ជាតិ
សង្គមជាតិ
អាជីវករផ្សារបឹងកេងកង ២៦៧នាក់ឆ្លងជំងឺកូវីដ-១៩ និងមានអ្នកពាក់ព័ន្ធជាង១២០០នាក់
30, Jun 2021 , 2:10 pm        
រូបភាព
រូបភាពពីផ្សារបឹងកេងកង
រូបភាពពីផ្សារបឹងកេងកង
ដោយ:
ភ្នំពេញ៖ អាជីវករផ្សារបឹងកេងកងចំនួន២៦៧នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។  នេះបើតាមលោក កឹម ណៃវិរៈខេមរា អភិបាលរងខណ្ឌបឹងកេងកេង ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ។

 
លោក កឹម ណៃវិរៈខេមរា អភិបាលរងខណ្ឌបឹងកេងកង បានបញ្ជាក់ថា អាជ្ញាធររកឃើញមនុស្សចំនួន ១ ២១១នាក់ហើយ ដែលជាអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹងអ្នកជំងឺជិត២៧០នាក់នោះ ដែលត្រូវបានក្រុមគ្រូពេទ្យយកសំណាករកជំងឺកូវីដ-១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរបស់ពួកគេរៀងៗខ្លួន។  
 
បើតាមលោកអភិបាលរងខណ្ឌបឹងកេងកង អ្នកជំងឺទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩កោះពេជ្រ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដឹព្រីមៀរសែនសុខ។ 


 អាជីវករផ្សារបឹងកេងកងជាច្រើននាក់កំពុងត្រូវបានក្រុមគ្រូពេទ្យយកសំណាករកជំងឺកូវីដ-១៩ រូបភាពពីរដ្ឋបាលខណ្ឌបឹងកេងកង
 
លោកអភិបាលរងខណ្ឌបឹងកេងកង បានអះអាងថា មូលហេតុដែលបណ្តាលឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងផ្សារបឹងកេងកងនេះ គឺដំបូងឡើយមានអាជីវករ៤នាក់មានរោគសញ្ញាដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ ទើបពួកគេទៅធ្វើតេស្តដោយលទ្ធផលគឺវិជ្ជមានកូវីដ-១៩។ ក្រោយមកក៏មានអ្នកឆ្លងជាបន្តបន្ទាប់ទៀត។  
 
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកងបានបញ្ជាក់ថា អាជីវករសរុបនៅក្នុងផ្សារបឹងកេងកងមានជាង១១០០នាក់។
 
កាលពីថ្ងៃទី២៨ ខែមិថុនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចបិទផ្សារបឹងកេងកងនេះរយៈពេល១៤ថ្ងៃសិន គឺចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ 
 
កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥០៣៨៥ នាក់ ក្នុងនោះ ២ ៥៤៨នាក់ករណីនាំចូល។ អ្នកជាសះស្បើយមានចំនួន ៤៤ ១៤៣នាក់ និងស្លាប់សរុប ៦០២នាក់៕
 
 

Tag:
 អាជីវករផ្សារ
 បឹងកេងកង
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com