ជាតិ
ត្រឹម៣៩៥ថ្ងៃ សំណុំរឿងជាង១សែនករណី ត្រូវបានដោះស្រាយ ដោយកាត់បន្ថយអ្នកជាប់ឃុំជិត៤ម៉ឺននាក់
30, Jun 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ត្រឹមពេល៣៩៥ថ្ងៃ ក្រសួងយុត្តិធម៌ បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌទាំងចាស់និងថ្មី ជាង១សែនសំណុំរឿង ដោយបានកាត់បន្ថយអ្នកជាប់ឃុំជិត៤ម៉ឺននាក់។ យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនេះ បានចាប់ផ្ដើមពីថ្ងៃទី១៨មិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧មិថុនា ឆ្នាំ២០២១។


ក្រសួងយុត្តិធម៌ បានប្រកាសបិទបញ្ចប់យុទ្ធនាការដោះស្រាយការកស្ទះសំណុំរឿង នៅតាមសាលារាជធានីខេត្ត ដែលស្ទះនៅដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់ការជំនុំជម្រះហើយ។ រយៈពេល១ឆ្នាំ ១ខែមកនេះ ក្រសួងយុត្តិធម៌ បានដោះស្រាយសំណុំរឿងចាស់ បាន៣៧,៩០០រឿង ស្មើនឹង៩៦ភាគរយ នៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះជាង៣,៩ម៉ឺនករណី។ដោយឡែកសំណុំរឿងព្រហ្មទណ្ឌចូលថ្មី៦២,៨០០ករណី ដែលស្មើនឹង៧៨ភាគរយ នៃសំណុំរឿងសរុបជាង៨ម៉ឺនករណី ក៏ត្រូវបានដោះស្រាយដែរ។ 
 
សាលាដំបូងរាជធានី-ខេត្តចំនួន២២ បានប្រកាសភាពជោគជ័យរបស់ខ្លួនជាបន្តបន្ទាប់ ស្ដីពីដំណើរការនៃការដោះស្រាយសំណុំរឿង ខណៈសាលាដំបូងភ្នំពេញនិងព្រះសីហនុ មិនទាន់សម្រេចតាមគោលដៅខ្លួន។ នោះក៏ព្រោះតែសាលាដំបូងទាំងពីរនេះ មានសំណុំរឿងច្រើនជាងគេ និងជាទីតាំងបិទខ្ទប់ដោយសារកូវីដ-១៩ ទើបមិនទាន់ប្រកាសភាពជោគជ័យខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៩ មិថុនា។ 
 
យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ ក៏បានកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ជាង៣,៩ករណីផងដែរ។ ក្នុងនោះអ្នកជាប់ឃុំ និងទណ្ឌិត ជាង១,៩ម៉ឺននាក់ ត្រូវបានដោះលែង ហើយក៏ត្រៀមដោះលែងជាង៧ពាន់នាក់ថែមទៀត។ ចំណែកមនុស្សជាង៤ពាន់នាក់ ត្រូវបានសម្រេចមិនឃុំខ្លួន ខណៈមនុស្សជាង៨ពាន់នាក់ទៀត ត្រូវបានបញ្ជូនទៅបន្សាបគ្រឿងញៀន ជំនួសឱ្យការចោទប្រកាន់។
 
ក្រសួងយុត្តិធម៌ ប្រកាសដាក់ចេញ«យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត» ដើម្បីពង្រឹងប្រសិទ្ធភាពសេវាយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងការដាក់ចេញយុទ្ធនាការនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ស្នើមន្ត្រីខ្លួនទាំងអស់ កុំធ្វើជា«ត្រីងៀតឆ្លៀតពង» ដែលឆក់យកឱកាសអនុវត្តវិធានការនេះ ទៅប្រព្រឹត្តិអំពើពុកលួយ៕
 
 
 
 
 
 
 
 
 
 

Tag:
 សំណុំរឿង
© រក្សាសិទ្ធិដោយ thmeythmey.com