ជាតិ
សង្គមជាតិ
ជនជាតិវៀតណាម ខុសច្បាប់ ១០៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
03, Jun 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិវៀតណាម១០៦នាក់ ដែលធ្វើការនិងស្នាក់នៅខុសច្បាប់ កាលពីថ្ងៃទី១ មិថុនា។ អាជ្ញាធរបានហាមជនជនជាតិវៀតណាមទាំងនោះ ចូលកម្ពុជារយៈពេល៣ឆ្នាំ។

 
លោក កែវ វណ្ណថន អគ្គនាយករងនិងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២មិថុនានេះថា ជនជាតិវៀតណាម ៨៨នាក់ ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង។ ចំណែក ១៨នាក់ទៀត គឺបណ្ដេញតាមច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត។ 
 
«យើងបានបណ្តេញជនជាតិវៀតណាមចេញចំនួន១០៦នាក់ ដោយហាមចូលប្រទេសកម្ពុជាវិញរយៈពេល៣ឆ្នាំ»។ នេះជាការបញ្ជាក់របស់លោក កែវ វណ្ណថន ដែលបានបន្ថែមថា ជនជាតិវៀតណាមទាំងនោះ គឺពាក់ព័ន្ធនឹងបទល្មើស លួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ជាដើម។ 
 
ដោយឡែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម កាលពីថ្ងៃទី១៧ ឧសភា កន្លងមកនេះ បានចេញសេចក្ដីជូនដំណឹងថា រដ្ឋាភិបាលវៀតណាមនឹងចាត់វិធានការ បណ្ដេញពលករបរទេសខុសច្បាប់ ដែលកំពុងធ្វើការនៅក្នុងប្រទេសខ្លួនផងដែរ ដើម្បីជៀសវាងការប្រើប្រាស់ពលករខុសច្បាប់។ លើសពីនេះ អាជ្ញាធរមូលដ្ឋានវៀតណាម នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ នៅតាមសហគ្រាស និងគ្រឹះស្ថាននានា៕ 
 
 

Tag:
 សង្គម
  ស្នាក់នៅខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com