ជាតិ
សិល្បះ
ថៃ បកស្រាយប្រាប់កម្ពុជាថា សំណង់ប្រាសាទ នៅខេត្តបុរីរម្យ មិនបានចម្លងតាមរចនាប័ទ្មអង្គរវត្តឡើយ
07, Jul 2021 , 11:48 am        
រូបភាព
គម្រោងប្រាសាទកំពូល៣ ដែលគែផ្សព្វផ្សាយថា ថៃ គ្រោងសាងសង់នៅលើទឹកដីខ្លួន (រូបពីគណនីហ្វេសប៊ុកបុរាណាចារ្យ)
គម្រោងប្រាសាទកំពូល៣ ដែលគែផ្សព្វផ្សាយថា ថៃ គ្រោងសាងសង់នៅលើទឹកដីខ្លួន (រូបពីគណនីហ្វេសប៊ុកបុរាណាចារ្យ)
ភ្នំពេញ៖ ថៃ បានអះអាងថា សំណង់ប្រាសាទ ដែលកំពុងសាងសង់នៅក្នុងខេត្តបុរីរម្យនោះ មិនបានលួចចម្លងតាមរចនាប័ទ្មអង្គរវត្តឡើយ។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលការបកស្រាយរបស់ភាគីថៃ តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចុះស្រាវជ្រាវ និងប្រមូលព័ត៌មាននេះ។


ក្រសួងវប្បធម៌ បានបញ្ជាក់ថា សំណងប្រាសាទដែលកម្ពុជាសង្ស័យថៃ លួចចម្លងរចនាប័ទ្មប្រាសាទអង្គរវត្តនោះ ជាសំណង់ប្រាសាទមួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃទៀត មានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជា។ សំណង់ប្រាសាទដែលថៃកំពុងសាងសង់នោះ ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ ។ 
 
ក្រសួងវប្បធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៧ កក្កដានេះ ដោយយោងតាមព័ត៌មានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះស្រាវជ្រាវ និងប្រមូលព័ត៌មានដូច្នេះ៖«តាមការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្ត(ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៅខេតបុរីរម្យ ប្រទេសថៃ) បានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាប័ទ្មស្ថាបត្យកម្មដូចគ្នានឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺ ការសាងសង់នោះ គឺគូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ»។ 
 
ទោះជាយ៉ាងណា មន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជា នឹងចុះទៅពិនិត្យដោយផ្ទាល់បន្ថែមទៀត ក្នុងករណីមានការមន្ទិលសង្ស័យ ក៏ដូចជានឹងតាមដាន ការងារនេះបន្តដោយយកចិត្តទុកដាក់។
 
សារព័ត៌មានថ្មីៗ ពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានឡើយ ដោយលោកជាប់រវល់ប្រជុំ៕
អត្ថបទទាក់ទង

Tag:
 ប្រាសាទ
  វប្បធម៌
  សិល្បៈ
 
© រក្សាសិទ្ធិដោយ thmeythmey.com