COVID-19
ជាតិ
អ្នកទោស៦នាក់ នៅពន្ធនាគារខេត្តតាកែវ ឆ្លងកូវីដ-១៩
04, Jul 2021 , 3:39 pm        
រូបភាព
រូបភាពពីគេហទំព័រ ព័ត៌មានខេត្តតាកែវ
រូបភាពពីគេហទំព័រ ព័ត៌មានខេត្តតាកែវ
ដោយ:
អ្នកទោស ៦នាក់ នៅពន្ធនាគារខេត្តតាកែវ ត្រូវបានរកឃើញថាមានតេស្តវិជ្ជមានកូវីដ-១៩ ខណៈអ្នកពាក់ព័ន្ធជាង១៤០នាក់ទៀត ដែលមានទាំងមន្ត្រីពន្ធនាគារ និងអ្នកជាប់ឃុំដូចគ្នាផង មានលទ្ធផលអវិជ្ជមាន នៅតេស្តលើកទី១។ នេះបើតាមទំព័រហ្វេសប៊ុកអធិការដ្ឋាននគរបាលក្រុងដូនកែវ។

 
តាមប្រភពដដែលនេះ ក្នុងចំណោមអ្នកទោសដែលឆ្លងកូវីដ-១៩ទាំង៦នាក់នេះ មានម្នាក់​រកឃើញនៅយប់ថ្ងៃទី២កក្កដា បន្ទាប់ពីអ្នកជាប់ឃុំរូបនេះ មិនស្រួលខ្លួនហើយត្រូវបានបញ្ជូនទៅ​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ​។ ពេលនោះ​គ្រូពេទ្យ ​ក៏​បាន​យក​វត្ថុ​សំណាក​ធ្វើ​តេស្ត​រហ័ស ​លទ្ធផល​ចេញ​មក​​គឺ ​វិជ្ជមាន​កូវីដ​១៩​។ ក្រោយលទ្ធផលនេះ នៅព្រឹកថ្ងៃទី៣ កក្កដា ក្រុមគ្រូពេទ្យ​ជំនាញ​ បាន​ចុះ​ទៅ​ដល់​ពន្ធនាគារ​ខេត្តដើម្បីយក​​សំណាក​លើ​​មន្ត្រី​​​ពន្ធនាគារ​ចំនួន​១៥នាក់​ ​ ព្រមទាំងលើ​អ្នកទោស ១៣៤នាក់ទៀតដែល​បាន​ប៉ះពាល់​ផ្ទាល់ ​និង​ប្រយោល​​ ហើយជាលទ្ធផល មានទណ្ឌិត ៥នាក់ទៀតវិជ្ជមានកូវីដ-១៩។
 
ពាក់ព័ន្ធនឹងករណីវិជ្ជមានលើអ្នកជាប់ឃុំនេះដែរ គឺកាន់តែបន្ថែមក្តីព្រួយបារម្ភបន្ថែមទៀតសម្រាប់អាជ្ញាធរខេត្ត។ នេះបើតាម លោក មាស អ៊ុយ នាយករដ្ឋបាលខេត្តតាកែវ ដោយលោកបានបញ្ជាក់បែបនេះ៖«យើងបារម្ភចំពោះស្ថានភាពនេះ តែគ្មានអ្វីក្រៅពីគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលនោះទេ។ រដ្ឋបាលខេត្ត ក៏បានពង្រឹងការពារពារ នៅតាមគោលដៅមួយចំនួន ដែលមានការផ្ទុះនូវជំងឺកូវីដ-១៩​ដែរ»។
បើតាម​ លោក មាស អ៊ុយ ​រហូតពេលនេះ ខេត្តតាកែវ មានអ្នកឆ្លងកូវីដ-១៩ ប្រមាណ ១ពាន់នាក់ និងមានអ្នកស្លាប់ ៣៣នាក់។
 
គួររំឭកថា កន្លងមក អ្នកជាប់ឃុំក្នុងពន្ធនាគារ ជាច្រើននាក់មកហើយ ត្រូវបានរកឃើញថាបានឆ្លងកូវីដ-១៩។ អ្នកជាប់ឃុំទាំងនោះមានដូចជានៅ​ពន្ធនាគារនៅ​ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ​កណ្ដាល និងពន្ធនាគារខេត្តកំពង់ស្ពឺ​ជាដើម។
 
 គិតមកដល់ពេលនេះ កម្ពុជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៥៤ ២៩១នាក់ ក្នុងនោះ ៣១៣០ នាក់​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន  ៤៦ ៧៤០នាក់ និង​ស្លាប់​សរុប ៧២០នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com