COVID-19
ជាតិ
នាយករដ្ឋមន្ត្រី សរសើរម្ចាស់ផ្ទះជួល ដែលអនុគ្រោះការបង់ថ្លៃ
26, Mar 2021 , 8:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រី្ត ហ៊ុន សែន សរសើរទឹកចិត្តម្ចាស់ផ្ទះជួល ដែលអនុគ្រោះថ្លៃបង់ ដល់ពលរដ្ឋខ្វះខាត ពិសេសកម្មករនៅអំឡុងពេលប្រឈមនឹងវិបត្តិកូវីដ-១៩។ សម្ដេច ចង់ឃើញចលនាម្ចាស់ផ្ទះជួល ដែលជួយសម្រួលលទ្ធភាពដល់អ្នករងគ្រោះដោយសារវិបត្តិកូវីដ-១៩ កាន់តែទូលំទូលាយទៀត។ 

 
សម្ដេច ហ៊ុន សែន ចាត់ទុកការបន្ធូរបន្ថយការបង់ថ្លៃផ្ទះជួលនេះ ជាចលនាជួយដល់សង្គមដ៏ល្អ ក្នុងបរិបទកូវីដ-១៩ ។ «នេះពិតជាសកម្មភាពជួយដល់សង្គមជាតិ ពិសេសជួយដល់កម្មករកម្មការនី ដែលកំពុងប្រឈមជាមួយការលំបាកបង្កឡើងដោយកូវីដ១៩។សង្ឃឹមថានឹងមានម្ចាស់ផ្ទះឈ្នួលផ្សេងទៀតចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានកោតសរសើរលោក ហេង វាសនា ម្ចាស់ផ្ទះជួលនៅខេត្តពោធិ៍សាត់ និងលោក ឈឿន ប៊ុនឆន ជាម្ចាស់ផ្ទះជួលនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលប្រកាសមិនយកថ្លៃឈ្នួលផ្ទះ ប្រសិនបញ្ហាកូវីដនៅតែបន្តកើតឡើង។
 
សម្រាប់លោកនាយករដ្ឋមន្រ្តី ពេលនេះ គឺជាពេលសំខាន់ ដែលខ្មែរត្រូវជួយគ្នា នៅក្នុងគ្រាលំបាក។ ប្រមុខរដ្ឋាភិបាល  បានចូលទៅបញ្ចេញមតិក្នុងគណនីហ្វេសប៊ុករបស់លោក ឈឿន ប៊ុនឆន កាលពីថ្ងៃទី២៥ មីនា ដូច្នេះថា៖«សូមអរគុណចំពោះទឹកចិត្តដ៍សប្បុរស ដែលរួមចំណែកាត់បន្ថយការលំបាករបស់កម្មករកម្មការិនីយើង។ពេលនេះជាងពេលណាៗទាំងអស់ដែលខ្មែរយើងត្រូវចេះជួយគ្នា។ខ្ញុំសង្ឃឹមថានឹងមានបងប្អូន ដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុងគ្រាលំបាកនេះ តាមរយៈមិនយកថ្លៃឈ្នួលមួយរយៈពេល ឬបន្ធូបន្ថយថ្លៃតាមតិចតាមច្រើន តាមលទ្ធភាព ដែលអាចធ្វើទៅបាន»។ 
 
មិនមែនតែម្ចាស់ផ្ទះជួលនៅតាមខេត្តទេ សូម្បីម្ចាស់ផ្ទះជួលខ្លះ នៅភ្នំពេញក៏សម្រេចបញ្ចុះតម្លៃ និងម្ចាស់ផ្ទះជួលខ្លះទៀត មិនយកថ្លៃផ្ទះជួលតែម្តង ដើម្បីជួយសម្រួលដល់ការលំបាករបស់អ្នកជួល ដែលកំពុងជួបការលំបាកលើជីវភាព ដោយសារវិបត្តិជំងឺកូវីដ-១៩។
 
បច្ចុប្បន្នស្ថានភាពរីករាលដាលកូវីដ-១៩នៅកម្ពុជានៅតែបន្តកើនឡើង ដែលចំនួនអ្នកឆ្លងកូវីដ-១៩ មានជាង១,៨ពាន់នាក់ ហើយមាន៧នាក់បានស្លាប់បាត់បង់ជីវិត។ ករណីសហគមន៍២០កុម្ភៈ មាននៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង សៀមរាប កំពង់ធំ កំពង់ចាម កោះកុង ស្វាយរៀង តាកែវ បាត់ដំបង ត្បូងឃ្មុំ និងកែប៕ 
 
 

Tag:
 ផ្ទះជួល
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com