COVID-19
ជាតិ
សង្គមជាតិ
ឥណ្ឌា នៅបន្តកើនឡើងអ្នកឆ្លងកូវីដ-១៩ ខណៈចិន ដែលផ្ទុះជំងឺមុនគេ ធ្លាក់មកលេខរៀង៩៨
30, May 2021 , 8:59 pm        
រូបភាព
 
គិតត្រឹមថ្ងៃទី៣០ ឧសភានេះ អ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក ជាង១៧០នាក់ហើយ ខណៈអាមេរិកឈរនៅលេខរៀងទី១ ដោយមានអ្នកជំងឺជាង៣៤លាននាក់។ ចំណែកឥណ្ឌា ឈរនៅលំដាប់ទី២ ដោយមានអ្នកឆ្លងកូវីដ-១៩ ជាង២៧លាននាក់ ខណៈចិន ដែលផ្ទុះកូវីដ-១៩ មុនគេ ស្ថិតនៅលេខរៀងទី៩៨ ដែលមានអ្នកជំងឺជាង៩ម៉ឺននាក់។



ឥណ្ឌា ដែលកំពុងរងគ្រោះដោយសារកូរ៉ូណាវិរុសបំប្លែងខ្លួនថ្មី «Double Mutant» នៅតែបន្តកើនឡើងនូវអ្នកជំងឺកូវីដ-១៩ ។ ជាក់ស្ដែងនៅថ្ងៃនេះ ឥណ្ឌា មានឆ្លងកូវីដ-១៩ ជាង១ពាន់នាក់។ តួលេខឆ្លងនេះ បង្ហាញថា ស្ថានភាពឆ្លងនៅឥណ្ឌា មានសភាពថមថយបន្តិចហើយ ព្រោះដំណាក់កាលដំបូង នៃការផ្ទុះកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី «Double Mutant» នេះ បានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ឆ្លង និងស្លាប់រាប់ពាន់នាក់ក្នុងមួយថ្ងៃ។

កូរ៉ូណាវីរុសបំប្លែងខ្លួន ដែលមានទម្រង់Double Mutant នេះ ត្រូវបានរកឃើញក្នុរដ្ឋ Maharashtra របស់ឥណ្ឌា។ Double Mutant កើតឡើងដោយសារតែការរួមបញ្ជូលគ្នានៃកូរ៉ូណាវីរុសបំប្លែងខ្លួនទម្រង់ E484Q និងទម្រង់L452។ តែយ៉ាងណាវេជ្ជបណ្ឌិតឥណ្ឌា លោក Kamil បានអះអាងថា មិនមែនតែវីរុសឆ្លងខ្លាំងទេ ប៉ុន្តែសកម្មភាពមនុស្ស នៃការប្រមូលផ្ដុំ ឬជួបជុំ ក៏ជាហេតុផលមួយធ្វើឱ្យមានការរីកសាយនៃកូរ៉ូណាវីរុសផងដែរ។
កន្លងមកអាជ្ញាធរឥណ្ឌា ចេញវិធានការបិទកន្លែងលក់ទំនិញ, រោងភាពយន្ត, បារ, ភោជនីយដ្ឋាននៅក្នុងរដ្ឋមានជាងគេនៅឥណ្ឌា ។ ទន្ទឹមនេះ រដ្ឋាភិបាល ក៏បានដាក់ចេញបម្រាមគោចរចាប់ពីម៉ោង ៨យប់ ដល់ម៉ោង៧ព្រឹកផងដែរ។

បច្ចុប្បន្នឥណ្ឌា ឈរនៅលេខរៀងទី២ ដោយមានអ្នកជំងឺកូវីដ-១៩ ច្រើនជាងលើពិភពលោក។ ឥណ្ឌាមានឆ្លងជាង២៧លាននាក់ ជាសះស្បើយជាង២៥នាក់ និងជាង២លាននាក់កំពុងសម្រាកព្យាបាលជំងឺ និងស្លាប់ជាង៣២ម៉ឺននាក់។
អត្ថបទទាក់ទង

កូវីដ-១៩ ត្រូវបានគេរកឃើញនៅចិន និងប្រកាសជាផ្លូវការនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩។ អំឡុងពេលផ្ទុះឡើងភ្លាមៗដំបូងប្រទេសចិន មានអ្នកជំងឺរាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ នៅក្នុងមួយថ្ងៃៗ ។ មិនតែប៉ុណ្ណោះជំងឺកូវីដ-១៩នេះ ក៏បានឆ្លងរីករាលទូទាំងពិភពលោកទៀតផង។ តែយ៉ាងណាចិន ដែលផ្ទុះកូវីដ-១៩ មុនគេនេះ បានគ្រប់គ្រង និងទប់ស្កាត់ជំងឺកាចសាហាវនេះ ទាន់ពេលវេលា។

ក្នុងនោះរដ្ឋាភិបាលចិន បានអនុវត្តវិធានតឹងរឹង តាមរយៈការបិទទីតាំងសំខាន់ៗ, ធ្វើតេស្តលើពលរដ្ឋជាលក្ខណៈទ្រង់ទ្រាយធំ, ដាក់ពិន័យលើអ្នកមិនអនុវត្តតាមការណែនាំ និងរៀបចំកន្លែងដាក់អ្នកជំងឺកូវីដ-១៩ ដោយឡែកតាមស្ថានការណ៍។ ជាពិសេសចុងក្រោយនេះ ចិនបានរកឃើញវ៉ាក់សាំង សម្រាប់ចាក់ការពារប្រជាជនខ្លួនផង។ជាក់ស្ដែងចិន មានអ្នកឆ្លងថ្មីតែ១១នាក់ប៉ុណ្ណោះ នៅថ្ងៃទី៣០ ឧសភានេះ។

ក្រោយគ្រប់គ្រងស្ថានការណ៍បាននេះ ចិនមានជំងឺកូវីដ-១៩ ជាង៩,១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤,៦ពាន់នាក់ និងជាសះស្បើយ ៨,៦ ម៉ឺននាក់ ខណៈជាង៣០០នាក់ទៀត កំពុងសម្រាកព្យាបាល។ បើតាមរបាយការណ៍ចិន វ៉ាក់សាំងជាង៦០២លានដូសហើយ បានចាក់លើប្រជាជនខ្លួន គិតត្រឹមថ្ងៃទី២៩ ឧសភា។ ប៉ុន្តែរបាយការណ៍មិនបានលម្អិតពីចំនួនមនុស្សសរុប ដែលបានចាក់វ៉ាក់សាំងនេះឡើយ។

ដោយឡែកឥណ្ឌាវិញ បានប្រើប្រាស់វ៉ាក់សាំងជាង២០៣លានដូស ចាក់លើប្រជាជន ក្នុងនោះពលរដ្ឋឥណ្ឌា ជាង៤២លាននាក់ បានចាក់គ្រប់ចំនួនដូស ដែលស្មើនឹង៣ភាគរយនៃប្រជាជនសរុបជិត១,៤០០នាក់។ រីឯអាមេរិក បានចាក់វ៉ាក់សាំងជាង២៩២លានដូសឱ្យប្រជាជន ក្នុងនោះពលរដ្ឋ១៣៤លាននាក់ បានចាក់គ្រប់ដូស ដែលស្មើនឹង៤០ភាគរយ នៃប្រជាជនសរុបជាង៣៣២លាននាក់។ បច្ចុប្បន្ននេះ អាមេរិក ឈរនៅលេខ១ ដែលមានប្រជាជនឆ្លងកូវីដ-១៩ ច្រើនជាងគេ សរុបជាង៣៤លាននាក់ ហើយអ្នកជាសះស្បើយជាង២៧លាននាក់ កំពុងសម្រាកព្យាបាលជាង៥លាននាក់ និងស្លាប់ជាង៦ពាន់នាក់៕


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com