COVID-19
អន្តរជាតិ
WHO ស្នើប្រទេសអ្នកមានបញ្ឈប់ចាក់ការវ៉ាក់សាំងដល់ក្មេងៗ ដោយងាកទៅបរិច្ចាគឲ្យប្រទេសក្រីក្រវិញ
15, May 2021 , 7:29 pm        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ រូបភាព៖ AFP
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ រូបភាព៖ AFP
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១៤ ខែឧសភា បានអំពាវនាវឱ្យប្រទេសអ្នកមានបញ្ឈប់ការចាក់វ៉ាក់សាំងឱ្យក្មេងៗ ប៉ុន្តែត្រូវបរិច្ចាគវ៉ាក់សាំងឱ្យប្រទេសក្រីក្រវិញ។ ការជំរុញរបស់អង្គការសុខភាពពិភពលោកបែបនេះ ធ្វើឡើងស្របពេលប្រទេសក្រីក្រនៅតែបន្តខ្វះវ៉ាក់សាំងចាក់ឱ្យប្រជាជន ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលព្យាបាលអ្នកជំងឺកូវីដ-១៩។ 
 
ផ្នែកតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មានAFP វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជិត ១,៤ ពាន់លានដូស ត្រូវបានចាក់នៅក្នុងប្រទេស និងដែនដីចំនួន២១០ នៅជុំវិញពិភពលោក។ ៤៤ភាគរយ នៃវ៉ាក់សាំងទាំងអស់ ត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដែលមានប្រជាជនសរុបចំនួន ១៦ភាគរយ នៃប្រជាជនទាំងអស់។ ស្របគ្នានេះ បរិមាណវ៉ាក់សាំងត្រឹមតែ ០,៣ភាគរយនៃវ៉ាក់សាំងសរុបប៉ុណ្ណោះ ត្រូវបានចាក់នៅក្នុងប្រទេសមានចំណូលកម្រិតទាបបំផុតចំនួន ២៩ប្រទេស ដែលមានប្រជាជនសរុបចំនួន ៩ភាគរយ នៃប្រជាជនទាំងអស់។ 
 
ទាក់ទិននឹងបញ្ហានេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesusបានបង្ហាញការបារម្ភថា ប្រទេសអ្នកមាន បានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យក្មេងៗ និងយុវជន ខណៈប្រទេសក្រីក្រ ស្ទើរតែគ្មានវ៉ាក់សាំងចាក់ឱ្យក្រុមគ្រូពេទ្យ និងក្រុមប្រជាជនងាយរងគ្រោះ។ បើតាមការបញ្ជាក់របស់លោកTedros ប្រទេសអ្នកមានគួរតែបញ្ឈប់ការចាក់វ៉ាក់សាំងឱ្យក្រុមមនុស្សមានកម្រិតរងគ្រោះទាប និងចែកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឱ្យប្រទេសក្រីក្រជំនួសវិញ។ 
 
«ពេលនេះ ខ្ញុំជំរុញពួកគេឱ្យពិចារណា និងបរិច្ចាគវ៉ាក់សាំងប្រឆាំងកូវីដ-១៩ មកកម្មវិធី COVAX ជំនួសវិញ»។ ប្រមុខអង្គការ WHO បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា លោកក៏យល់ដែរ ពីមូលហេតុដែលប្រទេសអ្នកមានចង់វ៉ាក់សាំងឱ្យក្មេងៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ជាមួយគ្នានេះ លោកTedros បានបន្តថា វ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសក្រីក្រ មានមិនគ្រប់សម្រាប់ចាក់ឱ្យប្រជាជន និងក្រុមគ្រូពេទ្យឡើយ ខណៈពេលមន្ទីរពេទ្យ កំពុងមានអ្នកជំងឺកូវិដ-១៩ ជាច្រើន។ 
 
ដោយកូវីដ-១៩ បានបន្តវត្តមានចូលដល់ឆ្នាំទី២ ប្រធានអង្គការWHO រូបនេះ បានព្រមានយ៉ាងច្បាស់ៗថា កូវីដ-១៩ ក្នុងឆ្នាំ២០២១ អាចនឹងសម្លាប់មនុស្សច្រើនជាងឆ្នាំ២០២០ ទៅទៀត ព្រោះប្រទេសមួយចំនួន គ្មានវ៉ាក់សាំងចាក់គ្រប់គ្រង។ ការលើកឡើងរបស់អង្គការសុខភាពពិភពលោកបែបនេះ ធ្វើឡើងបន្ទាប់ពីអាមេរិក បានអនុម័តវ៉ាក់សាំងក្រុមហ៊ុន Pfizer សម្រាប់ក្មេងៗ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ ១៥ឆ្នាំ។ 
 
មកទល់ពេលនេះ តួលេខសរុបរបស់កូវីដ-១៩ បានកើនដល់ជាង ១៦២លានករណី និងអ្នកស្លាប់មានចំនួនជាង ៣,៣លាននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១៤០លាននាក់៕
 

Tag:
 WHO
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com