COVID-19
ជាតិ
២៦០ករណីនៅភ្នំពេញ ភាគច្រើនជាអ្នកនៅផ្សារតូច និងកម្មកររោងចក្រស៊ូមិនៅខណ្ឌកំបូល
25, May 2021 , 7:29 pm        
រូបភាព
រាជធានីភ្នំពេញ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់បន្ថែមទៀត នៅថ្ងៃទី២៤ឧសភា ដែលភាគច្រើនជាពលរដ្ឋរស់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ករណីវិជ្ជមាន ដែលត្រូវបានរកឃើញច្រើនដែរនោះ គឺលើកម្មករោងចក្រស៊ូមី ដែលមានទីតាំងនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។ នេះបើតាមសេចក្តីជូនដំណឹងប្រចាំថ្ងៃទី២៥ ឧសភា របស់រដ្ឋបាលរាជធានីភ្នំពេញ។

 
 
ទារក និងកុមារ សុរប៤៨នាក់ ស្ថិតក្នុងចំណោមអ្នកវិជ្ជមានដែលត្រូវបានរកឃើញ នៅថ្ងៃទី២៤ ឧសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានឱ្យដឹងថា សង្ឃ៦អង្គ គង់នៅវត្តសារាវ័នតេជោ និងអ្នកពាក់ព័ន្ធ៤នាក់ ក៏មានតេស្តវិជ្ជមានកូវីដ-១៩ដែរ។ 
 
របាយការណ៍បានបង្ហាញថា ខណ្ឌឫស្សី មានអ្នកឆ្លងច្រើនជាងគេ ដោយមានពលរដ្ឋដល់ទៅ ១៣៥នាក់ឯណោះ ហើយពួកគេមានទីលំនៅនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១។ បន្ទាប់មកគឺខណ្ឌស្ទឹងមានជ័យ ដែលមានអ្នកឆ្លងសរុប ៣៣នាក់ ជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ ១, ស្ទឹងមានជ័យ ២, ស្ទឹងមានជ័យ ៣។ 
 
ពលរដ្ឋចំនួន២៩នាក់ រស់នៅសង្កាត់កន្ទោក ខណ្ឌកំបូល   ជាកម្មកររោងចក្រស៊ូមិ រោងចក្រព្រីមីដូច និងរោងចក្រយូជុង។ ២៤នាក់រស់នៅខណ្ឌពោធិ៍សែនជ័យ, ១៣នាក់នៅខណ្ឌដូនពេញ, ១២នាក់នៅខណ្ឌសែនសុខ, ៧នាក់នៅខណ្ឌទួលគោក។ នៅខណ្ឌច្បារអំពៅ និងខណ្ឌដង្កោមាន២នាក់រៀងខ្លួន ខណៈខណ្ឌ៧មករា ព្រែកព្នៅ និងខណ្ឌចំការមន រកឃើញ១នាក់រៀងខ្លួនដែរ។ 
 
សូមជម្រាបថា កម្ពុជា​មានករណីឆ្លងថ្មីចំនួន ៥៦៨នាក់ នៅថ្ងៃទី២៤ ឧសភា ក្នុងនោះមាន ២៨នាក់ជាករណីនាំចូល។  ទន្ទឹមនឹងនេះ ក៏មានអ្នកជំងឺ ៦៦៣នាក់​ បានជាសះស្បើយ ខណៈអ្នកស្លាប់ដោយសារកូវីដ-១៩ មាន ៤នាក់បន្ថែម​ ដែលធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ១៨៣នាក់។  គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៦៣២៩នាក់ ដោយសះស្បើយមាន ១៩ ០២២នាក់៕
 
 
 

Tag:
 ភ្នំពេញ
 ផ្សារតូច
 ឫស្សី
 កំបូល
 កម្មកររោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com