COVID-19
ជាតិ
ប្រធានសមាគមសណ្ឋាគារកម្ពុជា អំពាវនាវឲ្យអ្នករកស៊ី ជួយទិញមៀនប៉ៃលិនពីកសិករក្នុងគ្រាលំបាក
15, Aug 2021 , 5:59 pm        
រូបភាព
​លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា (ពាក់ម៉ាសពណ៌ខៀវ)
​លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា (ពាក់ម៉ាសពណ៌ខៀវ)
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ ពិសេសអ្នកជំនួញក្នុងស្រុក ឲ្យជួយទិញផ្លែមៀនប៉ៃលិន ពីប្រជាកសិករ ឬប្រជាសហគមន៍ នៅក្នុងគ្រាដែលកំពុងជួបវិបត្តិទីផ្សារ ក្រោយប្រទេសថៃបានបិទការនាំចូលពីមៀនពីកម្ពុជា។  ទន្ទឹមនឹងការអំពាវនាវនេះ លោកក៏បានជួយទិញមៀនប៉ៃលិនពីកសិករនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានជាង២០តោន ផងដែរ។ 



អត្ថបទទាក់ទង
 
រដូវប្រមូលផលមៀនប៉ៃលិនរបស់ប្រជាកសិកនៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ រួមទាំងខេត្តផ្សេងៗទៀតបានមកហើយ។ ជារៀងរាល់ឆ្នាំ មៀនប៉ៃលិនរបស់ប្រជាកសិករនៅតំបន់នេះ ត្រូវបាននាំចូលទៅទីផ្សារប្រទេសថៃ តាមរបៀងក្នុងខេត្តបាត់បង។ ប៉ុន្តែ ដោយសាររាតត្បាតដោយជំងឺកូវីដ-១៩ និងកត្តាបច្ចេកទេសនៃភូតគាមអនាម័យ អាជ្ញាធរនៃប្រទេសថៃ សម្រេចបិទការនាំចូលពីមៀនពីកម្ពុជា  ដែលធ្វើឱ្យមៀនប៉ៃលិនរាប់ម៉ឺនតោនរបស់កសិករ ប្រឈមការខាតបង់។
 
បន្ទាប់ពីឃើញកសិករផលិតមៀនប៉ៃលិនកំពុងជួបប្រឈមទីផ្សារនេះ លោក ឌិន សុមេធារិទ្ធ បានបង្កើតយុទ្ធនាការទិញផ្លែមៀនប៉ៃលិនរបស់កសិករក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បច្ចុប្បន្ន លោក បានទិញមៀនប៉ៃលិនពីកសិករនៅស្រុកភ្នំព្រឹក បានជាង២០តោន សម្រាប់ចែកមិត្តភក្តិពិសា ឬបន្តលក់បន្តខ្លះ។ 
 
លោក ឌិន សុមេធារិទ្ធ បាននិយាយប្រាប់សារព័ត៌មានថ្មី២៥តាមទូរសព្ទ នាថ្ងៃទី១៥សីហា ដូច្នេះ៖« ដំបូងខ្ញុំគិត ថាចំណាយតែ១ម៉ឺនដុល្លារ ដើម្បីជួយទិញមៀនពួកគាត់ចំនួន១០តោនទេ។  ប៉ុន្តែឥឡូវ ខ្ញុំទិញឈានដល់ជាង២០តោនហើយ។ លោកបានបញ្ជាក់ថា៖«មៀនប៉ៃលិនដែលខ្ញុំទិញនេះ គឺមិនយកទៅកែច្នៃអ្វីទេ។  តែខ្ញុំសង្ឃឹមថា ការទិញនេះអាចជួយសម្រួលទីផ្សារពួកគាត់ [កសិករ]កុំឲ្យដុនដាមពេក»។
 
ជាមួយគ្នានេះ ប្រធានសគមនធសណ្ឋាគារកម្ពុជារូបនេះ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ ជាពិសេសអ្នកជំនួញនានា ឲ្យជួយទិញមៀនប៉ៃលិនរបស់កសិករ ព្រោះបច្ចុប្បន្ន ទីផ្សារមៀនប៉ៃលិននៅបរទេស កំពុងមានបញ្ហាដែលកម្ពុជាមិនអាចនាំចេញបាន។ លោក សុមេធារិទ្ធ បាននិយាយដូច្នេះ៖ « បើយើងនៅក្នុងស្រុកជួយគ្នាតែម្នាក់១គីឡូ ក៏អាចជួយសម្រួលទីផ្សារកសិករឲ្យមានលំនឹងទីផ្សារ ដែរ»។ 
 
យុទ្ធនាការទិញផ្លែមៀនប៉ៃលិនរបស់កសិករក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបង របស់លោកប្រធានសមាគមសណ្ឋាគាររូបនេះ គឺធ្វើក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកឱ្យគាំទ្រ ឬទិញមៀនប៉ៃលិន ពីប្រជាកសិករ ជាពិសេសពីកសិករ ឬសហគមន៍៍ដែលកំពុងជួបបញ្ហាទីផ្សារ។
 
បើតាមលោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន   មៀនប៉ៃលិនប្រមាណជាង៥ម៉ឺនតោន របស់ប្រជាសហគមន៍ចំនួន២៨០គ្រួសារ កំពុងប្រឈមនឹងទុំចោលនៅក្នុងចម្ការ ព្រោះតែប្រទេសមិនបើកព្រំដែនឲ្យនាំចូល។ លោក បានបញ្ជាក់ថា មៀនប៉ៃលិន ដែលកំពុងប្រឈមការខូចខាតនេះ មានតម្លៃសរុបប្រមាណ៥០លានដុល្លារ៕ 
 
 

Tag:
 ថ្មីៗ២៥
  កសិកម្ម
  លោក ឌិន សុមេធារិទ្ធ
  មៀនប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com