COVID-19
ជាតិ
កំពង់ចាម និងត្បូងឃ្មុំ មានឆ្លងថ្មីសរុបជិត១០០នាក់ ខណៈបន្ទាយមានជ័យ មាន៦៥នាក់
30, Jun 2021 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
កូវីដ-១៩ កំពុងឆ្លងរាតត្បាតខ្លាំងនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ដោយខេត្តទាំង២នេះ មានករណីឆ្លងសរុបជិត១០០នាក់ និងមានអ្នកស្លាប់៣នាក់។ នៅខេត្តបន្ទាយមានជ័យវិញ បានកត់ត្រាចំនួនឆ្លងប្រចាំថ្ងៃច្រើនៗជាថ្មី ដោយមាន៦៥នាក់ នៅថ្ងៃទី២៩ មិថុនា។ ដោយឡែកខេត្តកំពង់ឆ្នាំង មានអ្នកស្លាប់ចំនួន ២នាក់ទៀត។

 
បន្ទាយមានជ័យ៖ ឆ្លងថ្មី ៦៥នាក់ ភាគច្រើននៅក្រុងប៉ោយប៉ែត
 
ខេត្តបន្ទាយមានជ័យ រកឃើញមនុស្ស ៦៥នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩  នៅថ្ងៃទី២៩មិថុនា។ ដោយឡែកនៅថ្ងៃពុធនេះ មានអ្នកជំងឺ ៥៥នាក់បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង  ៦៥ នាក់នោះ មានកម្មកររោងចក្រ, មេផ្ទះ, មន្ត្រីរាជការ, សិស្ស, អាជីវករ, កសិករ និងអ្នករត់តាក់ស៊ី។ អ្នកវិជ្ជមានភាគច្រើនមានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត បន្ទាប់មកគឺក្រុងសិរីសោភ័ណ និងស្រុកថ្មពួក។ អ្នកជំងឺម្នាក់ ជាអ្នកខេត្តបាត់ដំបង។ 

កំពង់ចាម៖ ឆ្លងថ្មី៥៩នាក់បន្ថែម ជាសះស្បើយមាន៣១នាក់ និង៣នាក់ស្លាប់
 
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៩នាក់ទៀត ខណៈអ្នកជាសះស្បើយ មាន ៣១នាក់បន្ថែម និងមានអ្នកស្លាប់ដល់ទៅ៣នាក់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីនោះ មាន ២៣នាក់នៅស្រុកជើងព្រៃ, ១២នាក់នៅស្រុកព្រៃឈរ ខណៈនៅក្រុងកំពង់ចាម បាធាយ និងស្រុកចំការលើមាន៤នាក់រៀងខ្លួន។  ស្រុកកងមាសរកឃើញ៣នាក់ ,កំពង់សៀម២នាក់ និងនៅស្រុកកោះសូទិន និងស្រីសន្ធរមាន១នាក់រៀងខ្លួន។ អ្នកខេត្តពង់ធំ មាន៤នាក់ និងអ្នកត្បូងឃ្មុំ១នាក់ផងដែរ។ ខេត្តកំពង់ចាម បានព្យាបាលអ្នកជំងឺ ១៣៤០នាក់ហើយឱ្យជាសះស្បើយ ខណៈអ្នកជំងឺ ៧១៨នាក់ទៀតកំពុងបន្តការព្យាបាល។ អាជ្ញាធរខេត្តមិនបង្ហាញតួលេខរកឃើញសរុបនៅក្នុងខេត្ត ក៏មិនបញ្ចេញតួលេខអ្នកស្លាប់សរុបដែរ ខណៈនៅខេត្តនេះក៏មានករណីស្លាប់ជាបន្តបន្ទាប់ដែរ។ 
 
ត្បូងឃ្មុំ៖ ឆ្លងថ្មី៣៨នាក់បន្ថែមទៀត ក្នុងនោះ៩នាក់ជាទារក និងកុមារ
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៤នាក់នោះមាន ទារក និងកុមារសរុប៩នាក់។ អ្នកវិជ្ជមានទាំងនោះមាន ១៤នាក់ជាអ្នកស្រុកពញាក្រែក, ១១នាក់ជាអ្នករស់នៅត្បូងឃ្មុំ, ៤នាក់នៅស្រុកមេមត់, ៦នាក់រស់នៅសង្កាត់សួង និង២នាក់ជាអ្នកស្រុកអូររាំងឪ។

កំពង់ឆ្នាំង៖ មានស្លាប់២នាក់បន្ថែម
 
ខេត្តកំពង់ឆ្នាំង មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ទៀត បានស្លាប់ដោយសាររលាកសួតធ្ងន់ធ្ងរ បង្កដោយកូវីដ-១៩។ អ្នកស្លាប់ទាំង២នាក់សុទ្ធតែជាបុរស ដោយម្នាក់អាយុ៦០ឆ្នាំ រស់នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ និងម្នាក់ទៀតអាយុ ៧៨ឆ្នាំ រស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង។ 
 
 
ឧត្តរមានជ័យ៖ រកឃើញ៧៦នាក់បន្ថែម ភាគច្រើនជាពលករខ្មែរមកពីថៃ
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧៦នាក់នោះ មាន៧៤ក់នាំចូលពីប្រទេសថៃ។ ជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយចំនួន ៥នាក់ផងដែរ។ ចំពោះអ្នកវិជ្ជមានទាំង ៧៦នាក់នោះ គឺជាអ្នកខេត្តឧត្តរមានជ័យ, ព្រៃវែង បាត់ដំបង កំពង់ធំ, កំពង់ឆ្នាំង,ពោធិ៍សាត់, បន្ទាយមានជ័យ, កំពត,កំពង់ចាម,ក្រចេះ, កំពង់ស្ពឺ និងមណ្ឌលគិរី។ បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥១៧នាក់ ក្នុងនោះ ៤៦០នាក់ជាករណីនាំចូល។ អ្នកជំងឺ ៩៩នាក់បានជាសះស្បើយ, ស្លាប់២នាក់ និងនៅសល់អ្នកជំងៗ ៤១៦ នាក់ទៀត បន្តការព្យាបាល។
 
សៀមរាប ៖ មាន៦០នាក់ទៀត ជា១៦នាក់ និងស្លាប់១នាក់
 
មនុស្ស ៦០នាក់ទៀត វិជ្ជមានកូវីដ-១៩ ខណៈអ្នកជំងឺ ១៦នាក់បន្ថែមបានជាសះស្បើយ និងមានស្លាប់១នាក់បន្ថែមដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មី ភាគច្រើនពាក់ព័ន្ធនឹងអាជីវករផ្សារលើធំថ្មី ក្រុងសៀមរាប។ អ្នកឆ្លងភាគច្រើនរស់នៅក្រុងសៀមរាប បន្ទាប់មកមាននៅស្រុកពួក សូទ្រនិគម បន្ទាយស្រី និងស្រុកប្រាសាទបាគង។ អ្នកជំងឺ២នាក់មកពីខេត្តកំពង់ធំ, ម្នាក់ទៀតមកពីបន្ទាយមានជ័យ។  ចំពោះករណីស្លាប់ គឺជាស្ត្រីវ័យ ៤២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម។ ស្ត្រីរូបនេះ ស្លាប់ដោយសារជំងឺរលាកសួត បង្កដោយកូវីដ-១៩។បច្ចុប្បន្នខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ ០៩៥នាក់ ក្នុងនោះ ៤០៧នាក់បានជាសះស្បើយ ,១១នាក់ស្លាប់ និង៦៧៧នាក់ កំពុងសម្រាកព្យាបាល។
 
បាត់ដំបង៖ ឆ្លងថ្មី ៤៨នាក់ និងជាសះស្បើយ៣២នាក់
 
មនុស្ស៤៨នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ខណៈអ្នកជំងឺ៣២នាក់បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៨នាក់នោះ មាន២២នាក់ជាករណីនាំចូលមកពីប្រទេសថៃ។ អ្នកវិជ្ជមានទាំងនោះ រស់នៅក្រុងបាត់ដំបង, ស្រុកឯកភ្នំ មោងឫស្សី បរវេល កំរៀង ភ្នំព្រឹក សំពៅលូន និងស្រុករតនមណ្ឌល។ អ្នកជំងឺមួយចំនួនទៀតជាអ្នកបន្ទាយមានជ័យ ប៉ៃលិន ភ្នំពេញ និងខេត្តកណ្តាល។ ត្រឹមថ្ងៃទី២៩ ខែមិថុនា ខេត្តបាត់ដំបងមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៨៩នាក់ ក្នុងនោះ៥៤៩នាក់បានព្យាបាល , ៦នាក់ស្លាប់ និង៣៣៤នាក់កំពុងសម្រាកព្យាបាល។

ព្រៃវែង មាន​៤៧​នាក់​បន្ថែមទៀត​
 
​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៤៧​នាក់​នោះ មាន​១០​នាក់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ និង​១០​នាក់​នៅ​ស្រុក​ព្រះស្តេច​។ អ្នកជំងឺ​៦​នា​កនៅ​ស្រុក​ក​ញ្ច្រៀ​ច​,៥​នាក់​នៅ​ស្រុក​មេសាង ខណៈ​ស្រុក​ពាម​រក៍ និង​កំចាយមារ​មាន​៤​នាក់​រៀងខ្លួន​។ នៅ​ស្រុក​ពារាំង​មាន​៣​នាក់ ស៊ីធរ​កណ្តាល​មាន​២​នាក់ ខណៈ​ក្រុង​ព្រៃ​វេ​ង បាភ្នំ និង​ស្រុក​ពាម​ជរ មាន​១​នាក់​រៀងខ្លួន​។ បច្ចុប្បន្ន ខេត្តព្រៃវែង​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ១៥៣៥​នាក់ ក្នុងនោះ​១០០៥​នាក់​បាន​សះស្បើយ ,២៤​នាក់​បាន​ស្លាប់ និង​៥០៦​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​។​
 
កោះកុង៖ មាន៤៧ នាក់ទៀត ជា១២នាក់ និងស្លាប់២នាក់
 
មនុស្ស៤៧នាក់ទៀត មានតេស្តវិជ្ជមាន និង១២នាក់បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាង ៤៧នាក់ មាន១៦នាក់ជាអ្នកក្រុងខេមរភូមិន្ទ, ១៧នាក់នៅស្រុកមណ្ឌលសីមា, ៥នាក់នៅស្រុកស្រែអំបិល,៧នាក់នៅស្រុកគិរីសាគរ និង៣នៅស្រុកបុទុមសាគរ។
 
កំពង់ធំ៖ មាន៤១នាក់ទៀត និងជាសះស្បើយមាន១នាក់ 
 
ករណីឆ្លងថ្មីមាន ៤១នាក់ ខណៈអ្នកជំងឺ ១នាក់បន្ថែមបានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មី មាន១៥នាក់ជាអ្នករស់នៅក្រុងស្ទឹងសែន, ស្រុកស្ទោង និងស្រុកបារាយណ៍ មាន១១នាក់រៀងខ្លួន។ ស្រុកកំពង់ស្វាយមាន២នាក់ ស្រុកតាំងគោក និងស្រុកសន្ទុកមាន១នាក់រៀងខ្លួន។ គិតត្រឹមថ្ងៃទី២៩ មិថុនា ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ សរុប៨៨៧នាក់ ក្នុងនោះ៤០៤នាក់បានជាសះស្បើយ, ៨នាក់ស្លាប់ និងអ្នកជំងឺ៤៧៥នាក់ទៀត កំពុងសម្រាកព្យាបាល។ 

ស្ទឹងត្រែង៖ មាន៣៥នាក់បន្ថែម និងជា៣នាក់
 
ក្នុងចំណោមអ្នកវិជ្ជមានទាង ៣០នាក់នោះ មាន១៧នាក់ ជាអ្នករស់នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និង១៧នាក់ទៀត ជាពលរដ្ឋរស់នៅឃុំកំភួន និងឃុំក្បាលរមាស ស្រុកសេសាន និង១នាក់ជាពលរដ្ឋនៅស្រុកសៀមបូក។ បច្ចុប្បន្នអ្នកវិជ្ជមានកូវីដ-១៩ នៅខេត្តស្ទឹងត្រែង មានចំនួន ២៥៤នាក់ ក្នុងនោះ១៦នាក់បានជាសះស្បើយ និង២៣៨នាក់ កំពុងបន្តការព្យាបាល។
 
ព្រះវិហារ៖ រកឃើញ១០នាក់បន្ថែម
 
មនុស្ស១០នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ដោយក្នុងនោះមាន៩នាក់រកឃើញនៅថ្ងៃទី២៩ មិថុនា និង១នាក់រកឃើញនៅថ្ងៃទី២៨ មិថុនា។ ក្នុងចំណោមអ្នកឆ្លងថ្មី មាន៧នាក់ជាអ្នករស់នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហា និង៧នាក់ទៀតរស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត។ គិតត្រឹមថ្ងៃទី២៩ មិថុនា ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងកូវីដ-៩ ចំនួន៨៧នាក់ ក្នុងនោះ ៤២នាក់ បានសះស្បើយ និង៤៥នាក់ទៀតកំពុងសម្រាកព្យាបាល។
 
ក្រចេះ៖ ឆ្លងថ្មី ៩នាក់ ភាគច្រើននៅក្រុងក្រចេះ
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៩នាក់នោះមាន ៥នាក់រស់នៅក្រុងក្រចេះ ៣នាក់នៅស្រុកសំបូរ និង១នាក់ទៀត នៅស្រុកស្នួល។
 
 ករណីទូទាំងប្រទេស៖ ឆ្លងថ្មី ១ ១៣០នាក់ និងស្លាប់២៧នាក់ ដែលជាកំណត់ត្រាច្រើនបំផុត
 
មនុស្សចំនួន ១ ១៣០នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ និងមាន ២៧នាក់បានស្លាប់ ដែលជាកំណត់ត្រាឆ្លងថ្មី និងស្លាប់ខ្ពស់បំផុតនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏អ្នកជំងឺ ៦៧០នាក់ បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មី មាន១៣៩នាក់ជាករណីនាំចូល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ មិថុនានេះ។ មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥០ ៣៨៥នាក់ ក្នុងនោះ ២ ៥៤៨នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៤ ១៤៣នាក់ និងស្លាប់សរុប ៦០២ នាក់៕
 
 
 
 
 

Tag:
 ឧត្តរមានជ័យ
  សៀមរាប
  បាត់ដំបង
  កោះកុង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com