កីឡាអន្តរជាតិ
អន្តរជាតិ
រៀប World Cup ២ឆ្នាំម្តង៖ លោក Wenger ថា នឹងសម្រេចកិច្ចការនេះឱ្យបាន ទោះមានហានិភ័យ
24, Sep 2021 , 5:05 pm        
រូបភាព
លោក Arsene Wenger មន្ត្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ត្រៀមខ្លួនរួចស្រេចក្នុងការផ្លាស់ប្តូរកាលវិភាគប្រកួតអន្តរជាតិ ដើម្បីឈានទៅរៀប FIFA World Cup ២ឆ្នាំម្តង។ Wenger អះអាងថា ទោះមានហានិភ័យច្រើន តែលោកនឹងសម្រេចកិច្ចការនេះឱ្យបាន។



អតីតអ្នកចាត់ការទូទៅ Arsenal រូបនេះបានស្នើឱ្យមានការឈប់សម្រាកប្រកួតអន្តរជាតិតិចជាងមុន ដើម្បីអាចរៀបចំការប្រកួតបាល់ទាត់ពិភពលោករៀងរាល់ពីរឆ្នាំម្តង ជំនួសឱ្យការធ្វើបួនឆ្នាំម្តង ដើម្បីធ្វើឱ្យវិស័យកីឡាបាល់ទាត់កាន់តែប្រសើរឡើង។
 
នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍ BBC លោក Wenger ដែលជាអ្នកស្នើ និងផ្តល់គំនិតឱ្យការប្រកួត World Cup ក្លាយជាព្រឹត្តិការណ៍២ឆ្នាំម្តងនិយាយថា៖ «ហានិភ័យគឺធ្វើឱ្យវិស័យបាល់ទាត់កាន់តែប្រសើរឡើង ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចស្រេចក្នុងការផ្លាស់ប្តូរការប្រកួតនេះ»។
 
លោក Wenger ប្រធានផ្នែកអភិវឌ្ឍន៍កីឡាបាល់ទាត់របស់ FIFA ស្រាប់នោះ បន្ថែមថា គម្រោងនេះប្រៀបដូចជាការវាយបំបែកជញ្ជាំងថ្មដ៏ធំអ៊ីចឹង។ យ៉ាងណាបរុសសញ្ជាតិបារាំងរូបនេះ នឹងដោះស្រាយបញ្ហាទាំងឡាយដើម្បីឱ្យបាល់ទាត់ប្រសើរឡើង។
 
«អ្វីដែលធ្វើឱ្យប៉ះពាល់សម្រាប់ការផ្លាស់ប្តូរការប្រកួតបាល់ទាត់ពិភពលោក២ឆ្នាំម្តង គឺកីឡាករមានការងារច្រើនជាពិសេសការធ្វើដំណើរ និងកាត់បន្ថយប្រកួតជម្រុះ។ ប៉ុន្តែខ្ញុំជឿជាក់ថាក្លិប និងកីឡាករនឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងមុន»។ នេះជាការបញ្ជាក់របស់លោក Wenger។
 
យោងតាមការស្ទង់មតិដែលរៀបចំឡើងដោយ FIFA អ្នកគាំទ្រភាគច្រើនពេញចិត្តការរៀបចំ World Cup ផ្នែកបុរស២ឆ្នាំម្តងជាង៤ ឆ្នាំម្តង ខណៈស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ធំៗមួយចំនួនបដិសេដគម្រោងនេះ។
 
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA), អាមេរិកខាងត្បូង (CONMEBOL) និង ទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) សុទ្ធតែបានបដិសេធ ផែនការរបស់បុរសសញ្ជាតិបារាំង។


 លោក Arsen Wenger នាកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BBC
 
នៅពេលត្រូវបានសួរថាតើការបន្ថយកាលប្រកួត World Cup ជាការប្រថុយប្រថានដែរឬទេ? លោក Wenger ឆ្លើយថា ការប្រកួតបាល់ទាត់ពិភពលោកគឺជាព្រឹត្តិការណ៍ដ៏ធំ ប៉ុន្តែការបន្ថយរយៈពេលរៀបចំ នឹងមិនធ្វើឱ្យធ្លាក់ប្រជាប្រិយភាពនោះទេ ហើយកីឡាករក៏មានឱ្យកាសបង្ហាញទេពកោសល្យរបស់ពួកគេលើឆាកអន្តរជាតិច្រើនដងផងដែរ៕
 

Tag:
 World Cup
  Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com