កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីវេណេស៊ុយអេឡា បន្ទោសក្លិប Barcelona ថា ធ្វើអាក្រក់ចំពោះMessi
12, Aug 2021 , 9:29 pm        
រូបភាព
លោក Nicolas Maduro ប្រធាននាធិបតីរបស់វេណេស៊ុយអេឡា កាលពីពេលថ្មីៗនេះ បានលូកដៃចូលមកវិភាគរឿងរ៉ាវកីឡាបាល់ទាត់ ជុំវិញការចាកចេញរបស់តារាឆ្នើម Lionel Messi ពីក្លិប Barcelona ។ លោក Madura ថា ក្លិបអ្នកមានបុណ្យមួយនេះ ពិតជាអាក្រក់ណាស់ ចំពោះ Messi ។ លោក Maduro បាននិយាយបែបនេះក្នុងកម្មវិធីអបអរដល់កីឡាករអូឡាំពិករបស់ប្រទេសលោកផ្ទាល់។


កីឡាករឆ្នើមលំដាប់ពិភពលោក Lionel Messi កាលពីរាត្រីថ្ងែទី៨ សីហា បានធ្វើសន្និសីទកាសែតលាក្រុមការងារ និងមិត្តរួមក្រុមជាលើកចុងក្រោយ មុនចាកចេញពីក្លិប ដែលខ្លួនបានរួមរស់២១ឆ្នាំ ដោយរូបគេបានបង្ហូរទឹកភ្នែកដោយនឹកស្មានមិនដល់។ 
 
លោក Maduro ដែលបានតាមដានមើលសន្និសីទកាសែតរបស់ Messi នោះ បានអះអាងថា រូបលោកក៏បានស្រក់ទឹកភ្នែកដែរ ព្រោះមិនចង់ឲ្យ  Messi ចាកចេញពីBarcelona នោះទេ។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ក៏បានបន្ទោសក្លិប Barcelonaថា៖ «អ្វីដែលពួកគេ(Barcelona) ធ្វើទៅលើ Messi គឺពិតជាអាក្រក់ណាស់។ ខ្ញុំបានស្រក់ទឹកភ្នែកទៅតាម Messi ពេលខ្ញុំបានឃើញគាត់ស្រក់ទឹកភ្នែក»។ 
 
សម្រាប់លោក Maduro កីឡាករ Messi គឺជាគ្រាប់ពេជ្រមួយ ដែល Barca មិនត្រូវបោះចោលឡើយ។ លោកប្រធានាធិបតី ដែលបង្ហាញអារម្មណ៍ពេញចិត្តចំពោះ Messi នេះ បាននិយាយថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ក៏មិនចង់ចាកចេញពីក្លិបដែរ ពោលគឺរូបគេចង់បញ្ចប់អាជីពខ្លួនជាមួយក្លិប Barcelona តែម្ដង។
 
លោក Maduro បាននិយាយបែបនេះ នៅក្នុងកម្មវិធីអបអរសាទអត្តពលិកជាតិខ្លួន ដែលបានឈ្នះមេដាយអូឡាំពិក ដូច្នេះថា៖ «ខ្ញុំស្រក់ទឹកភ្នែកក៏ព្រោះតែរូបគេ គឺជានិមិត្តរូបហើយជាបុរសពិតប្រាកដនៃជ័យជម្នះ ក្នុងពិភពកីឡាទាំងមូល។ ក្រឡេកមើលទៅពួកគេទៅមើល នាយករបស់ក្លិប Barcelona បានបោះចោលនូវគ្រាប់ពេជ្រដ៏មានតម្លៃបំផុតសម្រាប់ក្លិប ហើយពួកគេគឺជាអ្នកដែលបែរខ្នងដាក់តារាឆ្នើម Messi ផ្ទាល់»។
 
Lionel Messi វ័យ៣៤ឆ្នាំបានសម្រេចទៅចូលរួមជាមួយ Paris Saint Germain ដោយយល់ព្រមចុះកិច្ចសន្យា២ឆ្នាំ និងលក្ខខណ្ឌ១ឆ្នាំបន្ថែមទៀត កាលពីថ្ងៃទី ១០ សីហា។ ប៉ុន្តែមុនចាកចេញពី Barcelona ខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏បានព្យាយាមគ្រប់បែបយ៉ាង ដោយសុខចិត្តកាត់ប្រាក់ឈ្នួលខ្លួន៥០ភាគរយ សម្រាប់បន្តការស្នាក់នៅជាក្លិប ដែលប្រៀបដូចជាផ្ទះរបស់គេតាំងតែពីតូចមក។ តែការសម្របសម្រួលរវាងភាគីទាំងពីរនៅតែមិនអាចទៅរួច ដោយសារក្លិបជួបវិបត្តិហិរញ្ញវត្ថុ រួមទាំងបញ្ហាលក្ខខណ្ឌនៅ La Liga លីគអេស្បាញនេះ។
 
សម្រាប់លោក Nicolas Maduro ប្រធាននាធិបតីរបស់វេណេស៊ុយអេឡា Messi នឹងបង្ហាញភាពលេចធ្លោរថែមទៀត ហើយនឹងក្លាយជាម្ចាស់ជើងឯក សារជាថ្មីជាមួយក្រុម PSG ។
 
គួរបញ្ជាក់ថា Messi ត្រូវបានចាត់ទុកជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ ដោយបានស៊ុតបាល់បញ្ចូលទី៦៧២គ្រាប់ ក្នុង៧៧៨ប្រកួតនៃក្លិប Barcelona ចាប់តាំងពីអាយុ១៣ឆ្នាំមក។ គេបានឈ្នះ Ballon d’Or ៦លើក និងលើកពានរង្វាន់៣៥ដងជាមួយក្លិបនៅកាតាឡូនីមួយនេះ៕
 

Tag:
 Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com