កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan ស្រក់ទឹកភ្នែក ព្រោះឃ្លាតគ្រួសារ ក្រោយត្រឡប់ចូលជម្រើសជាតិស៊ុយអែត
23, Mar 2021 , 1:54 pm        
រូបភាព
Zlatan Ibrahimovic សម្រក់ទឹកភ្នែកនៅឯសន្និសីទសារព័ត៌មាននៅថ្ងៃ២២ ខែមីនា អំឡុងពេលបង្ហាញពីការវិលត្រឡប់របស់ខ្លួនក្នុងក្រុមជម្រើសជាតិស៊ុយអែតវិញ។ ទឹកភ្នែកស្រក់ ដ្បិត Ibrahimovic យល់ថា ការវិលត្រឡប់នេះនឹងធ្វើឱ្យពិបាកដល់ក្រុមគ្រួសាររបស់ខ្លួនដែលកំពុងស្នាក់នៅទឹកដីអ៊ីតាលី។


ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម AC Milan រូបនេះ ត្រូវបានគ្រូបង្វឹកលោក Janne Andersson កោះហៅចូលក្រុមជម្រើសជាតិវិញសម្រាប់ការប្រកួតជម្រុះ World Cup ដើម្បីតទល់នឹងកូសូវ៉ូ និងហ្សកហ្ស៊ីនៅខែមិនានេះ បូករួមទាំងការប្រកួតមិត្តភាពជាមួយអេស្តូនីផង។ ការវិលត្រឡប់នេះ អាចជាការត្រួសត្រាយផ្លូវសម្រាប់ Ibrahimovic ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro ២០២០ ផងដែរ។
 
នាសន្និសិទសារព័ត៌មាន Ibrahimovic ដែលមានវ័យ៣៩ឆ្នាំ រំជួលចិត្តរហូតស្រក់ទឹកភ្នែក ក្រោយបង្ហាញពីការលំបាកក្នុងការចាកចេញពីក្រុមគ្រួសាររបស់ខ្លួនកំពុងរស់នៅក្នុងទឹកដីអ៊ីតាលីដើម្បីទៅចូលរួមជាមួយក្រុមជម្រើសជាតិ។
 
«ខ្ញុំមានកូនប្រុស Vincent នៅទីនេះ គាត់ពិតជាយំនៅពេលដែលខ្ញុំចាកចេញពីគាត់។ ប៉ុន្តែវាមិនអីទេ ... »។ Ibrahimovic និយាយដូច្នេះមុនពេលសម្រក់ទឹកភ្នែក។ អតីតសមាជិកក្រុម Manchester United, PSG, Inter Milan, Barcelona និង Ajax រូបនេះ បន្ថែមថា៖ «នេះជាពេលវេលាឆ្ងាយពីគ្រួសារខ្ញុំ វាមិនមែនជារឿងងាយស្រួលនោះទេ។ ប្រសិនបើអ្នកមានក្មេងពីរនាក់យំរាល់ពេលដែលអ្នកចាកចេញពីពួកគេ វាពិបាកបន្តិចហើយ។ ខ្ញុំជាមនុស្ស ឬទោះបីជាខ្ញុំជា Superman ក៏ដោយ»។
 
Ibrahimovic បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ក្រោយធ្វើបានល្អនៅក្នុងក្របខណ្ឌ Serie A ដោយរកបាន១៥គ្រាប់គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន១៥ប្រកួត។ ដោយមើលឃើញពីទម្រង់លេងល្អបែបនេះ គ្រូបង្វឹកស៊ុយអែតលោក Andersson បានសម្រេចកោះហៅរូបគេចូលក្រុមវិញ ក្រោយចូលនិវត្តន៍ពីក្រុមជម្រើសជាតិអស់រយៈពេល៥ឆ្នាំ។
 
Ibrahimovic ដែលជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ស៊ុយអែត ចំនួន ៦២ គ្រាប់ ក្នុងការប្រកួតអន្តរជាតិចំនួន១១៦លើក បានព្យួរស្បែកជើងពីក្រុមជម្រើសជាតិ នៅក្រោយការប្រកួតពានរង្វាន់អឺរ៉ុប Euro ឆ្នាំ ២០១៦មក៕
 

Tag:
 Zlatan Ibrahimovic
© រក្សាសិទ្ធិដោយ thmeythmey.com