កីឡាអន្តរជាតិ
អន្តរជាតិ
Nice ត្រូវពិន័យ៤ប្រកួតដោយគ្មានអ្នកគាំទ្រ ជុំវិញអំពើហិង្សាលើកីឡាករ Marseille ក្នុងទីលាន
24, Aug 2021 , 11:41 am        
រូបភាព
ក្លិប Nice ត្រូវបានពិន័យមិនឱ្យមានអ្នកទស្សនាចំនួន៤ប្រកួតក្នុងដីខ្លួនឯង នៅក្របខណ្ឌ Ligue 1 ដោយសារអ្នកគាំទ្របង្កហិង្សាដាក់កីឡាករ អំឡុងជំនួបរវាង Nice និង Marseille។ អ្នកគាំទ្រម្នាក់របស់ Nice ក៏ត្រូវបានចាប់ខ្លួនផងដែរ ជុំវិញការគប់ដបទឹកលើកីឡាករ Dimitri Payet។


នាយកដ្ឋាន Alpes-Maritimes ក្នុងទីក្រុង Nice បានបញ្ជាឱ្យអាជ្ញាធរបិទទ្វារកីឡដ្ឋាន សម្រាប់ការប្រកួតចំនួន៤លើករបស់ក្លិប Nice និងចាប់ខ្លួនបុរសម្នាក់ក្នុងចំណោមហ្វូងអ្នកគាំទ្រច្រើននាក់ ដែលបង្កចលាចលអំឡុងពេលប្រកួត។
 
ជំនួប Ligue 1 សប្តាហ៍ទី៣ នៅថ្ងៃទី២២ ខែសីហា នៅកីឡដ្ឋាន Allianz Riviera អ្នកគាំទ្រក្រុម Nice បានយកដបទឹកគប់ក្បាល Payet នៅពេលខ្សែបម្រើក្រុម Marseille រូបនេះដើរទៅទាត់បាល់ជ្រុង។ Payet បានដួលលើទីលាន មុនពេលស្ទុះងើបមកវិញ ហើយយកដបទឹកនោះគប់ទៅលើក្រុមអ្នកគាំទ្រ Nice វិញ ដែលធ្វើឱ្យអ្នកគាំទ្រ Nice ទាំងហ្វូងបានទម្លុះរបាំងផ្សាយពាណិជ្ជកម្ម ដើម្បីចូលក្នុងទីលានសំដៅរកខ្សែបម្រើសញ្ជាតិបារាំងនេះ។
 
អំពើហិង្សានេះ បានធ្វើឱ្យជំនួបលីគកំពូលបារាំងរវាង Nice និង Marseille ត្រូវលុបចោលពាក់កណ្តាលទីត្រឹមនាទី៧៥ បើទោះក្រុម Nice កំពុងនាំមុខ១គ្រាប់ក៏ដោយ។ ហេតុការណ៍ដ៏អាក្រក់នេះ ក៏បានបង្កឱ្យកីឡាករ Marseille មួយចំនួនរងរបួសផងដែរ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បុរសអាយុ ២៨ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងការវាយតប់គ្នាជាមួយកីឡាករ។ មិនត្រឹមតែអ្នកគាំទ្រម្នាក់នេះទេ អ្នកគាំទ្ររបស់ Nice មួយចំនួនផ្សេងទៀត ក៏ប្រឈមការហាមឃាត់មិនឱ្យចូលរួមទស្សនាផ្ទាល់ ចាប់ពីពេលនេះទៅ។
 
លោក Bernard Gonzalez ប្រធាននាយកដ្ឋាន Alpes-Maritimes អះអាងថា ភាពធ្ងន់ធ្ងរដែលបានកើតឡើង ដោយមិនរង់ចាំការសម្រេចពីលីគបាល់ទាត់អាជីព (LFP) ស្ថាប័នលោកបញ្ជាឱ្យការប្រកួតរបស់ Nice ផ្ទះចំនួន៤ប្រកួតត្រូវលេងដោយបិទទ្វារ។
 
រដ្ឋមន្ត្រីកីឡាបារាំងលោក Roxana Maracineanu បានប្រាប់ទូរទស្សន៍ BFM ថា អ្នកគាំទ្រទាំងនោះមិនគួរត្រូវអនុញ្ញាតឱ្យចូលទីលានទៀតឡើយ ដើម្បីជាការព្រមានដល់អ្នកគាំទ្រដទៃទៀត៕ 
 

Tag:
 Nice
  Dimitri Payet
© រក្សាសិទ្ធិដោយ thmeythmey.com