ជាតិ
សង្គមជាតិ
ចូលឆ្នាំខ្មែរ៖ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នឹងបានម្នាក់៥ម៉ឺនរៀលពីរដ្ឋាភិបាល
22, Mar 2021 , 10:29 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ:
ភ្នំពេញ៖ នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋាភិបាលកម្ពុជានឹងផ្តល់ថវិកាទៅមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀល។ នេះបើតាមអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

 
ថវិកាទាំងនេះក៏នឹងផ្តល់ជូនទៅនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ឬបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាមន្ត្រីរាជការស៊ីវិល អតីតយោធិនៃកងយោពលខេមរភូមិន្ទ អតីតមន្ត្រីនគរបាលកម្ពុជា និងគ្រួសារជនពលី និងគ្រួសារជនមរណភាពដែលជាអតីតយុទ្ធជន។ 
 
បើតាមអនុក្រឹត្យ ថវិកាចំនួន៥ម៉ឺនរៀលនេះនឹងផ្តល់ឲ្យតែមួយលើក សម្រាប់មន្ត្រីម្នាក់ៗ និងមួយគ្រួសារតែមួយកន្លែង។ ដូច្នេះដើម្បីសម្រួលក្នុងការទទួលបានថវិកានេះ រដ្ឋាភិបាលបានស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រសួងនិងស្ថាប័ននានា រៀបចំចាត់ចែងការផ្តល់ថវិកាទៅមន្ត្រីឲ្យបានមុនថ្ងៃទី១០ ខែមេសា។
 
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។ 
 
ទោះបីកម្ពុជាមានការរាតត្បាតនូវជំងឺកូវីដ-១៩ ប៉ុន្តែ រដ្ឋាភិបាលមិនបានផ្អាកបា្ររព្ធពិធីបុណ្យចូលឆ្នាំខ្មែរឡើយ ដោយអនុញ្ញាតឲ្យមន្ត្រី បុគ្គលិកនៃស្ថាប័នរដ្ឋឈប់សម្រាក៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា។ ដោយឡែកបុគ្គលិក កម្មករ និយោជិតនៃវិស័យឯកជននានានឹងត្រូវអនុញ្ញាតឲ្យឈប់៣ថ្ងៃផងដែរ ប៉ុន្តែក៏មានជម្រើសមួយទៀតគឺអាចលើកថ្ងៃឈប់ ទៅឈប់ថ្ងៃផ្សេងទៀត តាមការព្រមព្រៀងគ្នាស្របតាមច្បាប់ស្តីពីច្បាប់ការងារ។ ប៉ុន្តែពលរដ្ឋម្នាក់ៗត្រូវអនុវត្តតាមវិធានការ៣កុំ និង៣ការពារ៕  
 
 
 
 
 
 
 
 

Tag:
 ថវិកា
 មន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com