ជាតិ
សង្គមជាតិ
ខេត្តព្រះសីហនុ និងកោះកុង បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ
18, Jun 2021 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ និងកោះកុង បានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋ។ យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅខេត្តព្រះសីហនុ បានចាប់ផ្តើមនៅថ្ងៃទី១៧ មិថុនា ខណៈនៅខេត្តកោះកុង នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២០មិថុនាតទៅ។


ពលរដ្ឋ នៅក្រុងព្រះសីហនុ អាចទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទីតាំងចំនួន ៥ ដែលបានរៀបចំរួចស្រេច។ សម្រាប់ទី១ និងទី២ យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ចាប់ផ្តើមពីថ្ងៃទី១៧ ខែមិថុនាតទៅ ខណៈ៣ទីតាំងទៀត ពលរដ្ឋអាចទៅចាក់វ៉ាក់សាំងចាប់ពិថ្ងៃទី២២មិថុនាតទៅ។
 
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ ទីតាំងទី១ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ សម្រាប់ពលរដ្ឋដែលរស់នៅភូមិ១,២,៣ នៃសង្កាត់លេខ១។ ទីតាំងមួយទៀត គឺនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែនកម្មករ សម្រាប់ពលរដ្ឋនៅភូមិ២,៣,៤ នៃសង្កាត់លេខ៤។ 
 
ចំណែកេទីតាំងទី៣ គឺនៅសាលាបឋមសិក្សា អនុវិទ្យាល័យ សាគូរ៉ា សម្រាប់ពលរដ្ឋនៅភូមិ៣ ទំនប់រលក នៃសង្កាត់លេខ១។ ទីតាំងទី៤ នៅសាលាអនុវិទ្យាល័យ សម្តេចឪ សម្រាប់ពលរដ្ឋនៅភូមិ១,២,៣ សង្កាត់លេខ២ និងពលរដ្ឋនៅភូមិ១,២,៣ នៃសង្កាត់លេខ៣។ ចំពោះទីតាំងទី៥ គឺនៅសាលាបឋមសិក្សា វិទ្យាល័យហ៊ុនសែន មិត្តភាព សម្រាប់ពលរដ្ឋនៅភូមិ១,៥,៦ នៃសង្កាត់លេខ៤។
 
ចំពោះពលរដ្ឋនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏អាចទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីតាំងចំនួន៥ផងដែរ គឺចាប់ពីថ្ងៃទី២២ ខែមិថុនា តទៅ។ ទីតាំងទី១ នៅវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង សម្រាប់ពលរដ្ឋនៅឃុំបិតត្រាំង និងឃុំរាម។ ទីតាំងទី២នៅវត្តអូរចំណារ សម្រាប់ពលរដ្ឋនៅឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម ឃុំអូរជ្រៅ និងឃុំព្រៃនប់។ ទីតាំងទី៣ នៅសាលាបឋមសិក្សា អនុវិទ្យាល័យសំរុង សម្រាប់ពលរដ្ឋនៅឃុំទួលទទឹង ឃុំអណ្តូងថ្ម ឃុំសំរុង និងឃុំវាលរេញ។ ទីតាំងទី៤ នៅសាលាអនុវិទ្យាល័យទួលកែវ សម្រាប់ពលរដ្ឋនៅឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា។ ហើយទីតាំងទី៥ នៅសាលាបឋមសិក្សាជើងគោ សម្រាប់ពលរដ្ឋនៅឃុំជើងគោ និងឃុំតានៃ។ 
 
ពលរដ្ឋនៅខេត្តព្រះសីហនុដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ កន្លងមក គឺមានប្រមាណ១ម៉ឺននាក់។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៧ ខែមិថុនានេះនឹងអាចចាក់ជូនពលរដ្ឋចំនួន១៩ម៉ឺននាក់ទៀត។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។
 
សម្រាប់ខេត្តកោះកុង ក៏នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ឱ្យរួចរាល់ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមនៅថ្ងៃទី២០មិថុនាតទៅ សម្រាប់ពលរដ្ឋក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល។ មន្ទីរសុខាភិបាលខេត្តកោះកុង បានត្រៀមរៀបចំទីតាំងចំនួន៥ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ដោយ២ទីតាំង នៅក្រុងខេមរភូមិន្ទ និង៣ទីតាំងនៅក្នុងស្រុកស្រែអំបិល។
 
សម្រាប់ពលរដ្ឋនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ អាចទៅចាក់នៅសាលាកាកបាទក្រហមខេត្តកោះកុង ដែលជាទីតាំងទី១ និង នៅមជ្ឈមណ្ឌល ស៊ូន នឹង ដែលជាទីតាំងទី២។   សម្រាប់ពលរដ្ឋនៅស្រុកស្រែអំបិល អាចទៅចាក់នៅ៣ទីតាំងផ្សេងគ្នា ដែលមានសាលាបឋមសិក្សាស្រែអំបិល ,  សាលាបឋមសិក្សាជីខលើ និងសាលាបឋមសិក្សាបឹងព្រាវ។ 
 
 បច្ចុប្បន្នរាជធានីភ្នំពេញ និងកណ្តាល កំពុងបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។  
 
សូមបញ្ជាក់ថា កម្ពុជាមានពលរដ្ឋជិត៣,២លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គិតជាភាគរយគឺជិត៣២ភាគរយ នៃផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ១០លាននាក់។ ក្នុងចំណោមពលរដ្ឋជិត៣,២លាននាក់នោះ គឺមានជាង២,៦លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២៕ 
 
 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com