ជាតិ
សុខភាព
វ៉ាក់សាំង Sinovac ១,៥លានដូស តម្លៃ១៥លានដុល្លារ បានមកដល់កម្ពុជាហើយ
26, Mar 2021 , 10:19 am        
រូបភាព
ភ្នំពេញ៖ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ប្រមាណ១,៥លានដូស តាមរយៈកិច្ចព្រមព្រៀងទិញ-លក់ ជាមួយប្រទេសចិន បានមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី២៦មីនានេះ ។  វ៉ាក់សាំងនេះ បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern។


ពិធីទទួលវ៉ាក់សាំងSinovac នេះ បានធ្វើឡើងក្រោមវត្តមានរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។
 
វ៉ាក់សាំង Sinovac ១,៥លានដូស មានតម្លៃ១៥លានដុល្លារ ។ បានន័យថា ចិនលក់វ៉ាក់សាំង Sinovac នេះ ឱ្យកម្ពុជា ក្នុងតម្លៃ១០ដុល្លារ ក្នុងមួយដូស។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
 
កន្លងមក កម្ពុជា បានទទួលវ៉ាក់សាំងជាង៩២ម៉ឺនដូស ដោយក្នុងនោះ មានវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន៦០ម៉ឺនដូសបានពីជំនួយរបស់រដ្ឋាភិបាលចិន និងជាង៣២ម៉ឺនដូសទៀត ជាវ៉ាក់សាំងរបស់AstraZeneca  បានពីយន្តការCOVAX។ កម្ពុជា ចាប់ផ្តើមវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ។

ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca  សម្រាប់ចាក់លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ។ កម្មវិធីចាក់វ៉ាក់សាំងនេះ ចាប់តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មក ។ សូមជម្រាបថា អ្នកដែលមានបញ្ហាសុខភាពនិងប្រតិកម្មនានា គឺមិនអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ទាំងនេះ បានឡើយ។ 
 
គិតត្រឹមថ្ងៃទី២៦មីនា កម្ពុជាមានពលរដ្ឋជាង៣៥ម៉ឺននាក់ ដោយក្នុងនោះ មានជាង២៣ម៉ឺននាក់ ជាពលរដ្ឋអាទិភាព និងជាង១១ម៉ឺននាក់ទៀត ជាកងកម្លាំងយោធា។ ដោយឡែក ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងនេះ មានជាង៨ពាន់នាក់ ចាក់វ៉ាក់សាំង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា៕ 
 
 

Tag:
 COVID-19
  SINOVAC
  SINOPHARM
© រក្សាសិទ្ធិដោយ thmeythmey.com