COVID-19
ជាតិ
មន្ត្រីគេចវេះមិនចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវរងការព្រមាន និងអាចរងការដាក់ទណ្ឌកម្មខាងវិន័យ
11, Apr 2021 , 11:23 am        
រូបភាព
មន្ត្រីរាជការសាធារណៈ និងកងកម្លាំងយោធា ដែលគេចវេះពីកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  នឹងត្រូវរងការព្រមាន និងណែនាំដោយស្ថាប័នសាមី ហើយបើនៅគេចវេះ នឹងឈានដល់ការដាក់ទណ្ឌកម្មខាងវិន័យផ្សេងទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។  នេះយោងតាមមាត្រា ៥ នៃអនុក្រឹតស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ដែលចុះហត្ថលេខាដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ មេសានេះ។

 
ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹតនេះ នៅក្រោយមួយថ្ងៃ ដែលសម្តេចប្រកាសថា មន្ត្រីរាជការសាធារណៈ កងកម្លាំងយោធា និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ មានកាតព្វកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩។ 
 

យោងតាមមាត្រា៣ នៃអនុក្រឹតនេះ កាតព្វកិច្ចក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវអនុវត្តចំពោះ មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ និងពលរដ្ឋទទួលអាណត្តសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ។ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័នតុលាការ ក៏ជាប់កាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ដែរ។ 
 
ក្រៅពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ កាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ត្រូវអនុវត្តផងដែរ ចំពោះបុគ្គលមួយចំនួន ផ្អែកលើស្ថានភាពការងារ ឬមុខរបរ តាមការកំណត់របស់ក្រសួងសុខាភិបាល។ យ៉ាងណាក៏ដោយ កាតព្វកិច្ចនេះ មិនអនុវត្តលើបុគ្គលដែលមិនអាចចាក់វ៉ាក់សាំងបានដោយសារមូលហេតុសុខភាព ដែលមានលិខិបញ្ជាក់ពីមន្ត្រីសុខាភិបាលនោះទេ។  
 
សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៩នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុប ៤ ២៣៨នាក់។ អ្នកឆ្លងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ៣៧០៥នាក់  ក្នុងនោះអ្នកជំងឺ ១ ០៦៤ នាក់ កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល៕ 
 

Tag:
 វ៉ាក់សាំង
 កាតព្វកិច្ច
 មន្ត្រីរាជការ
 យោធា
© រក្សាសិទ្ធិដោយ thmeythmey.com