COVID-19
ជាតិ
អ្នកជំនាញ៖ ​​ឪពុកម្តាយ ដើរតួយ៉ាងសំខាន់ក្នុងការសិក្សា​តាមអនឡាញរបស់កូនតូច
07, Aug 2021 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ប្រព័ន្ធឌីជីថលជាមធ្យោបាយតែមួយគត់ សម្រាប់ឲ្យសិស្សបន្តការសិក្សា ក្នុងបរិបទកូវីដ-១៩។​ តែយ៉ាងណាកម្រិតចំណេះដឹង ដែលសិស្សទទួលបានក្នុងបរិបទកូវីដ-១៩នេះគឺមិនស្មើគ្នាឡើយ។ ការសិក្សាបែបថ្មីនេះ ចាប់ពីសិស្សកម្រិតវិទ្យាល័យឡើងទៅ គឺអាចចាប់បាន និងទទួលបានចំណេះដឹង​ច្រើន។​ ចំណែកការសិក្សារបស់​សិស្ស​មតេ្តយ្យ និងបឋម គឺមិនទាន់មានគុណភាពនៅឡើយទេ។ ជុំវិញការសិក្សារបស់កុមារតូច នៅក្នុងបរិបទកូវីដ-១៩ អ្នកជំនាញ អះអាងថា ក្រៅពីគ្រូបង្រៀន ឪពុកម្តាយ ឬអាណាព្យាបាល គឺជាតួអង្គដ៏សំខាន់បំផុត នៅក្នុងការជំរុញការសិក្សា​តាមអនឡាញរបស់កូនតូច​។ ការព្រងើយ កន្តើយរបស់ឪពុកម្តាយ នឹងជះផលអវិជ្ជមានដល់គុណភាពអប់រំរបស់កុមារ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកជំនាញ គេមិនអាចបន្ទោសឪពុកម្តាយ ឬអាណាព្យាបាលទាំងស្រុងដែរ ព្រោះ​កត្តាជីវភាព ចំណេះដឹង និងប្រព័ន្ធអ៊ីនធឺណិត ពិសេសនៅជនបទដាច់ស្រយាល ក៏បានរារាំងដល់ការអប់រំទាំ ងមនុស្ស និងកុមារៗដែរ។

ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទសាលារៀនរដ្ឋ និងឯកជនគ្រប់កម្រិត ម្តងជាពីរដង។ ការអាក់ខានសិក្សារបស់សិស្សានុសិស្ស នៅក្នុងថ្នាក់រៀន លើកចុងក្រោយនេះ គឺចាប់តាំងពី២០ មីនា ឆ្នាំ២០២១មក។ សិស្សទាំងអស់ ត្រូវបន្តការ​តាមប្រព័ន្ធអនឡាញ។ ប៉ុន្តែសិស្សទាំងអស់ មិនមានលទ្ធភាព និងឱកាសស្មើគ្នានោះទេ ក្នុងការទទួលបានការអប់រំនោះទេ នៅក្នុងបរិបទកូវីដ-១៩នេះ។
 
សិស្សដែលមានជីវភាពធូរធារ​ ​អាចទទួលបានការសិក្សា​ពេញលេញ ឬឆកល្វែងតិចតួច តែសម្រាប់សិស្សនៅតាមទីជនបទ និងតំបន់ដាច់ស្រយាល ពួកគេមិនមាន​លទ្ធភាពរៀ​នគ្រប់គ្នា​នោះទេ។ បញ្ហាជីវភាព ចំណេះដឹងអំពីបច្ចេកវិទ្យា ឬកម្រិតចំណេះដឹងទូទៅរបស់ឪពុកម្តាយ រួមទាំងប្រព័ន្ធអ៊ីនធឺណិតរអាក់រអួល ​ក៏បានបង្អាក់ការទទួលបានការអប់រំ របស់សិស្សទាំងតូច ទាំងធំដែរ។
 
​ជុំវិញការសិក្សាតាមបច្ចេកវិទ្យានេះ គឺផ្តល់ផលវិជ្ជមានច្រើន សម្រាប់សិស្សវិទ្យាល័យ និងនិស្សិត​​ ​ព្រោះ​ពួកគេមួយចំនួនធំ មានទូរសព្ទ ឬកុំព្យូទ័រ​ផ្ទាល់ខ្លួន ដែលងាយសម្រាប់រៀនតាមអនឡាញ​។ ម្យ៉ាងទៀតពួកគេក៏មាន​ឯករាជ្យច្រើន ចេះគ្រប់គ្រង និងស្វ័យសិក្សាខ្លួនឯង ដោយមិនចាំបាច់ មានការចាំតម្រង់ទិសពីគ្រូ ឬឪពុកម្តាយឡើយ។ 
 
កញ្ញា សឿន និត្តា ជានិស្សិតនៅសាលកវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងបរិបទកូវីដ-១៩​នេះ នាងអាចផ្តោតលើការសិក្សា បាន ច្រើនជាងពេល​​រៀននៅក្នុងថ្នាក់ទៅទៀត។ និស្សិតផ្នែកច្បាប់រូបនេះអះអាងថា ខ្លួនមិនត្រឹមតែអាចបន្តរៀនជាមួយគ្រូ តាមអនឡាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន​​ទទួលបានចំណេះដឹងថ្មីៗពី​អ៊ីនធឺណិត និងពិសេសពីសិក្ខាសាលាផ្សេងៗដែលរៀបចំតាមអនឡាញ​។ សម្រាប់ និត្តា ការចូលរួមសិក្ខាសាលានានា ក៏ផ្តល់ឱកាសដល់នាង បានបង្កើនទំនាក់ទំនងជាមួយមនុស្សថ្មីៗ និងបានរៀនសូត្រពីបទពិ​សោធជីវិតបន្ថែមផងដែឬ ដែលចំណេះដឹងទាំងនេះ ​មិនមានបង្រៀននៅក្នុងសាលានោះទេ។


​ កញ្ញា សឿន និត្តា ជានិស្សិតនៅសាលកវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច 

មិនខុសគ្នាដែរ យុវសិស្ស រឹម គុណវឌ្ឍន៍ ដែលសិក្សារថ្នាក់ទី១២ នៅវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេស សម្តេច​ ហ៊ុន សែន ROTA ខ្សាច់កណ្តាល ខេត្តកណ្តាល បានឱ្យសារព័ត៌មានថ្មីៗដឹងថា រូបគេមិនដែលខកខានការសិក្សាតាមប្រព័ន្ធអនឡាញម្តងណាឡើយ  តាំង​​ពីបិទសាលារៀន​មក។ ដ្បិតតែពេលខ្លះសេវាអ៊ីនធឺណិតរអាក់រអួល រំខានដល់ការសិក្សាបន្តិចក្តី ប៉ុន្តែយុវសិស្សវ័យ ១៦ឆ្នាំរូបនេះ នៅតែអត់ធ្មត់ក្នុងការសិក្សា ព្រោះថាវាជាមធ្យោបាយតែមួយគត់ ដែលរូបគេអាចពង្រឹងចំណេះ សម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃខាងមុខ ​ក្នុងបរិបទកូវីដ-១៩នេះ។


 យុវសិស្ស រឹម គុណវឌ្ឍន៍ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេស សម្តេច ហ៊ុន សែន ROTA ខ្សាច់កណ្តាល ខេត្តកណ្តាល

យុវសិស្ស រឹម គុណវឌ្ឍន៍ បានរៀបរាប់ដូច្នេះ​៖«ការរៀនតាមអនឡាញ ខ្ញុំទទួលបានចំណេះដឹងជាច្រើន តាមលំដាប់លំដោយ ទៅតាមមេរៀនដែលគ្រូបង្រៀន និងដាក់ឲ្យ។ ជាពិសេសលើមុខវិជ្ជា ដែលខ្ញុំរៀននៅផ្នែកវិទ្យាសាស្ត្រ»។​ សិស្សថ្នាក់ទី១២រូបនេះ បានប្តេជ្ញាថារូបគេ នឹងខិតខំក្រេបយកចំណេះដឹងពី​គ្រូដែលបង្រៀនតាមអនឡាញផង ពីកម្មវិធីសិក្សាផ្សេងៗរបស់ក្រសួងអប់រំ និងស្វ័យសិក្សានៅផ្ទះដោយខ្លួនឯងបន្ថែមទៀត។
 
 
កុមារតូចជាច្រើន រៀនមិនបានពេញលេញ ដោយសារកត្តាជីវភាព និងអ៊ីនធឺណិត
 
ជាការពិតណាស់ សិស្សវិទ្យាល័យ និងនិស្សិត​ ពួកគេងាយនឹងសម្របខ្លួនបានលឿន ក្នុងរបៀបសិក្សាបែបថ្មីនេះ ផ្ទុយពី​សិស្សតូចៗ ដែលទាមទារឱ្យមានការគាំទ្រខ្លាំងក្លាពីឪពុកម្តាយ ឬអាណាព្យាបាល ទើបពួកគេអាចបន្តសិក្សាបាន។ ក្មេងតូចៗ ខ្វះទាំងចំណេះដឹងផ្នែកបច្ចេកវិទ្យា ព្រមទាំងការគ្រប់គ្រងការរៀនសូត្ររបស់ពួកគេដោយខ្លួនឯងផង។ លើសពីនេះទៀត កុមារនៅជនបទខ្លះ មិនបានរៀនសូត្រ ក្នុងអំឡុងពេលបិទសាលារៀននេះ ដោយសារបញ្ហាជីវភាព មិនមានឧបករណ៍សម្រាប់រៀន បញ្ហាអ៊ីនធឺណិត ឬមិនមានមនុស្សធំនៅចាំគាំទ្រក្នុងអំឡុងម៉ោងរៀនជាដើម។
 


  អ្នកស្រី ហុង ស្រីនាង ជាមួយនឹងកូនប្រុសស្រី២នាក់

​អ្នកស្រី ហុង ស្រីនាង ដែលមានកូនតូចៗ២នាក់  បានប្រាប់សារព័ត៌មានថ្មីៗថា កូនទាំង២នាក់របស់ខ្លួន មិនសូវបានរៀនដិតដល់នោះទេក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ។ ជាអ្នកលក់កាហ្វេនៅផ្សារដើមរការ ខេត្តកំពង់ស្ពឺអ្នកស្រី ហុង ស្រីនាង បន្តថាដ្បិតតែសាលារៀនមានកម្ម​វិធីបង្រៀនតាមអនឡាញក្តី ប៉ុន្តែកូន​របស់គាត់​មិនមានទម្លាប់រៀនតាមអនឡាញឡើយ ខណៈដែលខ្លួនក៏រវល់លក់ដូរ។ អ្នកម្តាយរូបនេះ ក៏មិនមានលទ្ធភាពច្រើនក្នុងការបង្រៀន​កូនបន្ថែមដែរ ព្រោះគាត់ក៏មានចំណេះដឹងទាប។ អ្នកមា្តយវ័យ៣០ឆ្នាំរូបនេះ បានត្រឹមតែដាស់តឿនកូនៗឲ្យរំលឹកមេរៀនបន្ថែមប៉ុណ្ណោះ។ អ្នកស្រី​ ហុង ស្រីនាង បន្តទាំងព្រួយចិត្តថា៖«រាល់ថ្ងៃនេះ ​ខ្ញុំបារម្ភពីការរៀនសូត្ររបស់កូនខ្ញុំ។ កូនខ្ញុំរៀងភ្លេចការសិក្សាជាងមុន ពីព្រោះខ្ញុំអត់សូវចេះ ហើយបើប្តីខ្ញុំ គឺអត់ចេះដែរ។ ខ្ញុំរៀនត្រឹមតែថ្នាក់ទី៤ បើកូនខ្ញុំមកសួររឿង ក ខ អី គឺខ្ញុំអាចបង្រៀនគាត់បាន ប៉ុន្តែបើសួររឿងបូកលេខ និងចែកលេខ គឺខ្ញុំក៏មិនចេះដែរ»។ 
 
​អ្នកម្តាយមួយរូបទៀតនៅខេត្តកំពង់ចាម គឺអ្នកស្រី​ អាន សុយ៉េង ក៏អះអាងថាក្នុងអំឡុងពេលបិទសាលារៀននេះ ខ្លួនពុំសូវមានពេលវេលា​បង្រៀនកូនរបស់ខ្លួន ដែលកំពុងរៀនថ្នាក់​ទី១ឡើយ ដោយសារតែមមាញឹកនឹងការធ្វើស្រែចំការ​។ យ៉ាងណាក៏ដោយ អ្នកស្រី សុយ៉េង នៅតែខិតខំឆ្លៀតពេលបង្រៀនកូនបានខ្លះដែរ ដោយមិន​បណ្តោយឲ្យកូន ភ្លេចការសិក្សាឡើយ។ ​
 
មិនមែន​តែឪពុកម្តាយ​ទេ ដែលខ្វល់ខ្វាយការសិក្សារបស់ក្មេងៗតូចៗ លោក​ហឿន រតនា ដែលជាគ្រូបង្រៀន​សិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាកោះតាភេម ខេត្តកំពង់ចាម​ ក៏ព្រួយចិត្តណាស់ដែរ។ លោកគ្រូ រតនា បានឱ្យសារព័ត៌មានថ្មីៗដឹងថា ក្មេងមួយចំនួន មិនបានរៀនតាមអនឡាញឡើយ និងខ្លះរៀនមិនទៀងទាត់ ដោយសារឪពុកម្តាយក្រីក្រ គ្មានលទ្ធភាពទិញ​ទូរសព្ទឲ្យរៀន​ ហើយឪពុកម្តាយខ្លះ​មិនអាចបង្រៀនកូន​បាន​ ដោយសារកម្រិតចំណេះទាប។ កម្សោយ​ផ្នែកបច្ចេកវិទ្យា ក៏រួមចំណែកដល់ការអាក់ខានសិក្សារបស់សិស្សដែរ។ ក្មេងខ្លះ ត្រូវបានឪពុកម្តាយបង្ខំឲ្យឈប់រៀន ដើម្បីជួយធ្វើកិច្ចការងាររកប្រាក់ចិញ្ចឹមជីវិត។


លោកហឿន រតនា ជាគ្រូបង្រៀនសិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាកោះតាភេម ខេត្តកំពង់ចាម

​​លោកគ្រូ ហឿន រតនា បញ្ជាក់បន្ថែមពីកម្រិតចំណេះដឹងរបស់សិស្សខ្លួនយ៉ាងដូច្នេះ៖«កូនសិស្សខ្ញុំ អាចទទួលបានចំណេះដឹងត្រឹមតែ៦០ភាគរយ។ ឪពុកម្តាយខ្លះ ​គាត់បានដាស់​តឿន និងណែនាំកូនរៀន គឺក្មេងអាចចាំមេរៀនបានច្រើន។ ហើយឪពុកម្តាយខ្លះទៀតដែល​នៅតំបន់ខាងខ្ញុំនេះ គឺ​សម្បូរអ្នកចំណាកស្រុក ដូច្នេះ​ភាគច្រើន ឪពុកម្តាយទុកកូននៅជាមួយយាយតា។ ដោយពួកគាត់គឺសុទ្ធតែចាស់ៗ ពិបាកបង្រៀន និងចំណេះដឹងគាត់ទាបដែរ អ៊ីចឹងមិនដឹងថាត្រូវបង្រៀនចៅ ​របៀបម៉េចទេ»។ ​
 
​ការអប់រំកុមារតូចក្នុងបរិបទកូវីដ-១៩ ទាមទារការយកចិត្តទុកដាក់ខ្ពស់ពីឪពុកម្តាយ
 
ជុំវិញបញ្ហានេះ លោក ឈត ប៊ុនថង​ ប្រធាន​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា​ សិស្សវិទ្យាល័យ និងនិស្សិត​ ងាយនឹងសម្របខ្លួនក្នុងរបៀបសិក្សាបែបថ្មីនេះ ល្អប្រសើរជាសិស្សតូចៗ។​​ លោក ឈត ប៊ុនថង ​កត់សម្គាល់ថា ​សិស្សថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា​ គឺពួកគេថមថយការសិក្សាក្នុងកម្រិតតិចតួច ប៉ុន្តែចំពោះគុណភាពការសិក្សារបស់ក្មេងៗវិញ គឺមិនទាន់ល្អប្រសើរនៅឡើយទេ។ ដើម្បីឱ្យការសិក្សារបស់ក្មេងៗទទួលបានលទ្ធផលល្អ និងមានគុណភាព ទាមទារចាំបាច់ការយកចិត្តទុកដាក់ពីឪពុកម្តាយ និងអាណាព្យាបាល​។ នេះជាការបន្ថែមរបស់ លោក ឈត ប៊ុនថង។


  លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា 
 
​លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏បានទទួលស្គាល់ដែរ ពីតួនាទីដ៏សំខាន់ និងចាំបាច់របស់ឪពុកម្តាយ ឬអាណាព្យាបាល ក្នុងការជំរុញការសិក្សាររបស់កុមារតូចៗតាមប្រព័ន្ធអនឡាញ ក្នុងបរិបទកូវីដ-១៩នេះ។ សម្រាប់លោក ប៉ា ច័ន្ទរឿន សិស្សតូចៗមិនទម្លាប់រៀនតាមអនឡាញ ​ដូច​សិស្សធំៗឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងណែនាំច្រើនពីឪពុកម្តាយ និងអាណាព្យាបាល។ បើពុំដូច្នេះ  ប្រាដកណាស់ថាគុណភាពអប់រំកុមារតូច ​ធ្លាក់ចុះជាងមុន​។ លោក ប៉ា ច័ន្ទរឿន បញ្ជាក់ដូច្នេះ​«ក្មេងចូលចិត្តលេង។ នៅពេលដែលពួកគេអង្គុយមើលគ្រូបង្រៀនតាមអេក្រង់ទូរសព្ទ ឬកុំព្យូទ័រគឺអាចឲ្យក្មេងធុញ។ ពេលគាត់ធុញទៅ គ្រូមានលទ្ធភាពអ្វីនឹងធ្វើសកម្មភាព និងបំផុសឲ្យក្មេងទាក់ទាញ និងឲ្យក្មេងផ្តោតអារម្មណ៍រៀនវិញទេ​។ ពេលខ្លះគាត់អាចនឹងបើកទូរសព្ទលេងហ្គេម»។
 


លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា 

ទាក់នឹងបញ្ហាអ៊ីនធឺណិត និងកង្វះសម្ភារ និងឧប​ករណ៍សម្រាប់សិក្សាក្នុងបរិបទកូវីដ-១៩វិញ នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានស្នើឱ្យក្រសួងអប់រំ គួរសហការជាមួយវិស័យអប់រំឯកជន ពង្រឹង និងបង្កើនប្រសិទ្ធភាព ប្រព័ន្ធអ៊ីនធឺណិតទាំងនៅទីក្រុង និងនៅតាមបណ្តាខេត្ត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរៀន និងបង្រៀន​តាមអនឡាញ។
ជុំវិញបញ្ហានេះ លោក ឈត ប៊ុនថង ក៏ចង់​ឱ្យភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ និងផ្តល់ការជ្រោមជ្រែងបន្ថែម ចំពោះកុមារតូចៗ​នៅជនបទផងដែរ ពិសេសអ្នកដែលមានជីវភាពខ្វះខាត។
​លោក រស់ សុវាចា អ្នកនំាពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ក្នុងបរិបទកូវីដ-១៩ ក្រសួងអប់រំ​ បានរៀបចំផែនការ និងយុទ្ធសាស្ត្រ​យ៉ាងច្បាស់លាស់ ដើម្បីជំរុញឲ្យការសិក្សាពីចម្ងាយ ទាំងនៅទីប្រជុំជន និងជនបទ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ លោក រស់ សុវាចា បានអះអាងថាកន្លងមកក្រសួងអប់រំ ​បានបង្កើតវីដេអូ​, រៀបចំឯកសារមេរៀនជាសន្លឹក សម្រាប់សិស្សដែលគ្មានឧបករណ៍អេឡិចត្រូនិកប្រើប្រាស់, បង្កើតកម្មវិធីសិក្សាតាមវិទ្យុ និងទូរទស្សន៍ និងការបង្រៀនតាមបណ្តុំតូចៗ។ អ្នកនាំពាក្យក្រសួងអប់រំ ​រៀបរាប់ដូច្នេះ​៖«ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ បានប្រឹងប្រែងយ៉ាង ស្រួចស្រាវបំផុត ដើម្បីបំពេញតម្រូវការសិក្សាឲ្យសិស្ស-និស្សិត បានបន្តរៀនសូត្រ តាមរយៈយន្តការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តល់សុវត្ថិភាព សុខភាពដល់អ្នកសិក្សា»។
សូមបញ្ជាក់ថា សាលារៀនគ្រប់​កម្រិតថ្នាក់ទូទាំងប្រទេស ត្រូវបានផ្អាកដំណើរការតាំងពីថ្ងៃទី​២០ ខែមីនា​ ឆ្នាំ២០២១ បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ៕
 
អត្ថបទទាក់ទង
 
 

Tag:
 កុមារ
  ការអប់រំ
  អនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com