ជាតិ
សង្គមជាតិ
មេគណខេត្តសៀមរាប ទូលសម្តេចសង្ឃនាយក និងសុំរដ្ឋាភិបាលមានចំណាត់ការលើលោក ផែង វណ្ណៈ
18, Mar 2021 , 2:53 pm        
រូបភាព
ព្រះមេគណខេត្តសៀមរាប ព្រះអង្គ ជុំ គឹមឡេង កាលពីថ្ងៃទី១៧ ខែមីនា បានសរសេរលិខិតថ្វាយសម្តេច នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយស្នើសុំទៅរដ្ឋាភិបាលដើម្បីមានចំណាត់ការលើលោក ផែង វណ្ណៈ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះ បាននិយាយពាក្យមិន​សមរម្យសំដៅទៅព្រះគ្រូចៅអធិការវត្តបូណ៌ ព្រះអង្គ ពិន សែម ជុំវិញសកម្មភាពប្រៀនប្រដៅលើសិស្សគណដែលបានធ្វើខុសវិន័យ។

 
 
«ជាប់គុកជាប់ទៅខ្ញុំលេងវិញហើយ ខ្ញុំអត់យកទៅប្តឹងផ្តល់អ្វីទេនិយាយដោយស្មោះត្រង់។ ប្រសិនបើវ៉ៃកូនខ្ញុំដល់របៀបអ៊ីចឹង ខ្ញុំអត់វ៉ៃទេ ខ្ញុំទៅបាញ់ចោលតែម្តង និយាយត្រង់ អត់អនុវត្តច្បាប់ទេ»។ នេះជាការស្រង់សំដីរបស់លោក ផែង វណ្ណៈ ក្នុងហ្វេសប៊ុក Live របស់ខ្លួន ពេលប្រតិកម្មនឹងវិធានការរបស់ព្រះមហា ពិន សែន ដែលប្រើរំពាត់ផ្តៅវាយសិស្ស៩អង្គដែលបានប្រព្រឹត្តខុស។
 
តាមពិតទៅរឿងរ៉ាវបានបញ្ចប់នេះទៅហើយ ដោយកាលពីថ្ងៃទី១៥ខែមីនា ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ត្រូវបានតម្រូវឲ្យធ្វើកិច្ចសន្យាឲ្យកែប្រែការអប់រំពីហិង្សាទៅជាអហិង្សាវិញ។ កិច្ចសន្យានេះ ត្រូវបានធ្វើឡើង បន្ទាប់មានឃ្លីបវីដេអូមួយដែលបានបង្ហាញពីសកម្មភាពព្រះសង្ឃ ប្រើរំពាត់ផ្តៅវាយភិក្ខុ សាមណេរ៩អង្គដែលខុសវិន័យ រហូតដល់មានស្លាកស្នាម។
 
ក្នុងកិច្ចសន្យា ព្រះអង្គ ពិន សែម ព្រះជន្ម៨០វស្សា បានសន្យាថា នឹងមិនមានការគំគួន ស្អប់ខ្ពើមភិក្ខុ សាមណេរដែលប្រព្រឹត្តខុសនោះឡើយ។ ក្នុងកំណត់ហេតុ ភាគីទាំងអស់ បានសន្និដ្ឋានថា ករណីនេះ មិនមែនជាអំពើហិង្សាឃោឃៅនោះទេ តែជាការទូន្មានប្រៀបប្រដៅ និងការដាក់វិន័យរបស់គ្រូព្រះចៅអធិការដល់ភិក្ខុសាមណេរដែលប្រព្រឹត្តខុសទៅតាមអ្វីដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់វត្តរាជបូណ៌។
 
ព្រះសង្ឃដែលធ្លាប់រងពិន័យទាំង៩អង្គ សុទ្ធតែមានសង្ឃដីការថា ព្រមទទួលយកនូវការដាក់វិន័យ ចំណែកឯព្រះអង្គ ពិន សែម ក៏បានយល់ថា រូបភាពដាក់វិន័យបែបនេះ ពិតជាផ្ទុយនឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
 
ប៉ុន្តែរហូតមកដល់ថ្ងៃនេះ អ្នកប្រើប្រាស់បណ្តាញសង្គមនៅតែបន្តលើកយកមកពិភាក្សា ដោយអ្នកខ្លះនៅតែបង្ហាញជំហរមិនគាំទ្រការប្រៀនប្រដៅបែបហិង្សា រីឯអ្នកខ្លះទៀតបានគាំទ្រចំណាត់ការរបស់ព្រះអង្គ ពិន សែម ក្នុងព្រះតួនាទី ជាគ្រូដែលណែនាំសិស្សឲ្យដើរផ្លូវត្រូវ។
 
ការជជែកដែលកាន់តែផុសផុលនោះ គឺសម្រង់សំដីរបស់លោក ផែង វណ្ណៈ ក្នុងន័យប្រមាថដល់ព្រះមហា ពិន សែម។ ព្រះមេគណខេត្ត ជុំ គឹមឡេង បានទូលថ្វាយសម្តេចព្រះសង្ឃនាយកថា៖ «មើលឃើញទង្វើអសីលធម៌របស់បុគ្គល ផែង វណ្ណៈ បែបនេះ ទូលព្រះបង្គំ យើងខ្ញុំជាព្រះមេគណតំណាងឲ្យព្រះសង្ឃទូទាំងខេត្តសៀមរាប សូមព្រះរាជានុញ្ញាតទ្រង់ព្រះមេត្តាប្រោសជួយស្នើសុំទៅរាជរដ្ឋាភិបាលឲ្យលោកមានចំណាត់ការថ្កោលទោសចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈតាមច្បាប់ឲ្យសមនឹងទង្វើដែលជននេះបានប្រព្រឹត្ត»។
 
សារព័ត៌មានថ្មីៗ បានព្យាយាមទាក់ទងលោក ផែង វណ្ណៈ តាមទូរសព្ទ ប៉ុន្តែមិនមានអ្នកទទួល។ 
 
ជុំវិញបញ្ហានេះ ព្រះអង្គ ឃឹម សន ព្រះប្រធានលេខាធិការគណៈសង្ឃនាយក យល់ឃើញថា អ្នកបួសនិងគ្រហស្ថ នៅពេលប្រព្រឹត្តខុស គឺត្រូវអនុវត្តតាមវិន័យ និងច្បាប់ដែលបានចែង។ ព្រះអង្គមានសង្ឃដីកាថា៖ «កាលណាបើឃើញមានបុគ្គលណាម្នាក់ប្រព្រឹត្តខុស ទោះបីជាអ្នកបួស និងគ្រហស្ថក្ដី គឺមានវិន័យនិងច្បាប់សម្រាប់ដោះស្រាយ។ ព្រោះខាងគ្រហស្ថក៏មានច្បាប់ ខាងអ្នកបួសក៏មានវិន័យ មានតួនាទីជំរុញ ហើយក្នុងនាមអាត្មាជាព្រះសង្ឃ ក៏ដូចជាពលរដ្ឋ មានតែជំរុញឲ្យមានការអនុវត្តតាមវិន័យ និងច្បាប់»។
 
យោងតាមមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ ការគំរាមកំហែងថានឹងសម្លាប់ ដែលធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៤លានរៀល។
 
រីឯមាត្រា៥១៦ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ត្រូវផ្តន្ទាទោសដាក់ពន្ធនាការពី១ថ្ងៃ ទៅ៦ខែ និងពិន័យជាប្រាក់ពី១០០០រៀល ទៅ១សែនរៀល៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com