កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង និងវិសាខា ព្រមព្រៀងគ្នាបញ្ចប់ករណីរើសអើងលើកីឡាករ Privat
25, May 2021 , 3:39 pm        
រូបភាព
ភ្នំពេញ៖ ក្លិបព្រះខ័នរាជស្វាយរៀង និងវិសាខា ព្រមព្រៀងគ្នាបញ្ចប់ករណីរើសអើងលើកីឡាករ Privat ហើយ ក្រោយពីមានកិច្ចសម្របសម្រួលពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី២៥ មេសានេះ។ កីឡាករ Privat Mbarga ខ្សែប្រយុទ្ធក្លិបព្រះខ័នរាជស្វាយរៀង បានអះអាងថា កីឡាករក្លិបវិសាខាម្នាក់ បានប្រើពាក្យសម្តីរើសអើងខ្លួន នៅក្នុងអំឡុងកាលប្រកួតពានរង្វាន់មិត្តហ្វូន កាលពីថ្ងៃទី២៣ ឧសភា។


 
លោក កែវ សារ៉េត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា កីឡាករក្លិបទាំងពីរ បានត្រូវរ៉ូវគ្នាវិញហើយ ក្រោយពីFFC បានប្រជុំពិភាក្សាស្រាវជ្រាវ និងសម្របសម្រួលលើករណីរើសអើងនេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក កែវ សារ៉េត បានបញ្ជាក់យ៉ាងខ្លីថា៖«ខាងសហព័ន្ធយើង មិនមានការដាក់ពិន័យអ្វីលើពួកគេទេ យើងគ្រាន់តែឱ្យពួកគេសម្របសម្រួលបញ្ចប់ប៉ុណ្ណោះ។ ហើយបន្តិចយើងនឹងចេញសេចក្តីថ្លែងការណ៍លម្អិតលើករណីនេះ»។ 
 
គួរបញ្ជាក់ថា ក្រោយជំនួប ជាមួយក្លិបវិសាខា កាលពីថ្ងៃទី២៣ ឧសភានោះ ខ្សែប្រយុទ្ធសញ្ជាតិកាម៉េរូន Privat Mbarga បានសរសេរលើហ្វេសប៊ុកខ្លួនថា មានកីឡាករវិសាខាម្នាក់ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ដោយមានការរើសអើងមកលើរូបគេ។ Privat Mbarga បានសង្កត់ធ្ងន់ថា កីឡាករវិសាខាម្នាក់នោះ បានប្រើប្រាស់ពាក្យរើសអើងព័ណ៌សម្បុរមកលើរូបខ្លួន ជាច្រើនលើកច្រើនសារទៀតផង។
 
ខ្សែប្រយុទ្ធក្លិបព្រះខ័នរាជស្វាយរៀងរូបនេះ បានសរសេរជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរដូច្នេះថា៖«អាខ្មៅចង្រៃ (you’re a f*…k black guy)»។
 
សម្រាប់ Privat Mbarga ការរើសអើងព័ណ៌សម្បុរបែបនេះ ជារឿងមួយដែលមិនអាចទទួលយកបានឡើយ។ «ខ្ញុំជឿជាក់ថា គួរតែមានការដាក់ពិន័យ(លើកីឡាករវិសាខា) ពីព្រោះវាគ្មានកន្លែងរើសអើសនៅក្នុងវិស័យបាល់ទាត់ ឬក្នុងជីវិតនោះទេ។ ពួកយើងគ្រប់គ្នាសុទ្ធតែជាមនុស្ស ដោយមិនសំដៅតែលើព័ណ៌សម្បុរនៃស្បែករបស់យើងនោះឡើយ»។ នេះជាការលើកឡើងរបស់ Privat Mbarga ខ្សែប្រយុទ្ធក្លិបព្រះខ័នរាជស្វាយរៀង៕

អត្ថបទទាក់ទង

Tag:
 បាល់ទាត់
  Privat Mbarga
© រក្សាសិទ្ធិដោយ thmeythmey.com