កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020 ៖ Ronaldo ឈ្នះស្បែកជើងមាស ក្រោយធ្វើបានល្អជាង Patrik Schick
12, Jul 2021 , 12:59 pm        
រូបភាព
Cristiano Ronaldo ឈ្នះស្បែកជើងមាស (Goalden Boot) ពីព្រឹត្តិការណ៍ UEFA Euro 2020 បន្ទាប់ពីជំនួបផ្តាច់ព្រ័ត្ររវាងអង់គ្លេស និងអ៊ីតាលី ដោយសារគ្មានអ្នកស៊ុតចូលទីលើសគ្រាប់ខ្លួន ។ ប្រធានក្រុមជម្រើសព័រទុយហ្កាល់ បង្ហាញខ្លួន៤ប្រកួតប៉ុណ្ណោះ តែរកបាន៥គ្រាប់។  Gianluigi Donnarumma អ្នកចាំទីអ៊ីតាលី ក្លាយជាកីឡាករល្អបំផុតប្រចាំជើងឯកអឺរ៉ុប។



៥គ្រាប់របស់ខ្សែប្រយុទ្ធ Juventus ធ្វើបានក្នុងជំនួបវគ្គសន្សំពិន្ទុពូល F ដោយក្នុងនោះ២គ្រាប់ក្នុងការប្រកួតដែលព័រទុយហ្កាល់ឈ្នះហុងគ្រី ៣-០ មួយគ្រាប់ក្នុងបរាជ័យក្រោមថ្វីជើងអាល្លឺម៉ង់ ៤-២ និង២គ្រាប់ក្នុងជំនួបស្មើបារាំង ២-២។
 
តាមពិតទៅ Patrik Schick ខ្សែប្រយុទ្ធក្រុមសាធារណរដ្ឋឆែកក៏រកបាន៥គ្រាប់ដែរ ប៉ុន្តែដោយសារ Ronaldo មានការបង្ហាញខ្លួនល្អជាងដោយមានប្រៀបលើការបញ្ចូនបាល់ឱ្យដៃគូសម្រេចទី (assist) ១លើក និងមាននាទីប្រកួតតិចជាង ទើបសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ផ្តល់ពាន Golden Boot ទៅឱ្យរូបគេ។ ចំណែក Patrik Schick បានស្បែកជើងប្រាក់ ខណៈ Karim Benzema ខ្សែប្រយុទ្ធបារាំង ដែលស៊ុតចូលទី៤គ្រាប់នោះ បានស្បែកជើងសំរិទ្ធ។ ការរៀបចំឱ្យមានស្បែកជើងប្រាក់ និងសំរិទ្ធ គឺចាប់តាំងពីឆ្នាំ២០១២មក។
 


ដោយឡែកHarry Kane ខ្សែប្រយុទ្ធក្រុមអង់គ្លេសដែលមាន៤គ្រាប់ ក៏មានឱកាសច្រើនដើម្បីប្រជែងយកស្បែកជើងមាសពីជើងឯកអឺរ៉ុបនេះដែរ ប៉ុន្តែប្រធានក្រុមរូបនេះ មិនអាចរកគ្រាប់បាល់បន្ថែមទៀតនៅជំនួប២លើកចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
 
ដោយឡែកអ្នកចាត់ទី Jordan Pickford ក្លាយជាអ្នកសង្គ្រោះបាល់បានច្រើនជាងគេ (Cleansheets) ៥លើក លើសគូប្រជែង Gianluigi Donnarumma អ្នកចាំទីអ៊ីតាលី ដែលសង្គ្រោះបាន៣លើក។
 
យ៉ាងណាក៏ដោយ Donnarumma អ្នកចាំទីក្លិប AC Milan ត្រូវបាន UEFA ចាត់ជាកីឡាករល្អបំផុតក្នុងព្រឹត្តិការណ៍ Euro 2020 ខណៈកីឡាករវ័យក្មេងល្អជាងគេបានទៅ Pedri ខ្សែបម្រើអេស្ប៉ាញ និងក្រុម Barcelona៕
 


 

Tag:
 Euro 2020
  Goalden Boot
  Goalden Glove
© រក្សាសិទ្ធិដោយ thmeythmey.com