ជាតិ
សង្គមជាតិ
អាជ្ញាធរផ្សារអូឡាំពិក ស្នើឱ្យមនុស្ស៣ពាន់នាក់ ទៅធ្វើតេស្ត ក្រោយសន្តិសុខ១៨នាក់ ឆ្លងកូវីដ-១៩
02, Jul 2021 , 3:33 pm        
រូបភាព
រូបភាពពីគណៈកម្មាការគ្រប់គ្រងផ្សារអូឡាំពិក​
រូបភាពពីគណៈកម្មាការគ្រប់គ្រងផ្សារអូឡាំពិក​
ដោយ:
ភ្នំពេញ៖ អាជីវករ និងសន្តិសុខ នៅផ្សារអូឡាំពិក ១៨នាក់ បានតេស្តឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមលោក ឡយ ស៊ាងអាង ប្រធានគណៈកម្មាការគ្រប់គ្រងផ្សារអូឡាំពិក ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។

 
 លោក ឡយ ស៊ាងអាង បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង១៨នាក់នេះ គឺមានអាជីវករ១នាក់,សន្តិសុខក្រុមហ៊ុន១៣ និងសន្តិសុខផ្សារ ៤នាក់។ បច្ចុប្បន្នអ្នកជំងឺទាំង១៨នាក់នោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅស្តាតអូឡាំពិក។ 
 
ប្រធានគណៈកម្មាការគ្រប់គ្រងផ្សារអូឡាំពិក ស្នើឲ្យអាជីវក និងអ្នកពាក់ព័ន្ធសរុប ៣០០០នាក់ ដែលចេញចូលផ្សារ ចន្លោះថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅវិទ្យាល័យទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ 



លោក ឡយ ស៊ាងអាង បានសង្កត់ធ្ងន់ថា ប្រសិនជាអាជីវករទាំងអស់ មិនគោរពតាមការណែនាំវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ទេនោះ ពួកគេមិនអាចបើកដំណើរការលក់ដូរ នៅក្នុងផ្សារបានឡើយ។ 
 
«បើសិនពួកគាត់មិនចូលរួមសហការយកសំណាកទេ ពេលដែលផ្សារដំណើរការវិញ យើងនឹងពិនិត្យមើលថា អ្នកដែលអត់មានត្រាកំណត់ថាធ្វើតេស្តដែលយើងបោះជូនគាត់ទេ គឺយើងមិនអនុញ្ញាតឲ្យពួកគាត់ចូលលក់ ឬយកអ៊ីវ៉ាន់លក់ដូរនៅផ្ទះទេ»។ នេះបើតាមលោក ឡយ ស៊ាងអាង ។ 
 
ប្រធានគណៈកម្មាការគ្រប់គ្រងផ្សារអូឡាំពិក បានអះអាងថា ការរាលដាលឆ្លងជំងឺកូវីដ-១៩ ទៅលើអាជីវករ និងបុគ្គលិកផ្សារនេះ គឺផ្តើមចេញពីអាជីវករម្នាក់ និងសន្តិសុខម្នាក់ ដែលចេញសញ្ញាសង្ស័យឆ្លងជំងឺកូវីដ-១៩ កាលពីចុងខែមិថុនា។ 
 
បើតាមលោក ឡយ ស៊ាងអាង ក្រោយពីមានការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ អាជ្ញាធរបានបាញ់ថ្នាំសម្អាត ក្នុងបរិវេណតូបក្នុងផ្សារទាំងអស់ និងបានបិទផ្សារជាបណ្តោះអាសន្ន កាលពីយប់ថ្ងៃទី១ ខែកក្កដា។ តែយ៉ាងណាអភិបាលរាជធានីភ្នំពេញ មិនទាន់មានវិធានការបិទផ្សារនេះឡើយ។ 
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៥២,៣៥០នាក់ ក្នុងនោះ២៨៧២នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៥,៥០៨ នាក់ និងស្លាប់សរុប៦៦០នាក់៕ 














 
 
 
 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com