ជាតិ
សេដ្ឋកិច្ច
World Bank ឲ្យកម្ពុជាខ្ចី២០០លានដុល្លារដោយមើលឃើញការប្រឹងប្រែងនាអំឡុងវិបត្តិកូវីដ-១៩
25, Jun 2021 , 2:16 pm        
រូបភាព
លោក David Malpass ប្រធានធនាគារពិភពលោក។ រូបថត AFP .
លោក David Malpass ប្រធានធនាគារពិភពលោក។ រូបថត AFP .
ក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក (World Bank) បានអនុម័តកញ្ចប់ឥណទាន២០០លានដុល្លារអាមេរិកដល់កម្ពុជា បន្ទាប់ពីបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីក្រុងវ៉ាស៊ីនតោន ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។


ប្រាក់កម្ចី២០០លានដុល្លារអាមេរិកពីសមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ស្ថិតក្នុងគម្រោងរៀបចំគោលនយោបាយហិរញ្ញប្បទានដើម្បីជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា  (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF)  ដែលអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
«ជាលើកដំបូងហើយក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ដែលសេដ្ឋកិច្ចកម្ពុជាបានរួញទំហំអស់៣,១ភាគរយ សម្រាប់ឆ្នាំ២០២០ ហើយពេលនេះ កម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងមេរោគកូវីដ-១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក»។ នេះជាការកត់សម្គាល់របស់ធនាគារពិភពលោកក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។

ស្ថាប័នអន្តរជាតិមួយនេះ ក៏បានលើកឡើងពីការរងផលប៉ះពាល់វិស័យទេសចរណ៍ ផ្នែកកាត់ដេរ និងវិស័យសំណង់របស់កម្ពុជា ដោយសារកូវីដ-១៩ ផងដែរ ដោយការរាតត្បាតជំងឺសកលនេះ បណ្តាលឱ្យភាពអត់ការងារធ្វើនិងភាពក្រីក្រកាន់តែកើនឡើង ថែមទៀត ដែលក្នុងនោះ មានពលលរដ្ឋជិត១លាននាក់ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។


ទិដ្ឋភាពរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ កាលពីថ្ងៃទី២៤មេសា ឆ្នាំ២០២១។

បើតាមធនាគារពិភពលោក គម្រោងនៃការផ្តល់ប្រាក់កម្ចី២០០លានដុល្លារឱ្យកម្ពុជានេះ គឺជាផ្នែកស្នូលមួយនៃអន្តរាគមន៍ទូលំទូលាយមួយរបស់ធនាគារពិភពលោកក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ហើយក៏ជាផ្នែកមួយនៃកញ្ចប់ប្រតិបត្តិការទ្រទ្រង់ថវិកា ពីសំណាក់ដៃគូអភិវឌ្ឍមួយចំនួនរបស់កម្ពុជា ដែលមានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហភាពអឺរ៉ុប (EU) និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

«ច្បាស់ណាស់ កម្ពុជាពិតជាត្រូវការធនធានដែលអាចយកទៅបញ្ចេញឱ្យបានរហ័សសម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយរបស់រដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុតពីផលប៉ះទង្គិចរបស់វិបត្តិកូវីដ-១៩ និងដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសឱ្យងើបឡើងវិញ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា។

ដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពនេះ កម្ពុជា បានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួនតាមរយៈការដាក់ចេញវិធានការឆ្លើយតបបន្ទាន់នានា និងការរៀបចំផែនការសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩   (Post-COVID-19 Economic Recovery Plan) ផងដែរ។ គម្រោង DPF នេះ នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ស្ថានការណ៍អាក្រក់ណាមួយដែលកើតចេញពីការរាតត្បាតរបស់ជំងឺកូវីដ-១៩ ដោយជួយទ្រទ្រង់ដល់ចំណាត់ការនានាក្នុងការផ្តល់ជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុដល់គ្រួសារ និង ក្រុមហ៊ុនដែលរងផលប៉ះពាល់។ ចំណាត់ការរបស់រដ្ឋាភិបាលទាំងនោះមាន ការធ្វើកំណែទម្រង់ដើម្បីកែលម្អបរិយាកាសធ្វើធុរកិច្ច ព្រមទាំងវិធានការដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងសមត្ថភាពរបស់ស្ថាប័នប្រមូលចំណូលរបស់រដ្ឋ ជាដើម។

ចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ-១៩មក ធនាគារពិភពលោកបានសន្យាផ្តល់ជំនួយជាង ១២៥ពាន់លានដុល្លារ សម្រាប់ការទប់ទល់ទៅនឹងផលប៉ះទង្គិចរបស់ជំងឺរាតត្បាតនេះ មកលើផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គម ហើយវិធានការឆ្លើយតបវិបត្តិនេះ មានភាពរហ័សរហួន និងទំហំធំធេងមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រទេ។

ហិរញ្ញប្បទាននេះកំពុងជួយដល់ប្រទេសចំនួនជាង១០០ ឱ្យពង្រឹងការត្រៀមខ្លួនប្រយុទ្ធនឹងការរាតត្បាតជំងឺ, ក្នុងកិច្ចគាំពារជនក្រីក្រ និង ការងារ, និងក្នុងការចាប់ផ្តើមស្តារឡើងវិញក្នុងសភាពមួយដែលមានមេត្រីភាពសម្រាប់អាកាសធាតុ។

លើសពីនេះ ធនាគារពិភពលោកក៏កំពុងផ្តល់ហិរញ្ញប្បទានចំនួនទឹកប្រាក់១២ពាន់លានដុល្លារផ្សេងទៀត ដល់បណ្តាប្រទេសមានចំណូលទាប-មធ្យម សម្រាប់យកទៅទិញ និងបែងចែកថ្នាំវ៉ាក់សាំង, បរិក្ខារធ្វើតេស្ត និង ការព្យាបាលជំងឺកូវីដ-១៩ ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល៕    

 

© រក្សាសិទ្ធិដោយ thmeythmey.com