COVID-19
ជាតិ
ករណីកូវីដ-១៩ប្រចាំថ្ងៃ​ពី១៦ខេត្ត៖ ព្រៃវែង ​តាកែវ​ បន្ទាយមានជ័យ មានអ្នកឆ្លងច្រើនជាងគេ ​
01, Jun 2021 , 5:35 pm        
រូបភាព
បណ្តាខេត្តចំនួន១៦ បានផ្សព្វផ្សាយការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តរបស់ខ្លួន នៅថ្ងៃទី៣១ ឧសភា ខណៈរាជធានីភ្នំពេញ និងខេត្តមិនមានរបាយការណ៍នោះឡើយ។ រីឯខេត្តកណ្តាល ក៏ខេត្តទាំងនោះមាន ខេត្តព្រៃវែង, តាកែវ, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, ស្វាយរៀង, ពោធិ៍សាត់, បាត់ដំបង, សៀមរាប, កំពង់ធំ, ឧត្តរមានជ័យ, ប៉ៃលិន, ស្ទឹងត្រែង ​​កោះកុង,ត្បូងឃ្មុំ និងរតនគិរី។


ព្រៃវែង៖ ៦៥នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុត
 
រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញមនុស្ស ៦៥នាក់ មានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស នៅថ្ងៃទី៣១ ឧសភា។ គឺជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុត សម្រាប់ខេត្តនេះ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត អ្នកឆ្លងភាគច្រើនជាកម្មកររោងចក្រ និងជាអ្នកដែលធ្លាប់ប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ-១៩កន្លងមក។ ក្នុងចំណោមអ្នកវិជ្ជមានសរុប មាន ២៦នាក់ នៅស្រុកព្រះស្តេច, ១៤នាក់នៅស្រុកបាភ្នំ , ១៣នាក់នៅក្រុងព្រៃវែង , ៧នាក់នៅស្រុកមេសាង, ៤នាក់នៅស្រុកពាមជរ និង១នាក់នៅស្រុកកំពង់ត្របែក។ ខេត្តព្រៃវែង មានអ្នកកើតកូវីដ-១៩ សុរប ៤៥៩នាក់ ក្នុងនោះសះស្បើយ ១៩៦នាក់ ស្លាប់៥នាក់ និងអ្នកជំងឺ ២៥៨នាក់កំពុងបន្តព្យាបាល។ 
 
តាកែវ៖ ៥០នាក់ ភាគច្រើនជាអាជីវករ

រដ្ឋបាលខេត្តតាកែវ បន្តរកឃើញមនុស្ស ៥០នាក់បន្ថែមទៀត ឆ្លងកូវីដ-១៩ ក្នុងនោះមានទារក និងកុមារអាយុក្រោម១៥ឆ្នាំ៨នាក់ផងដែរ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ អ្នកឆ្លងថ្មីភាគច្រើនជាអាជីវករផ្សារត្រពាំងអណ្តើក ផ្សារសំរោងយ៉ោង និងផ្សារសៃវ៉ា។ ក្រៅពីគឺជាកម្មកររោងចក្រ កសិករ បុគ្គលិកកាស៊ីណូ និងសិស្សជាដើម។  ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥០នាក់នេះ មាន២២នាក់ រស់នៅស្រុកត្រាំកក់, ១៦នាក់នៅស្រុកបាទី, ៨នាក់នៅស្រុកព្រៃកប្បាស,  ២នាក់នៅស្រុកទ្រាំង និង២នាក់ទៀតនៅស្រុកសំរោង ខេត្តតាកែវ។
 
បន្ទាប់ពីផ្ទុះករណីឆ្លងលើអាជីវករ រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី៣១ ឧសភា បានសម្រេចផ្អាកបណ្តោះអាសន្នការលក់ដូរ នៅផ្សារសៃវ៉ា ស្ថិតក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខណៈការលក់ដូរនៅផ្សារត្រពាំងអណ្តើក ស្ថិតក្នុងភូមិទួលខ្លង ឃុំអូសារាយ ស្រុកត្រាំកក់ ក៏ត្រូវផ្អាកបណ្តោះអាសន្នដែរ។ ជាមួយគ្នា អាជ្ញាធរក៏សម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិទួលខ្លុង,ភូមិស្ទឹង និងភូមិឫស្សីមួយគុម្ព ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ចាប់ពីថ្ងៃទី៣១ ឧសភា រហូតមានការជូនដំណឹងជាថ្មី។ 

បន្ទាយមានជ័យ​៖ ៣៩​នាក់ ក្នុងនោះ​២៩​នាក់​មកពី​ប្រទេស​ថៃ  

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បន្ត​រកឃើញ​មនុស្ស ៣៩​នាក់​ទៀត​មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ២៩​នាក់​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ​។ ក្រៅពីនេះ អ្នក​ឆ្លង​គឺជា​កម្មករ​រោងចក្រ និង​អាជីវករ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ក្នុងចំណោម​អ្នកថ្មី​ទាំង ៣៩​នាក់​នេះ មាន ១៧​នាក់ មាន​អាសយដ្ឋាន​នៅ​ស្រុក​ព្រះនេត្រព្រះ​, ១៤​នាក់​នៅ​ក្រុង​ប៉ោយប៉ែត​,  ៤​នាក់​នៅ ស្រុក​មង្គលបុរី ,៣​នាក់​នៅ​ក្រុង​សិរីសោភ័ណ និង​១​នាក់​នៅ​ស្រុក​ស្វាយចេក​។ ជាមួយគ្នានេះ អ្នកជំងឺ​ចំនួន ៦៦​នាក់ ក៏បាន​ជាសះស្បើយ​ពី​កូ​វីដ​-១៩​ផងដែរ​។​

​កំពង់ចាម​៖ ឆ្លង​ថ្មី​៣១​នាក់​ភាគច្រើន​ជា​កម្មករ​រោងចក្រ និង​ជាសះស្បើយ ៦០​នាក់​បន្ថែម​
 
ខេត្តកំពង់ចាម បន្ត​រកឃើញ​មនុស្ស​ចំនួន​៣១​នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​៦០​នាក់​ទៀត​បានជា​សះស្បើយ​។  តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត អ្នក​ឆ្លង​ថ្មី​ភាគច្រើន​ជា​កម្មករ​-​កម្មការិនី​រោងចក្រ ដែល​ក្នុងនោះ​មាន ១៦​នាក់ រស់នៅ​ស្រុក​ជើងព្រៃ​, ៧​នាក់​នៅ​ស្រុក​បាធាយ​, ៥​នាក់​នៅ​ស្រុក​កំពង់សៀម ខណៈ​ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ មាន​១​នាក់​រៀងខ្លួន និង​១​នាក់​ទៀត​ជា​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ខេត្ត​កំពង់​ចា​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨៨២​នាក់ ក្នុងនោះ ៣១០​នាក់​បានជា​សះស្បើយ​។ 

​ស្វាយរៀង​៖ ១៧​ករណី​ថ្មី ក្នុងនោះ​ជនជាតិ​វៀតណាម​៦​នាក់​
 
ខេត្តស្វាយរៀង បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ១៧​នាក់​ទៀត ក្នុងនោះ​៦​នាក់​ជា​បុរស​ជនជាតិ​វៀតណាម ដែលជា​កម្មក​រោងចក្រ Smart Tech ដែលមាន​ទីតាំងនៅ​ក្រុង​បាវិត​។ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង បុរស​ខ្មែរ​២​នាក់​ទៀត ជា​កម្មករ​រោងចក្រ Smart Tech ដែរនោះ ក៏មាន​វិជ្ជមាន​កូ​វីដ​-១៩  ដែរ ហើយ​អ្នក​ទាំង​២​នេះ​មាន​អាសយដ្ឋាន​នៅ​ភូមិ​ពោន ឃុំ​សង្កែ ស្រុក​រំដួល ខេត្តស្វាយរៀង​។  រោងចក្រ A & J  ក៏​បន្ត​រកឃើញ​កម្មករ​២​នាក់​ទៀត​ដែរ​ឆ្លង​កូ​វីដ​-១៩ ដោយ​ពួកគេ​រស់នៅ​ភូមិ​ស្វាយ​គយ ឃុំ​ពពែ​ត​ស្រុក ស្វាយទាប ខណៈ​១​នាក់​ទៀត ជា​កម្មករ​រោងចក្រ UT Light រស់នៅ​ភូមិ​ព្នៅ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ​។ មនុស្ស ៦​នាក់​ទៀត​ជា​ករណី​ឆ្លង​នៅតាម​មូលដ្ឋាន និង​ឆ្លង​តាមរយៈ​ការប៉ះពាល់​ជាមួយនឹង​អ្នក​វិជ្ជមាន​កន្លងមក​។ សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ខេត្តស្វាយរៀង បាន​បញ្ជាក់ថា អ្នក​ឆ្លង​១​នាក់ ជា​ស្រី​វ័យ ៦០​ឆ្នាំ រស់នៅ​ឃុំ​ចំបក ស្រុក​ស្វាយជ្រំ​។ មនុស្ស ៣​នាក់​ទៀត រស់នៅ​ឃុំ​ខែត្រ ស្រុក​កំពង់រោទិ៍ ខណៈ​មនុស្ស​២​នាក់​ទៀត ជា​អ្នករស់នៅ​សង្កាត់​ស្វាយរៀង ខេត្តស្វាយរៀង​។ 

ប៉ៃលិន៖ មាន១៦នាក់ថ្មី និងជាសះស្បើយ១នាក់
 
រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញមនុស្ស១៦នាក់ វិជ្ជមានកូវីដ-១៩ ក្នុងនោះ១២នាក់មានអាសយដ្ឋានៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន, ២នាក់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន និង២នាក់ទៀតមានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត អ្នកដែលទើបរកឃើញវិជ្ជមានទាំងអស់នេះ គឺជាអ្នកដែលធ្លាប់ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ កន្លងមក។ នៅថ្ងៃទី៣១ ឧសភាដដែល នៅខេត្តប៉ៃលិន ក៏មានអ្នកជំងឺ ១នាក់បានជាសះស្បើយផងដែរ ជាបុរសវ័យ ២៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 
 
កំពង់ឆ្នាំង៖ ១៣នាក់ ភាគច្រើនជាកម្មកររោងចក្រ
 
នៅថ្ងៃទី៣១ ខែឧសភា ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៣នាក់ទៀត ដែលភាគច្រើនជាកម្មករោងចក្រ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង  បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង១៣នាក់ មាន ៧នាក់នៅស្រុកកំពង់ត្រឡាច, ៥នាក់នៅស្រុកសាមគ្គីមានជ័យ និង១នាក់នៅស្រុកសលាប្អៀរ។ គិតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងកូវីដ-១៩ សរុប២៤៦នាក់ ក្នុងនោះ ៤៩នាក់ ជាសះស្បើយ, ៣នាក់ស្លាប់ ហើយអ្នកជំងឺ ១៩៤នាក់ទៀត កំពុងបន្តព្យាបាល។
 
ឧត្តរមានជ័យ៖ មាន៧នាក់ទៀត ជាពលរដ្ឋខ្មែរដែលទើបមកពីប្រទេសថៃ
 
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញពលរដ្ឋខ្មែរ៧នាក់ទៀត ដែលទើបត្រឡប់ពីប្រទេសថៃ មានវិជ្ជមានកូវីដ-១៩ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកជំងឺទាំង៧នាក់នេះ មាន៤នាក់ជាពលរដ្ឋដែលមានអាសយដ្ឋាននៅខេត្តបាត់ដំបង, ២នាក់នៅខេត្តបន្ទាយមានជ័យ និង១នាក់ នៅខេត្តឧត្តរមានជ័យ។ គិតត្រឹមថ្ងៃទី៣១ ឧសភា ខេត្តឧត្តរមានជ័យ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៤ នាក់ក្នុងនោះ ៥២នាក់ជាករណីនាំចូលពីក្រៅប្រទេស។ បច្ចុប្បន្ន មានអ្នកជំងឺ ១៦នាក់ហើយ បានជាសះស្បើយ ខណៈ៣៩នាក់ទៀត កំពុងសម្រាកព្យាបាល។
នាថ្ងៃទី៣១ ខែឧសភា នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៣នាក់បន្ថែមទៀត ក្នុងនោះ ២នាក់ជាពលករមកពីប្រទេសថៃ។

​ត្បូងឃ្មុំ​៖ ឆ្លង​ថ្មី​៣​នាក់ ដោយ​២​នាក់​ជា​ពលករ​មកពី​ប្រទេស​ថៃ​
 
​ខេត្ត​ត្បូងឃ្មុំ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ចំនួន ៣​នាក់​ទៀត ក្នុងនោះ​២​នាក់​ជា​អ្នក​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​ឫស្សី ឃុំ​ជី​រោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ​។ ចំណែក​ម្នាក់ទៀត​ជា​ករណី​ឆ្លង​ក្នុង​មូលដ្ឋាន ដោយ​គាត់​ជា​បុរស​វ័យ ៥៨​ឆ្នាំ រស់នៅ​ភូមិ​លោ ឃុំ​កំពាន់ ស្រុក​មេមត់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃទី ១​មិថុនា​នេះ​។​
 
បាត់ដំបង៖ រកឃើញ៣នាក់ទៀត ជាពលករមកពីប្រទេសថៃ
 
ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចំនួន ៣នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣១ ឧសភា។ អ្នកទាំង៣ គឺមានអាសយដ្ឋាននៅស្រុកមោងឫស្សី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបន្តឱ្យដឹងទៀតថា មានអ្នកជំងឺចំនួន ៨នាក់បន្ថែមដែរ បានជាសះស្បើយ។ 
 
នៅថ្ងៃទី៣១ ឧសភាដដែល រដ្ឋបាលខេត្តបាត់ដំបង  បានសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន៥ខ្នង ស្ថិតក្នុងភូមិសាស្រ្ត ស្រុកថ្មគោល ជាបណ្តោះអាសន្នផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។  
 
បច្ចុប្បន្នខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩សរុប ២២៤នាក់ ក្នុងនោះ៩១នាក់សះស្បើយ និង២នាក់ស្លាប់។ អ្នកជំងឺ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ និង១២៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។
 
សៀមរាប៖ រកឃើញថ្មី៣នាក់ ក្នុងនោះ២នាក់ជាអ្នកទើបត្រឡប់ពីប្រទេសថៃ
 
ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់ទៀត ដែលក្នុងនោះមាន២នាក់ជាអ្នកដែលទើបត្រឡប់មកពីប្រទេសថៃ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងចំណោមពលរដ្ឋ២នាក់ដែលទើបត្រឡប់មកពីប្រទេសថៃនោះ មានម្នាក់មានអាសយដ្ឋាននៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ និងម្នាក់ទៀតមានអាសយដ្ឋាននៅភូមិព្រលិត ឃុំរើល ស្រុកពួក។ ចំណែកអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ទៀត ជាពលរដ្ឋរស់នៅ ភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាមួយគ្នានេះ ក៏អ្នកជំងឺម្នាក់បានជាសះស្បើយផងដែរ ដែលជាស្ត្រីវ័យ ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។  គិតត្រឹមថ្ងៃទី៣១ ឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២១នាក់ បានព្យាបាលជាសះស្បើយចំនួន៦៧នាក់ ស្លាប់២នាក់ និង ៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
 
ពោធិ៍សាត់៖ រកឃើញ២នាក់ទៀត និងមានអ្នកជំងឺ២នាក់បានជាសះស្បើយ
 
មនុស្ស ២នាក់ មានតេស្តវិជ្ជមានកូវីដ-១៩  ដែលអ្នកទាំង២ ធ្លាប់ប៉ះពាល់នឹងករណីវិជ្ជមានកន្លងមក។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ឧសភា  ក៏មានអ្នកជំងឺចំនួន ២នាក់ទៀតបានជាសះស្បើយផងដែរ។ បច្ចុប្បន្នខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន១១៥នាក់ ក្នុងនោះ ៥៧នាក់បានជាសះស្បើយ ១នាក់ស្លាប់ និង ៥៧នាក់កំពុងបន្តព្យាបាល។
 
កំពង់ធំ៖ មាន២នាក់ទៀត ជាអ្នកដំណើរពីរាជធានីភ្នំពេញ
 
ខេត្តកំពង់ធំ រកឃើញមនុស្ស២នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣១ ខែឧសភា ដែលសុទ្ធតែជាអ្នកទើបត្រឡប់ពីរាជធានីភ្នំពេញ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត អ្នកវិជ្ជមាន១នាក់ មានអាសយដ្ឋាននៅភូមិអាត់ស៊ូ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ និង១នាក់ទៀតរស់នៅភូមិដារ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ត្រឹមថ្ងៃទី៣១ ខែឧសភា  ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប២៦៥នាក់  ក្នុងនោះ១០០នាក់ បានជាសះស្បើយ ហើយអ្នកជំងឺ ១៦៥នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។
  
ស្ទឹងត្រែង៖ មាន២នាក់ ជាប្តីប្រពន្ធនឹងគ្នា 
 
ករណីវិជ្ជមានកូវីដ-១៩ចំនួន ២នាក់បន្ថែមទៀត នៅក្នុងខេត្តស្ទឹងត្រែង គឺជាប្តីប្រពន្ធមួយគូ ដែលមានអាសយដ្ឋាននៅភូមិស្រែលិច ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ 
 
កោះកុង៖ បន្តរកឃើញ១នាក់ទៀត 
 
រដ្ឋបាលខេត្តកោះកុង បានរកឃើញមនុស្ស១នាក់ទៀត ឆ្លងកូវីដ-១៩ នៅថ្ងៃទី៣១ ឧសភា។ បើតាមសេចក្តីប្រកាសព័ត៌មារបស់រដ្ឋបាលខេត្តអ្នកជំងឺរូបនេះ ជាស្ត្រីវ័យ ២៨ឆ្នាំ មានអាសយដ្ឋានភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល។

ព្រះវិហារ​៖ មាន​១​ករណី ដែល​ធ្វើឱ្យ​អ្នក​ឆ្លង​សរុប ៧​នាក់​

​រដ្ឋបាលខេត្ត​ព្រះវិហា របា​នរក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​១​នាក់​ទៀត នៅ​ថ្ងៃទី​៣១ ឧសភា ជា​បុរស​វ័យ ២២​ឆ្នាំ ដែលមាន​អាសយដ្ឋាន​នៅ​ភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​។ មកទល់ពេលនេះ ខេត្តព្រះវិហារ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៧​នាក់ ក្នុងនោះ​៣​នាក់​ជាសះស្បើយ និង​៤​នាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល​។​
 
​រតនគិរី​៖ មាន​ឆ្លង​ថ្មី​១​នាក់ និង​៥​នាក់​ជាសះស្បើយ​

​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ១​នាក់​នៅ​រតនគិរី នៅ​ថ្ងៃទី​៣១ ឧសភា គឺជា​ស្ត្រី​វ័យ ៣៨​ឆ្នាំ ដែលជា​ពលករ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​។ តាម​សេចក្តីប្រកាស​ព​៧​ត៌មាន​របស់​រដ្ឋបាល​ខេត្ត នៅ​ថ្ងៃទី​៣១ ឧសភា ក៏មាន​អ្នកជំងឺ ៥​នាក់​បានជា​សះស្បើយ​ផងដែរ​។ បច្ចុប្បន្ន ខេត្តរតនគិរី​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ១៥​នាក់ ក្នុងនោះ​៥​នាក់​ជាសះស្បើយ ខណៈ​១០​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។ 
 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣០៧១០នាក់ ក្នុងនោះករណីនាំចូលសរុបមាន ៩៣១នាក់។ អ្នកជាសះស្បើយ ២៣៣៨៩នាក់ ខណៈអ្នកស្លាប់ កើនដល់ ២២០នាក់៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com