កីឡាអន្តរជាតិ
អន្តរជាតិ
អតីតជម្រើសជាតិព័រទុយហ្កាល់ រិះគន់ Ronaldo ដែលចោលស្លាកប្រធានក្រុមលើទីលាន
29, Mar 2021 , 2:51 pm        
រូបភាព
លោក Fernando Meira អតីតសមាជិកក្រុមជម្រើសជាតិព័រទុយហ្កាល់ រិះគន់ការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការដើរចេញពីទីលាន ហើយចោលស្លាកប្រធានក្រុម។ Meira មិនអាចទទួលយកបាននូវឥរិយាបទរបស់ប្រធានក្រុមព័រទុយហ្កាល់រូបនេះឡើយ។


Ronaldo បានដើរចេញពីទីលានមុនពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតនាជំនួបដែលព័រទុយហ្កាល់ស្មើស៊ែប៊ី ២-២ នៃវគ្គជម្រុះ World Cup ពូល A ក្រោយភាពចម្រូងចម្រាស់កើតឡើង។ រឿងរ៉ាវកើតឡើង ដោយសារអាជ្ញាកណ្តាលមិនផ្តល់បាល់មួយគ្រាប់នៅចុងម៉ោងទៅឱ្យព័រទុយហ្កាល់ ដែល Ronaldo ទាត់បញ្ចូលទីទៅហើយនោះ។ 
 
នាទី៩០បូកទៅហើយ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ បានប៉ុនប៉ងស៊ុតបញ្ចូលទីក្រុមស៊ែប៊ី ប៉ុន្តែខ្សែការពារ Stefan Mitrovic បានទាត់បាល់ចេញវិញ ខណៈបាល់នោះបានឆ្លងផុតខ្សែទីទៅហើយ។ អាជ្ញាកណ្ដាលលើទីលានលោក Danny Makkelie បដិសេធផ្ដល់បាល់មួយគ្រាប់នេះឱ្យព័រទុយហ្កាល់ទាំងមិនពិនិត្យ VAR ហើយពិន័យកាតលឿងដល់ Ronaldo ថែមទៀត។ មិនត្រឹមតែដើរចេញពីទីលានមុនម៉ោង ខ្សែប្រយុទ្ធ Juventus រូបនេះ ថែមទាំងបោះស្លាកប្រធានក្រុមចោលនៅលើទីលានទៀតផង ព្រោះមិនពេញចិត្តនឹងការសម្រេចរបស់អាជ្ញាកណ្តាល។
 
យ៉ាងណាក៏ដោយ ទង្វើរបស់ Ronaldo មិនត្រូវបានសារទរពីសំណាក់លោក Meira អតីតកីឡាករជម្រើសជាតិព័រទុយហ្កាល់ឡើយ។ បុរសវ័យ៤២ឆ្នាំរូបនេះ អះអាងថាបើទោះខឹងអាជ្ញាកណ្តាលក៏ដោយ ប៉ុន្តែ Ronaldo មិនគួរចោលស្លាកប្រធានក្រុមរបស់ជម្រើសជាតិខ្លួនឡើយ។
 
«ប្រតិកម្មរបស់ Ronaldo មិនអាចទទួលយកបានទេសម្រាប់ប្រធានក្រុមជម្រើសជាតិ។ អ្នកមិនអាចបោះស្លាកប្រធានក្រុមនៅលើស្មៅ ហើយដើរចេញពីទីលានខណៈដែលការប្រកួតមិនទាន់ចប់នោះទេ»។ នេះជាការលើកឡើងរបស់ Meira។
 
អតីតកីឡាករ Galatasaray Benfica Zenit St. Petersburg និងលេងឱ្យព័រទុយហ្កាល៥៤លើកបន្ថែមថា៖ «មិនអាចទទួលយកបានសម្រាប់កីឡាករក្នុងការប្រកួតសំខាន់បែបនេះ។ ខ្ញុំយល់ពីការខកចិត្តរបស់ Ronaldo ហើយខ្ញុំក៏ស្របជាមួយគាត់ព្រោះបាល់ពិតជាបានចូលទីមែន ប៉ុន្តែអាជ្ញាកណ្តាលគឺជាអ្នកសម្រេច ដូច្នេះគាត់មិនត្រូវមានឥរិយាបថបែបនេះឡើយ គាត់គួរតែធ្វើជាគំរូដល់កីឡាករដទៃ»។
 
ជុំវិញករណីនេះ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ បានសរសេរលើ Instagram ដើម្បីពន្យល់ទង្វើរបស់ខ្លួនផងដែរ។ Ronaldo អះអាងថា រូបគេពាក់ស្លាកប្រធានក្រុមព័រទុយហ្កាល់ដោយមោទកភាព ហើយការណ៍ដែលបោះចោលទៅលើទីលាននេះ ក៏ដោយសារតែកំហឹង ព្រោះព័រទុយហ្កាល់ត្រូវបានគេបំពាន៕
 

Tag:
 Fernando Meira
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com