ជាតិ
សុខភាព
កម្ពុជា បញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥លានដូសទៀត ពីចិន
11, May 2021 , 6:59 pm        
រូបភាព
អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កំពុងផ្តល់សម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាឱកាសទទួលវ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូស ដែលដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១១ឧសភា ឆ្នាំ២០២១។
អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កំពុងផ្តល់សម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាឱកាសទទួលវ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូស ដែលដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១១ឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូ វ៉ាក់(Sinovac)ចំនួន៥លានដូសទៀត ពីរដ្ឋាភិបាលប្រទេសចិន។ នេះជាការលើកឡើងរបស់អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចំពោះមុខអ្នកសារព័ត៌មានក្នុងពិធីទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស នាព្រឹកថ្ងៃទី១១ឧសភា។


បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាលដែលទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរូបនេះ កាលពីថ្ងៃទី១០ឧសភា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានចេញនូវសេចក្តីសម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសចិន របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន៥លានដូសទៀត។
 
អ្នកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា៖«ការសម្រេចបញ្ជាទិញវ៉ាក់សាំងចិន ចំនួន៥លានដូសបន្ថែមនេះ នឹងធ្វើឱ្យផែនការវ៉ាក់សាំងរបស់កម្ពុជាកើនឡើងដល់២៦លានដូស សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ១៣លាននាក់»។
 
គិតត្រឹមថ្ងៃទី១១ឧសភា កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សរុប ៤,៥២៤,០០០ដូស ដែលកំពុងចាក់ជូនប្រជាពលរដ្ឋ ខណៈវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងដឹកមកដល់កម្ពុជា ជាបន្តបន្ទាប់។ បើតាមអ្នកស្រី យក់ សម្បត្តិ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី១៦ឧសភា និង១លានដូសទៀត មកដល់នៅថ្ងៃទី២៦ឧសភា ឆ្នាំ២០២១។ តាមផែនការរៀបចំដោយរាជរដ្ឋាភិបាល  សម្រាប់មិថុនា កម្ពុជានឹងទទួលបាន៣លានដូសទៀត, ខែកក្កដា ទទួលបាន១លានដូស, ខែសីហា នឹងទទួលបាន ១លានដូស និងខែកញ្ញា ឆ្នាំ២០២១  នឹងទទួលបានវ៉ាក់សាំង ចំនួន ១,៥ លាន ដូស បន្ថែមទៀត។
 
បច្ចុប្បន្ន កម្ពុជា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ និងកងកម្លាំងយោធាបានចំនួន១,៨២៥,៤៨៨នាក់ហើយ ដែលស្មើនឹងជាង១៨ភាគរយនៃចំនួន១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ នេះបើយោងតាមតួលេខផ្សេងគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នៅថ្ងៃទី១០ឧសភា។ 
 
ក្នុងចំណោមមនុស្សជាង១,៨លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ  មានជិត៤៥ម៉ឺននាក់ ជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ។ រដ្ឋាភិបាលសម្រុកចាក់វ៉ាក់សាំងដល់អ្នកនៅតំបន់ក្រហម ក្នុងរាជធានីឱ្យអស់នៅក្នុងខែឧសភា ឆ្នាំ២០២១។  យោងតាមតាមទិន្នន័យ ដែលបង្ហាញដោយ Our World in Data តួលេខមធ្យមក្នុងរយៈពេល៧ថ្ងៃ បានបង្ហាញថា កម្ពុជាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រចាំថ្ងៃច្រើនជាងគេនៅតំបន់អាសស៊ីអាគ្នេយ៍ក្នុងចំណោមមនុស្ស១០០នាក់។ តួលេខនេះ គិតត្រឹមថ្ងៃទី៩ ឧសភា៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com