កីឡាអន្តរជាតិ
អន្តរជាតិ
Honda អ្នកចាត់ការជម្រើសជាតិកម្ពុជា ទៅលេងឱ្យ FK Suduva ដែលជាក្លិបទី១១ ក្នុងអាជីព
15, Sep 2021 , 3:00 pm        
រូបភាព
Keisuke Honda អ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តអាជីពកីឡាករបាល់ទាត់របស់ខ្លួននៅទ្វីបអឺរ៉ុប ដោយចូលរួមជាមួយក្រុម FK Suduva Marijampole នៃលីគកំពូលលីគកំពូលលីទុយអានី A Lyga។ FK Suduva ជាក្លិបទី១១ ក្នុងអាជីពរបស់ Honda។


ក្លិប FK Suduva នៅថ្ងៃទី១៥ ខែកញ្ញានេះ ប្រកាសតាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួន ថា ពួកគេបានចុះហត្ថលេខាដើម្បីយកអតីតខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនវ័យ ៣៥ ឆ្នាំទៅរួមក្រុម។ Honda នឹងពាក់អាវលេខ ៣ សម្រាប់ក្លិបទី១១ក្នុងអាជីពរបស់គេ។ 
 
Honda លេងឱ្យក្លិបចុងក្រោយរបស់គេជាមួយ Neftchi Baku នៃក្របខណ្ឌ Premier League របស់អាស៊ែបៃហ្សង់ ដោយបង្ហាញខ្លួន៧ប្រកួត និងស៊ុតបញ្ចូលទីបាន២គ្រាប់។
ក្នុងនាមជាកីឡាករបាល់ទាត់អាជីពចាប់តាំងពីឆ្នាំ២០០៤មក អតីតតារាឆ្នើមរបស់ AC Milan បានលេងឱ្យលីគបាល់ទាត់៨ប្រទេសផ្សេងគ្នារួចមកហើយ ក្នុងនោះនៅជប៉ុន ហូឡង់ រុស្ស៊ី អ៊ីតាលី ម៉ិកស៊ិក អូស្រ្តាលី ប្រេស៊ីល និងអាស៊ែបៃហ្សង់។ លីទុយអានី ជាលីគទី៩របស់គេ។
  


ដោយឡែក Honda ដែលសព្វថ្ងៃនៅមានការងារសំខាន់ជាអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា បានលេងឱ្យក្លិបនៅទ្វីបចំនួន៥ផ្សេងគ្នា ហើយក៏ជាកីឡាករដំបូងគេ ដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទាំងនៅអាស៊ី អឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី និងអាមេរិកខាងត្បូង។ មានតែទ្វីបអាហ្វ្រិកមួយប៉ុណ្ណោះដែល Honda មិនទាន់បានទៅលេង។
 
FK Suduva ជាក្រុមកំពុងនាំមុខកំពូលតារាង A Lyga ដោយរកបាន៥៥ពិន្ទុ ពីការប្រកួត២៦លើក។ Zalgiris នៅលេខរៀងទី២មាន៥១ពិន្ទុ តែទើបប្រកួតបាន២៣លើកប៉ុណ្ណោះ តាមពីក្រោយដោយ Panevezys ដែលរកបាន៤៨ពិន្ទុ ពីការប្រកួត២៥លើក៕
 

Tag:
 Keisuke Honda
  FK Suduva
© រក្សាសិទ្ធិដោយ thmeythmey.com