ជាតិ
សេដ្ឋកិច្ច
រ៉ែមាសកម្ពុជាជាង២០០គីឡូក្រាម កំពុងបន្សុទ្ធ និងដាក់លក់លើទីផ្សារអន្តរជាតិ
17, Aug 2021 , 5:44 pm        
រូបភាព
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ។ ប្រភពរូប៖ AKP
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ។ ប្រភពរូប៖ AKP
ភ្នំពេញ៖ កម្ពុជា ចម្រាញ់រ៉ែមាសពីខេត្តមណ្ឌលគិរី បានចំនួន២១០គីឡូក្រាមហើយ។ នេះជាការលើកឡើងរបស់លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដោយបានបញ្ជាក់ថា​ រ៉ែមាសដែលចម្រាញ់បាននេះ កំពុងបន្សុទ្ធទៅជាដុំមាសកម្រិត៩៥ភាគរយ ហើយនឹងដាក់លក់នៅលើទីផ្សារប្រទេសអូស្រា្តលី។​

គិតត្រឹមថ្ងៃទី១៧សីហានេះ កម្ពុជា តាមរយៈក្រុមហ៊ុន  រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី បានចម្រាញ់ ឬស្លមាស ពីតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាន២១០គីឡូក្រាម។ បើតាមលោក យស មុនីរ៉ាត់​ ក្នុងចំណោមរ៉ែមាសទាំងនេះ គឺមានរ៉ែមាសជិត៦០គីឡូក្រាមហើយ ដែលកម្ពុជាបានបញ្ជូនទៅរោងចក្រក្នុងប្រទេសអូស្រា្តលី ដើម្បីបន្សុទ្ធទៅជាដុំមាស។ 
 
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពលរូបនេះ ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទដូច្នេះ៖«​ មកទល់ពេលនេះយើងស្ល[ចម្រាញ់]មាសបានជាង២១០គីឡូក្រាម ហើយភាពសុទ្ធនៃមាស មានចន្លោះពី៨៥ទៅ៩៥ភាគរយ។ យើងនាំចេញ[រ៉ែមាស]បានមួយលើកហើយ ប្រហែលជាង៥៩គីឡូក្រាម។​ មាសដែលយើងបន្សុទ្ធបាននឹងដាក់លក់ទីផ្សារប្រទេសអូស្រា្តលីតែម្តង»។ 
 
លោក យស មុនីរ៉ាត់​  បានបញ្ជក់បន្ថែមថា កម្ពុជានឹងនាំចេញរ៉ែមាស ប្រហែលជាង១០០គីឡូក្រាមទៀត នៅដំណាក់កាលទី២ ដើម្បីបន្សុទ្ធនិងដាក់លក់​នៅលើទីផ្សារអន្តរជាតិ។​ បើតាមលោក មុនីរ៉ាត់  មាសដែលលក់បាននោះ នឹងផ្តល់ចំណូលជាសួយសារអាករចំនួន៣ភាគរយ ចូលដល់ក្រសួងរ៉ែ ខណៈហាងឆេងមាសនៅទីផ្សារអន្តរជាតិបច្ចុប្បន្ន អាចប្រែប្រួលប្រចាំថៃ្ង ក្នុងតម្លៃ៥៨,០០០ដុល្លារ ក្នុងមួយគីឡូក្រាម។
 
សូមរម្លឹកថា​ ក្រុមហ៊ុន  រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីតនេះ ត្រូវបានសម្តេច ហ៊ុន សែន អនុញ្ញាតឱ្យបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២១មិថុនា ឆ្នាំ២០២១។
 
សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា តាមរយៈរោងចក្រចម្រាញ់រ៉ែមាសនេះ គឺអាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ប្រមុខរដ្ឋាភិបាលរូបនេះ រំពឹងថា ការផលិតមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វោវ ស្រុកកែវសីមា ដោយក្រុមហ៊ុនRenaissance Mineralsនោះ នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ។  «ក្នុងចំណោមចំណូលដុលនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ»។ សម្តេច ហ៊ុន សែន បានបន្តអះអាងថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕


រូបតំណាង៖ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស»របស់ក្រុមហ៊ុន  រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) នៅខេត្តមណ្ឌលគិរី


Tag:
 រ៉ែមាស
© រក្សាសិទ្ធិដោយ thmeythmey.com