កីឡាអន្តរជាតិ
អន្តរជាតិ
Mason អ្នកចាត់ការក្មេងជាងគេនៅ EPL ដឹកនាំ Spurs ឈ្នះនៅប្រកួតដំបូង
22, Apr 2021 , 2:36 pm        
រូបភាព
បាល់ប៉េណាល់ទីរបស់ Son Heung-min បានជួយឱ្យ Tottenham Hotspur វាយបកយកឈ្នះ  Southampton ២-១ ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី២១ ខែមេសា។ នេះជាជ័យជម្នះដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅវ័យក្មេង Ryan Mason ក្រោយឡើងជំនួស លោក Jose Mourinho ដែលត្រូវបញ្ចប់តំណែង។


Mason ដែលទើបមានវ័យ២៩ឆ្នាំ បានក្លាយជាអ្នកចាត់ការទូទៅក្មេងជាងគេក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស ក្រោយ Spurs ផ្តល់ការជឿជាក់សម្រាប់កៅអីដឹកនាំក្រុមបណ្តោះអាសន្នរហូតចប់រដូវកាលនេះ។
 
ប្រកួតដំបូង ក្រោយ Mourinho ត្រូវបញ្ចប់តំណែង អតីតខ្សែបម្រើមាន់ខ្នាយមាសរូបនេះ បានជួយក្រុមរកបាន៣ពិន្ទុតែម្តង។ Gareth Bale បានស៊ុតគ្រាប់តាមស្មើនៅនាទី៦០ បន្ទាប់ពី Danny Ings រកគ្រាប់នាំមុខសម្រាប់ Southampton នៅនាទី៣០នៃវគ្គទី១។ ដោយសារជំនួបសប្តាហ៍ទី៣៣នេះ មិនមានវត្តមាន Harry Kane ដូច Spurs ដែលទទួលបានបាល់ពិន័យ១១ម៉ែត្រនៅចុងម៉ោង ក្រោយអាជ្ញាកណ្តាលពិនិត្យ VAR តម្រូវឱ្យផ្តល់សិទ្ធិឱ្យ Son ជាអ្នករាប់រងការទាត់នេះ។ ខ្សែប្រយុទ្ធកូរ៉េខាងត្បូងធ្វើបានសម្រេចដោយជួយមាន់ខ្នាយមាសឈ្នះ ២-១។
 
តាមរយៈជ័យជម្នះនេះ Mason បានជួយ Spurs កើនដល់៥៣ពិន្ទ ឡើងទៅចំណាត់ថ្នាក់ទី៦ក្នុងតារាង Premier League ដើម្បីប្រជែងតំណែង Top 4 សម្រាប់កៅអី Champions League រដូវកាលក្រោយ។ 
 
ភារកិច្ចសំខាន់បន្ទាប់ទៀត អតីតខ្សែបម្រើអន្តរជាតិអង់គ្លេសនឹងត្រូវដឹកនាំក្រុមមាន់ខ្នាយមាសដណ្តើមពានរង្វាន់ EFL Cup ដោយត្រូវប៉ះ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែមេសានេះ។
 
ដោយឡែក Man City ឯណោះវិញ បន្ទាប់ពីយកឈ្នះ Aston Villa ដោយលទ្ធផល ២-១ រួចហើយនោះបានធ្វើឱ្យពួកគេកាន់តែកៀកក្នុងឈ្នះពានរង្វាន់ Premier League រដូវកាលនេះ។ ឆ្លងកាត់ការប្រកួត៣៣លើក ក្រុមមេឃខៀវរកបាន៧៧ពិន្ទុ នាំមុខក្រុមលេខ២ Manchester United ចំនួន១១ពិន្ទុ (Man Utd ទើបប្រកួត៣២លើក) ខណៈការប្រកួតនៅសល់៥លើកទៀតប៉ុណ្ណោះ៕
 

Tag:
 Ryan Mason
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com