កីឡាអន្តរជាតិ
អន្តរជាតិ
Moreno អបអរគ្រាប់បញ្ចូលទី Man Utd តាមរបៀបចាក់វាក់សាំងកូវីដ-១៩ ដើម្បីរំលឹកគុណគ្រូពេទ្យ
27, May 2021 , 9:39 am        
រូបភាព
Gerard Moreno ដែលរកគ្រាប់ឱ្យក្រុម Villarreal នាំមុខ Manchester United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League បានអបអរគ្រាប់បាល់របស់ខ្លួនដោយបង្ហាញពីរបៀបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ Moreno បានសន្យាធ្វើបែបនេះ នៅក្នុងកម្មវិធីទូរទស្សន៍អេស្ប៉ាញនៅមុខការប្រកួត។


នាកីឡដ្ឋាន Polsat Plus Arena Gdansk ប្រទេសប៉ូឡូញ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Moreno ជាអ្នករកគ្រាប់បាល់បញ្ចូលទីនាំមុខនៅនាទីទី២៩ សម្រាប់ក្រុមលោក Unai Emery មុនពេល Edinson Cavani តាមស្មើឱ្យ Man Utd វិញនៅនាទី៥៥។
 
ដោយលទ្ធផល ១-១ នៅរក្សារហូតដល់បញ្ចប់ការថែមម៉ោង១៥នាទីពីរលើក ក្រុមទាំងពីរបានឈានដល់ការកាត់សេចក្តីដោយទាត់បាល់ប៉េណាល់ទី។ Villarreal បានក្លាយជាជើងឯក Europa League ក្រោយឈ្នះគ្រាប់ប៉េណាល់ទី១១គ្រាប់ ទល់និង១០។ 
 
អ្វីដែលជារឿងគួរចាប់អារម្មណ៍ Moreno បានបង្ហាញការគោរពចំពោះក្រុមគ្រូពេទ្យដែលមើលថែអ្នកជំងឺកូវីដ-១៩ តាមរយៈការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួនពីរបៀបចាក់វាក់សាំង។ កាយវិការបស់កីឡាករវ័យ២៩ឆ្នាំរូបនេះ ចង់ប្រាប់ពិភពលោកពីសារៈសំខាន់នៃការចាក់វ៉ាកសាំងដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដែលរាតត្បាតកាន់តែខ្លាំងឡើងនៅប្រទេសមួយចំនួន។
 
អតីតកីឡាករ Espanyol ដែលធ្លាប់បានសន្យាធ្វើបែបនេះនៅពេលរូបគេរកគ្រាប់បាល់បាន ក្នុងកម្មវិធីទូរទស្សន៍មួយរបស់អេស្ប៉ាញដែលរូបគេបានចូលរួមនៅមុនជំនួបវគ្គផ្តាច់ព្រ័ត្រអឺរ៉ុប បាននិយាយបែបលេងសើចក្រោយចប់ការប្រកួតថា៖ «មិនអីទេបើទោះបីជា UEFA ពិន័យខ្ញុំ ពីរបៀបដែលខ្ញុំធ្វើដូចការប្រើប្រាស់គ្រឿងញៀនក៏ដោយ។ ចាំមើលថាតើពួកគេនឹងគិតថាខ្ញុំកំពុងធ្វើអ្វី?»។
 
នេះជាការឈ្នះឯក Europa League ជាលើកដំបូងរបស់ Villarreal ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Emery។ ប៉ុន្តែនេះជាពានលំដាប់ទី២អឺរ៉ុបគ្រូសញ្ជាតិអេស្ប៉ាញទទួលបានជាលើកទី៤ ក្នុងអាជីពជាអ្នកចាត់ការទូទៅ៕
 

Tag:
 Europa League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com