កីឡាអន្តរជាតិ
អន្តរជាតិ
ភាគហ៊ុនកូកា ធ្លាក់ចុះ៤ពាន់លានដុល្លារ ក្រោយ Ronaldo ថាញ៉ាំទឹកល្អជាង
16, Jun 2021 , 6:59 pm        
រូបភាព
Cristiano Ronaldo បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា ធ្លាក់ចុះ៤ពាន់លានដុល្លារអាមេរិក បន្ទាប់ពីការធ្វើសន្និសិទកាសែតមុនជំនួបព័រទុយហ្កាល់ និងហុងគ្រី។ Ronaldo បានយកដបកូកា-កូឡាចំនួនពីរដបចេញពីតុនៅពីមុខខ្លួន ហើយណែនាំឱ្យផឹកទឹកជំនួសវិញ។



Ronaldo ដែលរកបានពីរគ្រាប់ដើម្បីជួយព័រទុយហ្កាល់យកឈ្នះហុងគ្រី ៣-០ ក្នុងជំនួបបើកឆាកពូល F ពានរង្វាន់ Euro 2020 បានប្រាប់ពិភពលោកដែលកំពុងមើលសន្និសីទមុនការប្រកួតថា«ផឹកទឹក» ក្រោយពេលរូបគេយកដបកូកា-កូឡាចេញពីលើតុរបស់ខ្លួនដោយទុកតែដកទឹក។
 
កូកា-កូឡា ជាក្រុមហ៊ុនសហការឧបត្ថម្ភផ្លូវការ ក្នុងការប្រកួតពានរង្វាន់តំបន់អឺរ៉ុបនៅឆ្នាំ២០២១នេះ។ Ronaldo ត្រូវបានគេជឿជាក់ថាមិនមែនជាអ្នកទទួលទានភេសជ្ជៈ ឬស្រា ដើម្បីធ្វើឱ្យមានសុខភាពល្អដូចការញាំទឹកនោះឡើយ។ អតីតកីឡាករ Manchester United រូបនេះ ថែមទាំងមានរបបអាហារត្រឹមត្រូវដោយមិនទទួលអាហារមានជាតិស្ករឡើយ ដើម្បីធ្វើឱ្យរាងកាយរបស់គេមាំមួន។
 
ចាប់តាំងពីការលើកឡើងរបស់ប្រធានក្រុមព័រទុយហ្កាល់ ដែលមានអ្នកគាំទ្រលើបណ្តាញសង្គមខ្លួនជាង៣០០លាននាក់ដូច្នេះ បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់កូកា-កូឡាធ្លាក់ចុះភ្លាមៗពី ៥៦,១០ ដុល្លារអាមេរិក ទៅ ៥៥,២២ ដុល្លារអាមេរិក។
 
បើទោះតម្លៃហ៊ុនកើនឡើងបាន ៥៥,៤៤ដុល្លារអាមេរិកវិញក្តី ប៉ុន្តែក្រុមហ៊ុនកូកា-កូឡាបានលុបចោលចំណែកភាគហ៊ុនរបស់ពួកគេចំនួន ៤ ពាន់លានដុល្លារ ដែលស្មើនឹង១,៦ ភាគរយនៃតម្លៃហ៊ុនសរុប ។
 
ដោយសារករណីនេះ ក្រុមហ៊ុភេសជ្ជៈដ៏ល្បីល្បាញលំដាប់ពិភពលោក បានឆ្លើយតបទៅនឹងការលើកឡើងរបស់ Ronaldo វិញ។ «មនុស្សគ្រប់រូបមានសិទ្ធិទទួលភេសជ្ជៈរបស់ពួកគេ ហើយពួកគេមានជម្រើសច្រើនរសជាតិ (អត់ស្ក ឬមានស្ក) តាមតម្រូវការខុសៗគ្នា»។
 
នេះជាការអះអាងរបស់អ្នកនាំពាក្យក្រុមហ៊ុនកូកា-កូឡា មុនបន្ថែមថា កីឡាករត្រូវបានផ្តល់ជូនទឹករួមជាមួយកូកា-កូឡា និងកូកា-កូឡាគ្មានជាតិស្កនៅពេលមកដល់សន្និសីទសារព័ត៌មានមុនការប្រកួត៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com