កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​រៀបចំអូឡាំពិក សុំទោស ក្រោយច្រឡំហៅ​ជ័យលាភីមេដាយអ៊ុយក្រែន ថា មកពី​រុស្ស៊ី
06, Aug 2021 , 9:29 am        
រូបភាព
កីឡាការិនីអ៊ុយក្រែន Marta Fiedina និង Anastasiya ពេលទទួលមេដាយសំរឹទ្ធ។ រូបថត AP
កីឡាការិនីអ៊ុយក្រែន Marta Fiedina និង Anastasiya ពេលទទួលមេដាយសំរឹទ្ធ។ រូបថត AP
ដោយ: រួបរួម
តំណាងអ្នក​រៀបចំព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ បាន​សុំទោសចំពោះការ​ច្រឡំ​ប្រកាសអត្តពលិកអ៊ុយក្រែនដែលបាន​មេដាយសំរឹទ្ធលើការប្រកួតកីឡាហែលទឹកបែបសិល្បៈ (Artistic Swimming) ថាជាអត្តពលិលនៃគណៈកម្មការអូឡាំពិក​រុស្ស៊ី (ROC) នាពិធីប្រគល់មេដាយ​កាលពី​ថ្ងៃព្រហស្បតិ៍។


អត្តពលិកពីគណៈកម្មការអូឡាំពិករុស្ស៊ី Svetlana Romashina និង Svetlana Kolesnichenko បានឈ្នះមេដាយ​មាស​លើវិញ្ញាសា Free Routine នៃកីឡាហែលទឹកបែបសិល្បៈ រីឯក្រុមកីឡាការិនីចិន Huang Xuechen និង Sun Wenyan បានមេដាយ​ប្រាក់។ ឈានដល់ម្ចាស់មេដាយសំរឹទ្ធអ៊ុយក្រែន គឺកីឡាការិនី Marta Fiedina និង Anastasiya Savchuk អ្នក​ប្រកាសជាភាសាបារាំង បែរច្រឡំហៅថា ជាអត្តពលិកនៃគណៈកម្មការអូឡាំពិករុស្ស៊ី (ROC) ទៅវិញ។
 
«នេះពិតជាកំហុសនៃកិច្ចប្រតិបត្តិការ»។ អ្នកនាំពាក្យគណៈកម្មការរៀបចំអូឡាំពិក លោក Masa Tanaka បានទទួលស្គាល់យ៉ាងដូច្នេះ ដោយអះអាងបន្ថែមថា ទាំងអ្នកប្រកាស និងក្រុមអ្ន​ក​រៀបចំ សុទ្ធតែ​បានសុំទោស ជាពិសេសក្រុមអ៊ុយក្រែន ​ចំពោះករណីដែលបាន​កើតឡើងនេះ ។
 
តាមពិតទៅ សម្រាប់ក្រុមផ្សេង កំហុស​បែបនេះ មិនចោទជាបញ្ហានោះឡើយ ប៉ុន្តែសម្រាប់រុស្ស៊ី និងអ៊ុយក្រែន គឺជារឿងដ៏ធំមួយ ដោយ​ប្រទេសទាំងពីរមានទំនាក់ទំនងការទូត​ដ៏រង្គោះរង្គើជាច្រើន​ឆ្នាំ ហើយក៏ធ្លាប់ប៉ះទង្គិចគ្នា​ក្នុង​វិស័យកីឡា​ផងដែរ ជាពិសេសការប្រទាញប្រទង់តាមគ្រីមៀរ។ 
 
រាប់តាំងពីព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០១៤នៅ Sochi និងព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទាត់អឺរ៉ុប Euro កន្លងមក រុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែមាន​ការប៉ះទង្គិចផ្នែក​ការទូត។ នាពិធីបើកអូឡាំពិកតូក្យូ កាលពីថ្ងៃទី២៣ ខែកក្កដា បណ្តាញទូរទស្សន៍រុស្ស៊ី ក៏បាន​ប្តូរទៅដាក់ពាណិជ្ជកម្ម​ផងដែរ ខណៈដែលក្រុមអ៊ុយក្រែន ត្រូវ​ដើរក្បួនអមដោយទង់ជាតិ៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com