កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ លាឈប់ពីអូឡាំពិកតូក្យូ ព្រោះខ្លាចឆ្លងកូវីដ-១៩
03, Jun 2021 , 7:29 pm        
រូបភាព
អ្នកធ្វើការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ប្រមាណ១ម៉ឺននាក់ លាឈប់ពីការងារ។ អ្នករៀបចំអះអាងថា ការលាឈប់នេះដោយសារពួកគេបារម្ភពីជំងឺកូវីដ-១៩ ស្របពេលពិធីបើកការប្រកួតនៅសល់៥០ថ្ងៃទៀតប៉ុណ្ណោះ។



បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៣ ខែមិថុនា ក្នុងចំណោមអ្នកធ្វើការងារស្ម័គ្រចិត្ត៨ម៉ឺននាក់ មាន១ម៉ឺននាក់បានលាឈប់ពីការងារក្នុងកីឡាអូឡាំពិកនៅពាក់កណ្តាលទី។
 
លោក Toshiro Muto ប្រធានកីឡាក្រុងតូក្យូឆ្នាំ ២០២០ ដឹងច្បាស់ថាអ្នកស្ម័គ្រចិត្តដែលជាបុគ្គលិកសំខាន់ក្នុងដំណើរការកីឡាបានលាឈប់ ក៏ព្រោះពួកគេខ្លាចរអា និងបារម្ភអំពីការចម្លងជំងឺដ៏កាចសាហាវទៅលើពួកគេ។
 
ប្រធានអ្នករៀបចំកីឡារដូវក្តៅដ៏ធំមួយនេះ លោកស្រី Seiko Hashimoto នៅតែបន្តជំហរបស់ខ្លួនក្នុងការដំណើរការព្រឹត្តិការណ៍កីឡានេះ ទោះបាត់បង់ក្រុមការងារស្ម័គ្រចិត្តមួយចំនួន និងមិនមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋជប៉ុនក្តី។ បន្ថែមពីនេះលោកស្រី Hashimoto បានប្រាប់កាសែតក្នុងស្រុកថា កីឡាលំដាប់ពិភពលោកត្រូវលុបចោលលុះត្រាណាជំងឺរាតត្បាតអុកលុកខ្លាំងដែលធ្វើឱ្យអត្តពលិក និងគណៈប្រតិភូភាគច្រើនមិនអាចទៅជប៉ុនបាន។
 
ស្របពេលយុទ្ធនាការប្រកួតប្រជែងនឹងចូលមកដល់នៅរយៈពេល៥០ថ្ងៃទៀត ការស្ទង់មតិជាច្រើនបង្ហាញថា ប្រជាជនជប៉ុនភាគច្រើន នៅតែចង់ឱ្យព្រឹត្តិការណ៍ដែលពន្យារម្តងរួចមកហើយនេះ ពន្យារបន្ថែមទៀត ឬលុបចោលតែម្តង។
 
រហូតមកទល់ពេលនេះ ជប៉ុនកំពុងបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ-១៩ បំប្លែងថ្មី ដែលធ្វើឱ្យក្រុងតូក្យូ និងក្រុងដទៃទៀតស្ថិតក្នុងភាពអាសន្ន ខណៈដែលសមាគមគ្រូពេទ្យដ៏ធំមួយនៅជប៉ុន ក៏បន្តអំពាវនាវឱ្យលុបចោលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០។ 
 
បើទោះដូច្នេះក្តី ទាំងរដ្ឋាភិបាលជប៉ុន និងមន្ត្រីរៀបចំអូឡាំពិក សន្យាថាការប្រកួតកីឡាលំដាប់ពិភពលោករដូវក្តៅ នឹងបន្តដំណើរការទៅមុខតាមការគ្រោងទុកនៅថ្ងៃទី២៣ ខែកក្កដា។ គិតត្រឹមថ្ងៃទី៣ ខែមិថុនា មានអត្តពលិកអូស្ត្រាលីមួយចំនួនបានទៅដល់ជប៉ុនហើយ ដើម្បីត្រៀមប្រជែងមេដាយ៕
 
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com