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ លោក ត្រាំ តែងតែ​ប្រាប់​ឱ្យ​សមាជិក​NATO ដែលជា​សមាជិក EU ផងដែរ​នោះ បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ និង​ឈប់​ដាក់បន្ទុក​ច្រើន​ជ្រុល​ដល់​អាមេរិក​។ បន្ថែម​ពីនេះ គេ​ក៏​ឃើញ​មាន​ផងដែរ​ជម្លោះ​រវាង​សមាជិក NATO ដូចជា​រវាង​តួ​ក​គី និង​ក្រិ​កលើ​ព្រំដែន​សមុទ្រ និង​ការរំលោភ​បម្រាម​លក់​អាវុធ​របស់​អង្គការសហប្រជាជាតិ​ដោយ​តួ​ក​គី ទៅ​លី​ប៊ី​។ 
 

Tag:
 EU
  NATO
© រក្សាសិទ្ធិដោយ thmeythmey.com