ជាតិ
រថយន្ត
ឡានFORDចំណាស់ជិត៥០ឆ្នាំ២គ្រឿង ត្រូវបានដាក់​តាំងនៅរមណីយដ្ឋាន​មួយក្នុងខេត្តកណ្តាល ​
23, Aug 2021 , 7:29 pm        
រូបភាព
កណ្តាល៖ លោក​ ស្រី ចាន់ថន ប្រមូល​ម៉ូតូ៥គ្រឿង និង​រថយន្ដ១០គ្រឿង ដែល​ដាក់​តាំង​ឱ្យ​សាធារណជនទស្សនា នៅរមណីយដ្ឋានធម្មជាតិកែច្នៃ​ស្កាយលែន ដែលស្ថិត​នៅឃុំវិហារសួគ៌ ស្រុកខ្សាច់​កណ្ដា​​ល ខេត្ត​កណ្ដាល។ ក្នុង​នោះ​មានម៉ូតូម៉ាក BMW HARLEY-DAVIDSON និង ROYAL ENFIELD ៣គ្រឿង ឡានម៉ាក BRP CHEVROLET CORVETTE MAZDA MERCEDES REZVANI TOYOTA និង​រថយន្ដ​បុរាណ៣​គ្រឿង ម៉ាក PACKARD និង FORD ២គ្រឿង។ ក្នុងចំណោម​ឡាន​ចុង​ក្រោយ​ទាំង​២នេះ មានរថយន្ដ FORD ប្រភេទ LTD ជំនាន់​ទី២ ពណ៌ខ្មៅ ផលិត​ក្នុង​ចន្លោះ​ឆ្នាំ១៩៧៣ និង១៩៧៨។ វា​វែងអស់ទាស់ គឺប្រវែង៥.៦៩​​ម៉ែត្រ! ហើយឡាននេះផាសុកភាព​ណាស់ គ្មាន​ចន្លោះនៅ​កណ្ដាល​កៅអី​ខាង​មុខ។ 

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖

 
 
FORD LTD ត្រូវបាន​ផលិត​ពីឆ្នាំ១៩៦៥ រហូតដល់​ឆ្នាំ​១៩៩១ សម្រាប់​ទីផ្សារ​ទ្វីប​អាម៉េរិក និង​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះ។ ជំនាន់​ទី​២ ត្រូវបាន​ផលិត​ពីឆ្នាំ១៩៦៩ ដល់​ឆ្នាំ​១៩៧៨ ក្នុង​រោងចក្រ​ផ្សេងៗ នៅ​ប្រទេស​កាណាដា និង​សហរដ្ឋអាម៉េរិក។ LTD គឺជា​ប្រភេទ មិនមែន​ជា​ម៉ាក​ទេ។ ក៏ប៉ុន្តែ​ពីដើមមាន​រូបសញ្ញា LTD ខាង​ឆ្វេង និង​ខាង​ស្ដាំ លើ​គ្រប់រថយន្ដ FORD LTD លក់​នៅទ្វីប​អាម៉េរិក​​​ខាង​ជើង។ មួយ​រយៈពេល រហូត​ដល់​ចុង​ទសវត្សរ៍​១៩៧០ ក្រុមហ៊ុន FORD មិន​សូវបាន​ប្រើ​រូបសញ្ញា​ឡូហ្គូ​របស់​ខ្លួន​លើ​ឡាន​ទេ។ ខាង​មុខ ខាង​ក្រោយ និង​ខាង​ក្នុង FORD LTD មាន​អក្សរ FORD ពិតមែន ប៉ុន្តែ​មិន​មែន​ជា​និមិត្តសញ្ញា​ទេ។ លោក FORD Henry បាន​បង្កើត​ក្រុមហ៊ុន FORD ឆ្នាំ​១៩០៣ នៅ​សហរដ្ឋអាម៉េរិក៕






 
អត្ថបទទាក់ទង
 

© រក្សាសិទ្ធិដោយ thmeythmey.com