កីឡាអន្តរជាតិ
អន្តរជាតិ
N Sang កីឡាករគុនចម្រុះដ៏ល្បីរបស់មីយ៉ាន់ម៉ា ចេញមុខការពារមិត្តរួមអាជីព ដែលត្រូវយោធាចាប់ខ្លួន
11, May 2021 , 8:29 pm        
រូបភាព
Aung La N Sang កីឡាករគុនចម្រុះ (MMA) ដ៏ល្បីរបស់មីយ៉ាន់ម៉ា ចេញមុខការពារមិត្តរួមអាជីព Phoe Thaw ដែលត្រូវបានក្រុមយោធាចាប់ខ្លួន។ Phoe Thaw ត្រូវចាប់ខ្លួនបើទោះរូបគេរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកមួយអំឡុងពេលតវ៉ា។



បាតុកម្មប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ា នៅតែមិនស្រាកស្រាន្ត ដោយប្រជាជនមីយ៉ាន់ម៉ានៅតែប្រមូលផ្ដុំគ្នាតវ៉ានៅតាមទីក្រុងនានានៅស្ទើរទូទាំងប្រទេស បើទោះមានការបង្រ្កាបដោយហិង្សាកាន់តែខ្លាំងឡើងពីសំណាក់កម្លាំងយោធាក៏ដោយ។ 
 
វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាផ្ទុះឡើង បន្ទាប់ពីយោធាក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំងបានកាន់កាប់អំណាចដោយរដ្ឋប្រហារ និងឃុំខ្លួនមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសាន ស៊ូជី ចាប់តាំងពីខែកុម្ភៈមក។


កីឡាករ Phoe Thaw ដែលត្រូវយោធាមីយ៉ាន់ម៉ា​ចាប់ខ្លួន 

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌នាន AFP មានការបំផ្ទុះគ្រាប់បែកដើម្បីបំបែងហ្វូងតវ៉ានៅទីតាំងហាត់ប្រាណមួយកន្លែងក្នុងក្រុងយ៉ាំងហ្គោនកាលពីសប្តាហ៍មុន ដែលធ្វើឱ្យកីឡាករវាយក្នុងទ្រុង Phoe Thaw រងរបួស។ កីឡាករ MMA រូបនេះក៏ត្រូវយោធាមីយ៉ាន់ម៉ាចាប់ខ្លួនតែម្តង។
 
មុនពេលចាប់ខ្លួននោះ Phoe Thaw ស្ថិតក្នុងចំណោមមនុស្សល្បីឈ្មោះ និងអ្នកមានឥទ្ធិពលរាប់រយនាក់ដែលជាមុខសញ្ញារបស់របបយោធា។ ក្រុមយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ពួកគេពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមរបស់ពួកគេ។
 
Aung La N Sang អត្តពលិកល្បីឈ្មោះ និងជាបុគ្គលមានឥទ្ធិពលរបស់មីយ៉ាន់ម៉ាមួយរូបដែរនោះ បានចេញមុខរិះគន់យោធាជាសារណៈ ជុំវិញការចាប់ខ្លួនមិត្តរួមជាតិ និងអាជីពគុនចម្រុះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
 
«ខ្ញុំស្គាល់គាត់ [Phoe Thaw] យូរមកហើយ គាត់ជាមនុស្សសុភាពរាបសា និងមានចិត្តល្អ ... សូមព្យាយាមកុំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការស្អប់ខ្ពើម»។ នេះជាការអះអាងរបស់អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យម និងស្រាលរបស់ ONE Championship ដែលបច្ចុប្បន្នកំពុងស្នាក់នៅអាមេរិក។

I’m sadden by the news about my good friend ko Phoe Thaw. According to News sources, he was involved in a bombing...

Posted by Aung La Nsang(Burmese Python) on Thursday, 6 May 2021
យោងតាមក្រុមឃ្លាំមើលក្នុងតំបន់ ចាប់តាំងពីរដ្ឋប្រហារដោយយោធា ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង យ៉ាងហោចណាស់មានជនស៊ីវិលជិត៨០០នាក់ហើយបានសម្លាប់ និងរាប់រយនាក់ទៀតត្រូវបានចាប់ខ្លួន៕
 

Tag:
 Aung La N Sang
  MMA
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com