កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូហូឡង់សង្ឃឹមថា វគ្គជម្រុះ World Cup នឹងបន្លិចការលំបាករបស់ពលករចំណាកស្រុកនៅកាតា
24, Mar 2021 , 3:57 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហូឡង់សង្ឃឹមថា ការចាប់ផ្តើមប្រកួតជម្រុះ World Cup នៅតំបន់អឺរ៉ុបសប្តាហ៍នេះ នឹងបន្លិចស្ថានភាពរបស់ពលករចំណាកស្រុកនៅប្រទេសកាតា និងជួយកែលម្អលក្ខខណ្ឌការងាររបស់ពួកគេឱ្យប្រសើរឡើង។ កម្មករសំណង់ចំណាកស្រុកចំនួន៦៥០០នាក់ហើយបានស្លាប់នៅកាតា តាំងពីប្រទេសនេះផ្តើមសាងសង់កីឡដ្ឋាន ត្រៀម World Cup ឆ្នាំ២០២២។


 
«ការយកចិត្តទុកដាក់របស់ក្រុមភាគច្រើនផ្តោតលើ ថាតើយើងគួរតែទៅទីនោះ (កាតា) ឬអត់ប្រសិនបើយើងឆ្លងផុតវគ្គជម្រុះ»។ លោក Frank de Boer គ្រូបង្វឹកហូឡង់បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតបើកឆាកពូល G ទល់នឹងតួកគីនៅទីក្រុងអ៊ីស្តង់ប៊ុលនៅរាត្រីថ្ងៃទី២៥ មីនា ចំពេលមានភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងនៅកាតាដែលជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២២។
 
ការលើកឡើងរបស់លោក De Boer ធ្វើឡើងបន្ទាប់ពីកាសែត The Guardian បានចុះផ្សាយកាលពីចុងខែកុម្ភៈថា មានកម្មករសំណង់ចំណាកស្រុកចំនួន៦៥០០នាក់បានស្លាប់ ចាប់តាំងពីប្រទេសកាតាផ្តើមសាងសង់កីឡដ្ឋានដើម្បីត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោករបស់ខ្លួន។
 
កាសែតដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសខាងលើបន្តថា នារយៈពេល ១០ ឆ្នាំមកនេះចំណោមកម្មករមកពីប្រទេសទាំង៥រួមាន ឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស និងស្រីលង្កា យ៉ាងហោចណាស់កម្មករចំនួន៦៥០០នាក់បានបាត់បង់ជីវិតអំឡុងពេលបំពេញការងារ ដែលនេះមានន័យថា ជាមធ្យមកម្មករ ១២ នាក់បានស្លាប់ជារៀងរាល់សប្តាហ៍។
 
ជុំវិញករណីនេះ សហព័ន្ធកីឡាបាល់ទាត់ហូឡង់ (KNVB) ក៏បានប្រត្តិកម្មថា៖ «អ្នករាល់គ្នាដឹងថាអ្វីដែលកំពុងកើតឡើងនៅទីនោះជារឿងមិនល្អទេ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ ក៏ធ្លាប់និយាយថាប្រសិនបើយើងទៅទីនោះ ស្មើនឹងយើងជំរុញឱ្យមានករណីនេះកាន់តែខ្លាំង»។
 
យ៉ាងណាក៏ដោយ បន្ទាប់ពីមានសម្ពាធពីក្រុមសិទ្ធិមនុស្ស កាតាកាលពីថ្មីៗនេះបានផ្លាស់ប្តូរច្បាប់ការងាររបស់ខ្លួនដើម្បីធ្វើឱ្យកម្មករទទួលបានការអនុញ្ញាតពីនិយោជកដើម្បីអនុញ្ញាតពួកគេអាចផ្លាស់ប្តូរការងារ ឬចាកចេញពីប្រទេសបាន។
 
ក្នុងនោះដែរ កាតាក៏មានការដំឡើងប្រាក់ឈ្នួលអប្បបរមា ២៥ ភាគរយថែមទៀត ដែលស្មើនឹង ២៧៥ ដុល្លារអាមេរិកក្នុងមួយខែផងដែរ ហើយការដំឡើងនេះត្រូវអនុវត្តលើកម្មករទាំងអស់ មិនមែនតែជនជាតិកាតាប៉ុណ្ណោះទេ៕
 

Tag:
 World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com