ជាតិ
មនុស្ស៦នាក់ ដែលលក់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុឃាត់ខ្លួន
25, Jun 2021 , 3:33 pm        
រូបភាព
អាជ្ញាធរខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្ស៦នាក់ ដែលបានធ្វើសកម្មភាពលក់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាល។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ មិថុនានេះ។


 
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា មនុស្សទាំង៦នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីហើយ។ រដ្ឋបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា ទម្រង់ពាក្យស្នើសុំចុះឈ្មោះ និងប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចុះចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដោយមិនគិតថ្លៃឡើយ។
 
«ដូច្នេះសកម្មភាពនៃការលក់ដូរ ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមឱកាសនិយមទាំងនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយ»។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ គោលនយោបាយរដ្ឋាភិបាលចាក់ឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេស ដែលកំពុងបំពេញការងារ និងរស់នៅខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ។
 
កាលពីពេលថ្មីៗនេះ ក៏មានករណីគ្រូពេទ្យនៅខេត្តកណ្ដាល ទារប្រាក់ពីពលរដ្ឋ៦ម៉ឺនរៀលក្នុងម្នាក់ ជាថ្នូរនឹងការពិនិត្យសំណាករកកូវីដ-១៩ ដែរ។ ប៉ុន្តែពលរដ្ឋចំនួន៣៩នាក់ ដែលទៅតេស្តរកូវីដ-១៩នៅមន្ទីរពេទ្យបង្អែកអង្គស្នួល ខេត្តកណ្តាលនោះ បានទទួលថវិកាក្នុងម្នាក់ ៦ម៉ឺនរៀលវិញ ក្រោយពីមានការអន្តាគមន៍ពីអាជ្ញាធរ។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងបង្កាកូវីដ-១៩ ជាង៩លានដូស សម្រាប់ឱ្យប្រជាពលរដ្ឋ។ ក្នុងនោះវ៉ាក់សាំង Sinoivac ៥,៥ លានដូស, Sinopham ៣,២លានដូស និង AstraZineca ៣២៤,០០០ដូស។
 
គិតមកដល់ពេលនេះ រដ្ឋាភិបាល បានចាក់វ៉ាក់សាំងឱ្យមន្ត្រីរាជការ និងពលរដ្ឋទូទាំងប្រទេសជាង៣,៧លាននាក់ហើយ ដែលស្មើ៣៧ភាគរយ នៃផែនការចាក់វ៉ាក់សាំងយ៉ាងតិចឱ្យបាន១០លាននាក់។ ក្នុងនោះអ្នកចាក់វ៉ាក់សាំងទាំង២ដូស មានជាង២,៧ លាននាក់។ បើតាមគម្រោងរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងឱ្យពលរដ្ឋយ៉ាងតិច៥លាននាក់ នៅត្រឹមបំណាច់ឆ្នាំ២០២១នេះ ។ ចំពោះផែនការចាក់វ៉ាក់សាំង គឺមិនគិតថ្លៃឡើយ។
 
គិតត្រឹមថ្ងៃទី២៥ មិថុនានេះ កម្ពុជាមានអ្នកឆ្លង ៤៦,០៦៥នាក់ ក្នុងនោះ២,០៣៨នាក់ ជាករណីនាំចូល, ជាសះស្បើយសរុប ៤០, ៧៦៩នាក់ និងស្លាប់ ៥០៩នាក់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com