COVID-19
ជាតិ
បុគ្គលល្មើសវិធានការរដ្ឋបាលក្នុងការទប់ស្កាត់កូវីដ-១៩ អាចរងពិន័យអន្តរការណ៍ពី១-៥លានរៀល
10, Apr 2021 , 10:59 pm        
រូបភាព
ភ្នំពេញ៖ បុគ្គលដែលមិនគោរពដោយចេតនា នូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អាចត្រូវដាក់ទណ្ឌកម្មពិន័យអន្តរការណ៍ចាប់ពី ១លានរៀល ទៅ៥លានរៀល ដោយមិនគិតដល់ បទល្មើសព្រហ្មទណ្ឌដទៃទៀត។ នេះបើតាមសេចក្ដីប្រកាសអន្តរក្រសួង របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានបញ្ជាក់ទៀតថា ការពិន័យអន្តរការណ៍នេះ ត្រូវចាប់អនុវត្ត ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។


 
យ៉ាងណាក៏ដោយ កម្រិតទឹកប្រាក់ដែលត្រូវពិន័យ ត្រូវសម្រេចដោយរដ្ឋបាលរាជធានី ខេត្ត នីមួយៗ ហើយការពិន័យអន្តរការណ៍នេះ ក៏ជាសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែរ។ ចំណូលដែលប្រមូលបានពីការពិន័យ ចំពោះអំពើមិនគោរពវិធានការរដ្ឋបាល ត្រូវកត់ត្រាជាចំណូលរបស់រដ្ឋបាលរាជធានី ខេត្ត។ នេះបើតាមសេចក្តីប្រកាសរបស់អន្តរក្រសួងដដែល។ 
 
គួរជម្រាបជូនថា គិតមកទល់បច្ចុប្បន្ន មានរាធធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, កំពង់ចាម និងខេត្តសៀមរាប បានដាក់ចេញនូវការអនុវត្តវិធានការរដ្ឋបាល រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងទៀត។ 
 
រាជធានីភ្នំពេញ ចាប់អនុវត្តវិធានការរដ្ឋបាលនៅថ្ងៃទី១ មេសា ខណៈខេត្តកំពង់ស្ពឺ ចាប់អនុវត្ត ក្រោយភ្នំពេញមួយថ្ងៃ ពោលគឺនៅថ្ងៃទី២ មេសា។ ដោយឡែកខេត្តកំពង់ចាម បានអនុវត្តវិធានការរដ្ឋបាលនៅ ថ្ងៃទីមេសា ខណៈនៅថ្ងៃទី១០មេសានេះ ដល់វេនខេត្តសៀមរាប។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប ៤ ០៨១ករណី ក្នុងនោះ ១ ៥៥៩នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២ ០៨០នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៦នាក់៕

Tag:
 កូវីដ-១៩
  ក្រសួងមហាផ្ទៃ
  ក្រសួងសេដ្ឋកិច្ច
  ពិន័យអន្តរការណ៍
 វិធានការរដ្ឋបាល
© រក្សាសិទ្ធិដោយ thmeythmey.com