កីឡាអន្តរជាតិ
អន្តរជាតិ
ស្លាកប្រធានក្រុមដែល Ronaldo បោះចោល ត្រូវដាក់ដេញថ្លៃយកលុយព្យាបាលទារិកាអាយុ៦ខែ
31, Mar 2021 , 7:29 pm        
រូបភាព
ស្លាកប្រធានក្រុមដែល Cristiano Ronaldo ចោលលើទីលានព្រោះខឹងអាជ្ញាកណ្តាល ត្រូវបានរើសយកទៅដាក់ដេញថ្លៃលើអ៊ិនធឺណិត ដើម្បីយកប្រាក់ជួយកុមារដែលមានជំងឺម្នាក់នៅប្រទេសស៊ែប៊ី។



Ronaldo បានដើរចេញពីទីលាន និងបោះស្លាក់ប្រធានក្រុមចោលនៅមុនបញ្ចប់ការប្រកួតនាជំនួបដែលព័រទុយហ្កាល់ស្មើស៊ែប៊ី ២-២ នៃវគ្គជម្រុះ World Cup ពូល A កាលពីចុងសប្តាហ៍មុន។ រឿងរ៉ាវនេះកើតឡើង ដោយសារខ្សែប្រយុទ្ធ Juventus រូបនេះខឹងអាជ្ញាកណ្តាលដែលមិនផ្តល់បាល់មួយគ្រាប់នៅចុងម៉ោងដែលរូបគេទាត់បញ្ចូលទីទៅហើយនោះ។
 
អ្វីដែលនឹកស្មានមិនដល់ ស្លាកប្រធានក្រុមរបស់ Ronaldo ត្រូវបានរើសយកទៅដាក់ដេញថ្លៃ ដើម្បីយកប្រាក់ជួយដល់ទារិកាម្នាក់មានអាយុ៦ខែ។ ទារិកាឈ្មោះ Gavril Djurdjevic ស្ថិតនៅទីក្រុង Kragujevac ប្រទេសស៊ែប៊ី មានជំងឺសាច់ដុំឆ្អឹងខ្នង ដែលប្រឈមនឹងពិការភាពប្រសិនព្យាបាលមិនទាន់ពេលទេនោះ។
 
បើតាមការចុះផ្សាយរបស់សែត The Mirror មានអង្គការមនុស្សធម៌មួយ កំពុងស្វែងរកប្រាក់ចំនួន ២,៥ លានផោន (៣,៤៤លានដុល្លារ) ដើម្បីយកទៅចំណាយថ្លៃវះកាត់ និងព្យាបាលទារិកា Djurdjevic រូបនេះ។
 
អង្គការនេះ គ្រោងនឹងលក់ស្លាកប្រធានក្រុមព័រទុយហ្កាល់របស់ម្ចាស់ពាន Ballon Do’r ៥សម័យ ដែលកម្មករក្នុងកីឡដ្ឋានរើសយកចេញពីទីលាន ក្នុងតម្លៃខ្ពស់មួយតាមរយៈការដេញថ្លៃនៅតាមអ៊ិនធឺណិតក្នុងរយៈពេលបីថ្ងៃដើម្បីទទួលប្រាក់ឱ្យគ្រប់ផែនការរបស់ខ្លួន៕
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com