កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋបាលលោក បៃឌិន គាំទ្រការបន្តរៀបចំអូឡាំពិកតូក្យូ
27, May 2021 , 8:29 am        
រូបភាព
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២៥ ខែឧសភា ប្រកាសគាំទ្រការបន្តដំណើរការព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ បើទោះមានការព្រមានពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដែលប្រឈមករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ក៏ដោយ។ អាមេរិកថែមទាំងជំរុញអត្តពលិកខ្លួនឱ្យចូលរួមប្រកួតប្រជែងនៅកីឡារដូវក្តៅនេះដោយស្មារតីអូឡាំពិកទៀតផង។



បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់អាមេរិកម្នាក់បានអះអាងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អាមេរិកនៅតែប្រកាន់ជំហរមិនផ្លាស់ប្តូរក្នុងការចូលរួមអូឡាំពិកដែលបានពន្យាមួយឆ្នាំនេះឡើយ។
 
មន្ត្រីខាងលើសង្កត់ធ្ងន់ថា៖ «យើងបានដឹងច្បាស់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្នរបស់រដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងការត្រៀមសម្រាប់អូឡាំពិកក្រុងតូក្យូនៅរដូវក្តៅនេះ។ រដ្ឋាភិបាលជប៉ុនក្នុងនាមម្ចាស់ផ្ទះធ្លាប់ធានាពីសុខភាពសាធារណៈ ជាពិសេសអត្តពលិក និងមន្ត្រីដែលចូលរួមព្រឹត្តិការណ៍កីឡានេះ»។
 
ការអះអាងខាងលើ កើតឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៤ ខែឧសភា បានព្រមានពលរដ្ឋខ្លួនចៀសវាងការធ្វើដំណើរទៅប្រទេសជប៉ុន ស្របពេលប្រទេសនេះកំពុងញាំញីដោយជំងឺរាតត្បាតបំប្លែងថ្មីគួរបារម្ភ។
 
តាមពិតទៅ ការណែនាំរបស់ក្រសួងការបរទេសអាមេរិក មិនសំដៅលើផែនការចូលរួមអូឡាំពិករបស់អត្តពលិកខ្លួននោះទេ ប៉ុន្តែព្រមានប្រឆាំងនឹងអ្នកចង់ទៅទស្សនាការប្រកួតនៅជប៉ុនប៉ុណ្ណោះ។ ស្របពេលគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកក៏បានបន្ថែមថា មានចំនួនអ្នកទេសចរអាមេរិកតិចតួចណាស់ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនសម្រាប់ការប្រកួតកីឡាពិភពលោកនេះ។
 
ទាំងរដ្ឋាភិបាលជប៉ុន និងមន្ត្រីរៀបចំអូឡាំពិក សន្យាថាការប្រកួតកីឡាលំដាប់ពិភពលោករដូវកក្តៅ នឹងបន្តដំណើរការទៅមុខតាមការគ្រោងទុកនៅថ្ងៃទីខ២៣ ខែកក្កដា បើទោះការស្ទង់មតិបង្ហាញថាប្រជាជនជប៉ុនភាគច្រើនចង់ឲ្យព្រឹត្តិការណ៍កីឡានេះ លុបចោល ឬពន្យារពេលជាថ្មី ដោយបារម្ភពីការឆ្លងកូវីដ-១៩។
 
គិតត្រឹមថ្ងៃទី២៦ ខែឧសភា ជប៉ុនមានករណីឆ្លងកូវីដ-១៩ ជាង៧២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង ១២ពាន់នាក់ នឹងសះស្បើយជាង៦៤ម៉ឺននាក់។ ជប៉ុន ទើបផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនមិនដល់ ៥ ភាគរយផង ដែលនេះជាអត្រាទាបបំផុតក្នុងចំណោមបណ្តាប្រទេសអ្នកមាន នៅលើពិភពលោក៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com