COVID-19
ជាតិ
ក្រសួងសុខាភិបាល មិនឱ្យ​អ្នកជំងឺកូវីដ-១៩ ប្រភេទDelta ព្យាបាលនៅផ្ទះឡើយ
10, Aug 2021 , 1:59 pm        
រូបភាព
អ្នកជំងឺកូវីដ-១៩ ប្រភេទ Delta ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ ​មិនអនុញ្ញាតឱ្យព្យាបាលនៅផ្ទះ​ឡើយ ហើយត្រូវទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរព្យាបាលជំងឺកូវីដ-១៩ ​ទៅតាមស្ថានភាពសុខភាពជាក់ស្តែង។ នេះជាការកំណត់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងលិខិតមួយចុះថ្ងៃទី៩ ខែសីហា។ ក្រៅពីកំណត់ដូច្នេះហើយ អនុគណៈកម្មការបច្ចេកទេស និងព្យាបាលនៃ គ.អ.ក ក៏បានកំណត់​លក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតានេះដែរ។

 
ក្រសួងសុខាភិបាល មិនអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទDelta ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ ​ឱ្យព្យាបាលនៅផ្ទះនោះឡើយ។ អ្នកជំងឺកូវីដ-១៩ ប្រភេទDelta ត្រូវតែទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមស្ថានភាពសុខភាពជាក់ស្តែង​របស់អ្នកជំងឺ​។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុនហ៊ង រដ្ឋមន្ត្រីក្រសួងសុខាភិបាបល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) នៅថ្ងៃទី៩ នៅក្នុងលិខិតមួយជម្រាបទៅប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអ្នកទទួលបន្ទុកមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩។ 
 
បើតាមលិខិតដដែល ភាពចាំបាច់នៃការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាមទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ព្រមទាំងការសិក្សារស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ គឺជាមូលហេតុនៃការមិនអនុញ្ញាតឱ្យអ្នក អ្នកជំងឺកូវីដ-១៩ ប្រភេទ Delta ព្យាបាលនៅផ្ទះ។ 
 
ក្រៅពីមិនអនុញ្ញាតឱ្យព្យាបាលនៅផ្ទះហើយ តាមរយៈលិខិតដដែលនេះ អនុគណៈកម្មការបច្ចេកទេស និងព្យាបាលនៃគ.អ.ក បានកំណត់​លក្ខខណ្ឌបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ដើម្បីដាក់ឱ្យអនុវត្ត នតាមរាជធានី-ខេត្តទាំងអស់។ 
 
បើតាមលក្ខខណ្ឌកំណត់​ អ្នកជំងឺកូវីដ-១៩ ប្រភេទ Delta ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ ​ត្រូវធ្វើតេស្ត PCR នៅថ្ងៃទី១៦ បន្ទាប់ពីដឹងលទ្ធផលតេស្តវិជ្ជមាន​ដំបូង។ 
 
ប្រសិនបើលទ្ធផលតេស្តនៅថ្ងៃទី១៦នេះ វិជ្ជមាន នោះគ្រូពេត្យត្រូវ​បន្តការព្យាបាលអ្នកជំងឺ ហើយត្រូវធ្វើតេស្ត PCR ឡើងវិញ រៀងរាល់ ៤៨-៧២ម៉ោង រហូតដល់ទទួលបានលទ្ធផល អវិជ្ជមាន ២ដង បន្តបន្ទាប់គ្នា ក្នុងរយៈពេល ៧២ម៉ោង។ បន្ទាប់ពីទទួលលទ្ធផលអវិជ្ជមាន ២ដងហើយ គ្រូពេត្យអាចអនុញ្ញាតឱ្យអ្នកជំងឺ​ចេញពីផ្នែកព្យាបាលអ្នកជំងឺកូវីដ-១៩ (លឿនបំផុតនៅថ្ងៃទី២១) និងបន្តព្យាបាលតាមផលវិបាកនៃជំងឺ ឬបញ្ចប់ការព្យាបាល (លឿនបំផុតនៅថ្ងៃទី២១​) ហើយបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះ។
 
ក្នុងករណីតេស្តរបស់អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា នៅថ្ងៃទី១៦ មានលទ្ធផលតេស្តអវិជ្ជមានវិញ គ្រូពេត្យត្រូវបន្ត​ព្យាបាលអ្នកជំងឺ និងហើយត្រូវតេស្ត PCR ឡើងវិញ នៅថ្ងៃទី១៩​​។
ប្រសិនបើលទ្ធផលតេស្តនោះវិជ្ជមាន អ្នកជំងឺនៅតែបន្តការព្យាបាលទៀត ហើយត្រូវធ្វើតេស្ត PCR ឡើងវិញ រៀងរាល់ ៤៨ -៧២ម៉ោង រហូតដល់ទទួលបានលទ្ធផល អវិជ្ជមាន ២ដង បន្តបន្ទាប់គ្នា ក្នុងរយៈពេល៧២ម៉ោង។ តែបើលទ្ធផលតេស្តអវិជ្ជមានវិញ អ្នកជំងឺនឹងត្រូវអនុញ្ញាតឱ្យចេញពីផ្នែកព្យាបាលអ្នកជំងឺកូវីដ-១៩ (លឿនបំផុតនៅថ្ងៃទី២១) និងបន្តព្យា​បាល​​តាមផលវិបាកនៃជំងឺ ឬបញ្ចប់ការព្យាបាល (លឿនបំផុតនៅថ្ងៃទី២១​) ហើយបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះ។

សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ចំនួន ៣៨៥នាក់ ទាំងករណីនាំចូល និងករណីរាលដាលក្នុងសហគមន៍៕
 

Tag:
 កូវីដ-១៩
  Delta
  ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com