ជាតិ
សេដ្ឋកិច្ច
មន្រ្តី៖ កម្ពុជា មិនទាន់អាចផ្អាកផ្សាយគ្រឿងស្រវឹងទាំងស្រុងទេ តែអាចហាមផ្សាយបែបអូសទាញ
24, May 2021 , 9:40 am        
រូបភាព
ពលរដ្ឋចូលរួមរុះរើស្លាកគ្រឿងស្រវឹងតាមការណែនាំរបស់អភិបាលខេត្តកំពង់ស្ពឺ។ (រូបពី រដ្ឋបាលក្រុងច្បារមននិងស្រុក គងពិសី ខេត្តកំពង់ស្ពឺ)
ពលរដ្ឋចូលរួមរុះរើស្លាកគ្រឿងស្រវឹងតាមការណែនាំរបស់អភិបាលខេត្តកំពង់ស្ពឺ។ (រូបពី រដ្ឋបាលក្រុងច្បារមននិងស្រុក គងពិសី ខេត្តកំពង់ស្ពឺ)
ភ្នំពេញ៖ កម្ពុជា មិនទាន់អាចចាត់វិធានការផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងទាំងស្រុងឡើយ  ខណៈកម្ពុជា ក៏ពុំទាន់មានច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ អ្នកតាមដានសង្គម ប្រឹងទទូចឲ្យរដ្ឋាភិបាលពន្លឿនដំណើរការនៃសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ដែលជាប់គាំងតាំងពីឆ្នាំ២០១៥មក។




ស្ថិតក្នុងអំឡុងពេលនៃការរាតត្បាតកូវីដ-១៩ខ្លាំង រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកអាជីវកម្មនិងការជួបជុំ ហើយឈានដល់ផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងបណ្តោះអាសន្នទៀតផង។ ចំណាត់ការនេះ ទទួលបានការសារទរពីពលរដ្ឋ រួមទាំងអង្គការសង្គមស៊ីវិលផងដែរ។ សង្គមស៊ីវិលជិត៤០ មិនត្រឹមតែគាំទ្រទេ គឺស្នើបន្ថែមឲ្យរដ្ឋាភិបាលផ្អាកការផ្សាយគ្រឿងស្រវឹងជាអចិន្ត្រៃយ៍តែម្ដង និងរឹតបន្តឹងការលក់គ្រឿងស្រវឹង នៅក្រោយស្ថានភាពជំងឺកូវីដ-១៩ ស្រាកស្រាន្ត។ នៅថ្ងៃទី២១ឧសភា ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាអភិបាលខេត្តដំបូងគេ ដែលបញ្ជាឲ្យអាជ្ញាធររុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាគ្រប់ភេទ។
 
កម្ពុជា មិនទាន់អាចផ្អាកផ្សាយគ្រឿងស្រវឹងបានទាំងស្រុងទេ 

កម្ពុជាមិនទាន់មានច្បាប់ណាមួយហាមឃាត់ការផ្សាយគ្រឿងស្រវឹងទេ ហើយក៏មិនទាន់មានគោលបំណងក្នុងការហាមឃាត់ដែរ នៅពេលបច្ចុប្បន្ននេះ។ បញ្ហានេះ គឺត្រូវការរយៈពេលយូរ ក្នុងការសិក្សាស្រាវជ្រាវឲ្យស៊ីជម្រៅ ដែលមានលក្ខណៈវិទ្យាសាស្រ្ត ដើម្បីរកឲ្យឃើញថា គ្រឿងស្រវឹងនិងការផ្សាព្វផ្សាយបង្កផលប៉ះពាល់ក្នុងទំហំជាក់លាក់។ ប៉ុន្តែក្រសួងពាណិជ្ជកម្មមានគោលការណ៍ ដល់បណ្ដាក្រុមហ៊ុន ដោយហាមមិនឲ្យផ្សាយពាណិជ្ជកម្មស្រាបែបអូសទាញនិងផ្សាយឲ្យមានភាពសុក្រឹតត្រឹមត្រូវ។ ទាំងនេះ គឺជាការបកស្រាយរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ 
 
ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទ ជាមួយសារព័ត៌មានថ្មីៗ លោក ប៉ែន សុវិជាតិ បានពន្យល់ថា គ្រឿងស្រវឹងត្រូវចាត់ទុកជាទំនិញធម្មតា មិនមែនជាទំនិញដែលបង្ហាញថា មានគ្រោះថ្នាក់ មានជាតិពុលគីមី បណ្ដាឲ្យប៉ះពាល់សុខភាពនោះទេ។ លោកប្រៀបធៀបនឹងបារី ដែលត្រូវបានហាមឃាត់ការផ្សាយ ដោយសារអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល និង រដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា វាប៉ះពាល់ដល់សុខភាព រួមទាំងប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ និងការចំណាយរបស់រដ្ឋ លើការថែទាំសុខភាព។ ចំណែក គ្រឿងស្រវឹងវិញ លោកអះអាងថា មិនទាន់មានលក្ខណៈដូចបារីនៅឡើយទេ លុះត្រាតែមានភស្តុតាងវិទ្យាសាស្រ្តណាមួយ និងទំនោរជាទូទៅណាមួយ បញ្ជាក់ថា ប៉ះពាល់សុខភាព ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យធនសេដ្ឋកិច្ច ទើបមានការគិតគូរលើកការដាក់កំហិតណាមួយ ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ប៉ុន្តែមកដល់ពេលនេះ មិនមាននោះទេ។ 
 
ចំពោះការផ្សាយពាណិជ្ជកម្មបែបអូសទាញ លោក ប៉ែន សុវិជាតិ ទទួលស្គាល់ថា ក្រសួងពាណិជ្ជកម្មសង្កេតឃើញជាយូរមកហើយ ទាំងគ្រឿងស្រវឹង គ្រឿងសម្អាង និងឱសថផ្សេងៗ។ ហេតុដូច្នេះ ទើបកន្លងមកក្រសួងពាណិជ្ជកម្ម បានផ្ដួចផ្ដើមរៀបចំសេចក្ដីព្រាងច្បាប់អនុក្រឹត្យស្តីពី ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ខាងលើរួមហើយសំដៅលើទំនិញគ្រប់ប្រភេទ ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងទាមទារឲ្យអ្នកផ្សាយពាណិជ្ជកម្មមានសុចរិតភាព និងតម្លាភាព។ ដោយសារសេចក្ដីព្រាងអនុក្រឹត្យនេះ កំពុងរៀបចំសរសេរ មិនទាន់រួចរាល់ និងមិនទាន់ចូលជាធរមាន ទើបពិបាកក្នុងការចាត់វិធានការលើការផ្សាយពាណិជ្ជកម្ម។ 
 
មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ បញ្ជាក់ថា៖«ការផ្សាយពាណិជ្ជកម្ម គឺត្រូវផ្សាយឲ្យទៀងត្រង់ ការពិត ផ្សាយពីប្រសិទ្ធភាព មានអំណះអំណាងដោយសុចរិតភាព។ ហើយបើផ្សាយផ្ដល់រង្វាន់ គឺផ្ដល់ដោយតម្លាភាព។ ការរៀបចំអនុក្រឹត្យឡើង គឺដោយសារសង្កេតឃើញ មានការរផ្សាយអូសទាញ បញ្ចើចបញ្ចើ ទាំងគ្រឿងស្រវឹង ឡេលាប (គ្រឿងសម្អាង) ថ្នាំឱសថផ្សេងៗជាដើម ដែលធ្វើអ្នកប្រើប្រាស់ រមែងតែរងផលប៉ះពាល់ពីការផ្សាយបែបនេះ ជាក់ស្ដែងគឺការផឹកស្រាតាមយករង្វាន់...»។ 
 
ដើម្បីជៀសវាងកុំឱ្យសាធារណជន រងគ្រោះក្នុងការទិញទំនិញ ឬប្រើប្រាស់ផលិតផលអ្វីមួយ កម្ពុជាមានច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ ដែលត្រូវបានព្រះមហាក្រត្ សប្រកាសព្រះរាជក្រម ដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២វិច្ចិកា ឆ្នាំ២០១៩។ លោក ប៉ែន សុវិជាតិ លើកឡើងថា ច្បាប់នេះ គឺសម្រាប់ការងារអ្នកប្រើប្រាស់ មិនមែនគ្រប់គ្រងគ្រឿងស្រវឹង និងគ្រប់គ្រងការផ្សារពាណិជ្ជកម្មទាំងមូល ឬឲ្យលម្អិតនោះទេ។ ដូច្នេះ គឺត្រូវការបទដ្ឋានគតិយុត្តបន្ថែម ដើម្បីចាត់វិធានការលើការផ្សាយពាណិជ្ជកម្ម ពិសេស គឺសេចក្ដីព្រាងច្បាប់អនុក្រឹត្យស្តីពី ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ដែលកំពុងដំណើរការ។ 
 
ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានចែងនិយមន័យនៃអំពើមិនសុចរិត ដោយសំដៅលើធុរកិច្ចបោកបញ្ជោតអ្នកប្រើប្រាស់ ទោះមានចេតនា ឬអចេតនាក៏ដោយ ឲ្យតែទង្វើផ្សាយពាណិជ្ជកម្ម ឬការជំរុញការលក់ណា មានលក្ខណៈភាន់ច្រឡំ ការមិនបង្ហាញអ្នកប្រើប្រាស់នូវការសន្យា និងការរំពឹងទុក គឺជាអំពើមិនសុចរិត។ 
 
ចំពោះម្ចាស់អាជីវកម្ម ក្រុមហ៊ុនណាល្មើស ប្រព្រឹត្តអំពើមិនសុចរិត ទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ណាមួយ នឹងរងការព្រមានជាលាយលក្ខណ៍អក្សរ ព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ។ លើសពីនេះ ម្ចាស់អាជីវកម្មឬក្រុមហ៊ុននោះ នឹងរងការពិន័យជាប្រាក់ ក្រោម១លានរៀល ដល់៥០លានរៀល។ ប្រសិនបើអំពើមិនសុចរិតនេះ បង្កឲ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬបាត់បង់ជីវិត នឹងត្រូវជាប់ពន្ធនាគារ៦ខែ ដល់៥ឆ្នាំ។ 
 
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ បន្ថែមទៀតថា ចាប់តាំងពីចេញច្បាប់នេះ ក្រសួងពាណិជ្ជកម្ម បានហៅភាគីអាជីវកម្ម ក្រុមហ៊ុន ទៅណែនាំស្ដីពីការផ្សាយពាណិជ្ជកម្ម ហើយកន្លងមកក្រសួងក៏ធ្វើការជាមួយក្រុមហ៊ុនភេសជ្ជៈធំៗមួយចំនួន​ដែរ លើការផ្សាយពាណិជ្ជកម្មនេះ។ ប៉ុន្តែលោកសុំមិនបញ្ចេញឈ្មោះ ហើយក៏មិនបានបញ្ជាក់ ពីចំនួនក្រុមហ៊ុនដែលរងវិធានការនៃច្បាប់នេះដែរ ដោយអះអាងថាដដែលៗថា ត្រូវការបទដ្ឋានគតិយុត្តបន្ថែម។ ទន្ទឹមនឹងនេះ លោក ផ្តល់ព័ត៌មានថា ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំសេចក្ដីព្រាងច្បាប់ ពីការប្រកួតប្រជែងពាណិជ្ជ។ 

អត្ថបទទាក់ទង
 
កន្លងមក ក្រសួងសុខាភិបាលបានផ្ដួចផ្ដើមធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង ប៉ុន្តែត្រូវជាប់គាំងតាំងពីចាប់២០១៥ មកដល់បច្ចុប្បន្ន​។ ពាក់ព័ន្ធនឹងព័ត៌មានលម្អិត អំពីដំណើរនៃសេចក្ដីព្រាងច្បាប់នេះ សារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថធិប្បាយពី លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឡើយ ដោយសារលោកស្រី សុំមិនឆ្លើយតបនឹងរឿងរ៉ាវនេះ។ 
 
លោក ប៉ែន សុវិជាតិ ថ្លែងថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះ គឺពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្ម ព្រោះជាប់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការប្រជុំពិភាក្សាគ្នាជារួមនៅឡើយទេ។ 
 
លោក មានប្រសាសន៍ថា៖«សេចក្ដីព្រាងច្បាប់បឋមនៅក្រសួងសុខាភិបាលនៅឡើយនោះទេ...មកដល់ពេលនេះ សេចក្ដីព្រាងច្បាប់នេះ មិនទាន់បានលើកមកប្រជុំពិភាក្សាប្រមូលធាតុផ្សំធំរួមចូលគ្នានៅឡើយទេ។ សូម្បីក្រុមការងារយើង ក៏ត្រូវការប្រមូលធាតុផ្សំសួរអ្នកប្រើប្រាស់  ផលិត មតិមហាជនជាដើម»។ 
 
ជុំវិញសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាយល់ថា ទោះបីសេចក្ដីព្រាងគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ចេញក៏ដោយ អាជ្ញាធរនៅតែអាចចាត់វិធានការ លើការផ្សាយពាណ្ជកម្មយ៉ាងផុសផុល និងជំរុញហួសហេតុ គ្មានក្រមសីលធម៌ រួមទាំងការប្រើពាក្យពេចន៍ និងរូបភាពទាំងឡាយណា ដែលធ្វើឲ្យអ្នកមើល ចង់សេពគ្រឿងស្រវឹង។ លោក មើលឃើញទៀតថា អាជ្ញាធរ ក៏អាចចាត់វិធានការពន្យារពេលបន្ថែម ឬកំណត់ម៉ោង លើការផ្សាយពាណិជ្ជគ្រឿងស្រវឹង និងការលក់ផងដែរ។  
 
លោក ប៉ា ចន្ទរឿន សង្កត់ធ្ងន់ថា គ្រឿងស្រវឹង ជះឥទ្ធិពលមិនល្អដល់សង្គមច្រើន សូម្បីគ្រោះថ្នាក់ចរាចរណ៍ ក៏បណ្តាលមកពីគ្រឿងស្រវឹងដែរ។ លោក យល់ថា ប្រសិនបើមិនដោះស្រាយទាន់ពេលនេះទេ វា នឹងនាំឲ្យអ្នកសេពគ្រឿងស្រវឹង ហួសប្រមាណ មានកាន់តែច្រើនឡើង។
 
លោក ថ្លែងយ៉ាងដូច្នេះថា៖ «សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង ជាប់គាំងដោយមិនដឹងមូលហេតុច្បាស់លាស់ ហើយរដ្ឋាភិបាល គួរពិនិត្យចំណុចនេះឡើងវិញ ធ្វើយ៉ាងពន្លឿនដំណើរការ ដោយសារច្បាប់នេះ ជួយកាន់បន្ថយភាពអនាធិបតេយ្យនៃគ្រឿងស្រវឹង។ បើទោះបី មិនទាន់មានច្បាប់នេះ ក៏រដ្ឋអាចប្រើអំណាចដែលរាស្រ្តឲ្យ ចាត់វិធានការលើករណីនេះបាន ជាក់ស្ដែង»។ 
 
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា ការផ្អាកផ្សាយទាំងស្រុង គឺមិនអាចទៅរួមឡើយ បណ្ដាប្រទេលផ្សេងៗលើពិភពលោក ក៏មិនអាចធ្វើបានដែរ។ ពាក់ព័ន្ធនឹងការយឺតយ៉ាវនៃដំណើរការសេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះ លោក ប្រាប់ឲ្យសួរទៅក្រសួងសុខាភិបាល ដែលផ្តួចផ្ដើមធ្វើ និងក្រសួងពាក់ព័ន្ធផ្សេងទៀត។ 
 
«យើងដឹងហើយថា ប៉ុន្មានភាគរយដែលត្រូវការគ្រឿងស្រវឹង‌? ច្បាប់ណាដែលប្រឆាំងនឹងសេរីភាពពលរដ្ឋ យើងពិបាកធ្វើ ត្រូវសិក្សាឲ្យបានស៊ីជម្រៅ ព្រោះគ្រឿងស្រវឹងពាក់ព័ន្ធសេចក្ដីត្រូវការរបស់ពលរដ្ឋ សេដ្ឋកិច្ច និងចំណូលរបស់ពលរដ្ឋដែរ។ វាមានការគិតគូរវែងឆ្ងាយលើរឿងហ្នឹង ឲ្យបិទ [ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុង] គឺមិនអាចបិទទេ​តាមយោបល់ខ្ញុំ ប៉ុន្តែកំពុងស្រាវជ្រាវនិងគិតគូរ»។ នេះបើលោក ផៃ ស៊ីផាន ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ដោយបញ្ជាក់ថា លោកក៏មិនដឹងច្បាស់ដែរថា ដំណើរការសេចក្ដីព្រាងច្បាប់នេះដល់ណាហើយនោះ។ 
 
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា អះអាងនៅថ្ងៃទី២២ខែឧសភា ថាមិនទាន់ដល់ពេល ដែលរដ្ឋសភា ជំរុញឲ្យពន្លឿននៃដំណើរការសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងនេះទេ។ លោកថា កិច្ចការនេះ គឺត្រូវប្រើពេលវេលាយូរ ដើម្បីស្រាវជ្រាវ។ 
 
តើរដ្ឋសភា នឹងជួយជំរុញបែបណា ក្នុងដំណើរការសេចក្ដីព្រាងច្បាប់ ស្តីពីគ្រប់គ្រងផលិតផលគ្រឿងស្រវឹងនេះ? លោក ប៉េងឡុង ឆ្លើយដូច្នេះថា៖«ខាងរដ្ឋាភិបាល កំពុងធ្វើការ ច្បាប់នីមួយៗ គឺយើងត្រូវការឆ្លងការពិភាក្សាច្រើនបែបច្រើនយ៉ាងណាស់។ យើងមិនអាចទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រដ្ឋាភិបាលបានទេ។ យើងមិនទាន់ដល់ពេល ជំរុញបញ្ហាហ្នឹងទេ ព្រោះរឿងហ្នឹងរដ្ឋាភិបាល កំពុងធ្វើការយ៉ាងមមាញឹកដែរ»។ 
 
ការប្រើប្រាស់គ្រឿងស្រវឹង ត្រូវបានគេចាត់ទុកថា ជាមូលហេតុទី២ ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍៕ 
 
 

Tag:
 គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com