កីឡាអន្តរជាតិ
អន្តរជាតិ
បន្ទាប់ពី Ronaldo, Pogba ដកដបស្រាបៀរចេញពីលើតុដែរ
17, Jun 2021 , 2:01 pm        
រូបភាព
Paul Pogba ដកដបស្រាបៀរ Heineken ចេញពីលើតុខ្លួននៅក្នុងសន្និសីទកាសែតក្នុងព្រឹត្តិការណ៍ Euro 2020។ Pogba ដែលកាន់សាសនាឥស្លាមធ្វើបែបនេះ ស្រដៀងគ្នាទៅនឹងទង្វើរបស់ Cristiano Ronaldo ដែលយកដបកូកា-កូឡា ចេញពីតុសន្និសីទ ហើយណែនាំឱ្យផឹកទឹកជំនួសវិញនោះ។ Heineken និង កូកា-កូឡា សុទ្ធតែជាអ្នកឧបត្ថម្ភធំក្នុងការប្រកួតអឺរ៉ូនេះ។


 
Pogba ខ្សែបម្រើក្រុមជម្រើសជាតិបារាំង ជាកីឡាករបាល់ទាត់ចុងក្រោយដែលដកផលិតផលរបស់ក្រុមហ៊ុនឧបត្ថម្ភគាំទ្រផ្លូវការក្នុងព្រឹត្តិការណ៍អឺរ៉ូចេញពីលើតុសន្និសីទរបស់ខ្លួន បន្ទាប់ពីប្រធានក្រុមព័រទុយហ្កាល់ Ronaldo ធ្វើដូចគ្នានេះនៅមុនជំនួបបើកឆាកពូល F។
 
ខ្សែបម្រើរបស់ក្រុម Manchester United ដែលជាអ្នកកាន់សាសនាឥស្លាម បានដកដបស្រាបៀរ Heineken ចេញពីលើតុខ្លួនក្នុងសន្និសីទក្រោយជ័យជម្នះរបស់បារាំងលើក្រុមអាល្លឺម៉ង់ក្នុងលទ្ធផល ១-០ នៅថ្ងៃទី១៥ ខែមិថុនា។
 
 
អ្នកប្រតិបត្តិសាសនាឥស្លាមដូចជា Pogba មិនអាចសេបគ្រឿងស្រវឹងបានឡើយ ហើយការដកដបស្រាដែលជារបស់ក្រុមហ៊ុនឧបត្ថម្ភដូច្នេះ ទំនងជាមកពីជំនឿសាសនារបស់គេប៉ុណ្ណោះ។ មកទល់ពេលមិនមានការឆ្លើយតបណាមួយជុំវិញរបស់របស់ខ្សែបម្រើបារាំងវ័យ២៩ឆ្នាំរូបនេះឡើយ។
 
ឥរិយាបថរបស់ Pogba ដូច្នេះកើតឡើងបន្ទាប់ពី Ronaldo បានដកដបកូកា-កូឡាចំនួន២ដបដែលដាក់ពីមុខខ្លួនចេញ ដោយទុកតែដបទឹកមួយដបនៅក្នុងសន្និសិទស្រដៀងគ្នានេះ។ ខ្សែប្រយុទ្ធ Juventus រូបនេះ ចង់បង្ហាញអ្នករាល់គ្នាថារូបគេមិនទទួលទានភេសជ្ជៈមានជាតិស្ក និងផឹកទឹកទើបជាជម្រើសល្អ។
 
យ៉ាងណាក៏ដោយ ទង្វើរបស់ Ronaldo បែបនេះបានជះឥទ្ធិពលដល់ក្រុមហ៊ុនហ៊ុនភេសជ្ជៈកូកា-កូឡា រហូតធ្វើឱ្យតម្លៃភាគហ៊ុនរបស់ពួកគេធ្លាក់ចុះ៤ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុភេសជ្ជៈដ៏ល្បីល្បាញលំដាប់ពិភពលោក ថែមទាំងឆ្លើយតបទៅនឹងការលើកឡើងរបស់ ម្ចាស់ពាន Ballon D’or ៥ម័យវិញថា៖ «មនុស្សគ្រប់រូបមានសិទ្ធិទទួលភេសជ្ជៈរបស់ពួកគេ ហើយពួកគេមានជម្រើសច្រើនរសជាតិ (អត់ស្ក ឬមានស្ក) តាមតម្រូវការខុសៗគ្នា»៕
 

Tag:
 Paul Pogba
  Cristiano Ronaldo
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com