អន្តរជាតិ
លោក ហ្វូមីអូ គីស៊ីដា បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនផ្លូវការ
04, Oct 2021 , 1:21 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃទី៤ ខែតុលា ត្រូវបានសភាជប៉ុន បោះឆ្នោតជ្រើសជានាយករដ្ឋមន្រ្តីជប៉ុនទី១០០ហើយ។ មុនការបោះឆ្នោតនេះ គណៈរដ្ឋមន្រ្តីរបស់ លោកស៊ូហ្កា យូស៊ីហ៊ីដេ ក៏បានលាលែងពីតំណែងដែរ។

 
ថ្ងៃទី៤ ខែតុលា គឺជាថ្ងៃដែលសភាទាំងពីរថ្នាក់ជប៉ុន បោះឆ្នោតរើសនាយករដ្ឋមន្រ្តីជប៉ុនថ្មី បន្ទាប់ពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ បានប្រកាសមិនចូលរួមក្នុងការប្រកួតប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP)។ 
 
«សភាជប៉ុន សូមតែងតាំងលោក ហ្វូមីអូ គីស៊ីដា ជានាយករដ្ឋមន្រ្តីជប៉ុន»។ លោក Tadamori Oshima ប្រធានសភាជាន់ទាប បានប្រកាសបែបនេះ បន្ទាប់ពីការបោះឆ្នោតក្នុងសភាទាំងពីរថ្នាក់។ ការក្លាយជានាយករដ្ឋមន្រ្តីរបស់លោក គីស៊ីដា គឺងាយបំផុត ដោយសារតែបក្សប្រជាធិបតេយ្យសេរី មានសំឡេងភាគច្រើននៅក្នុងសភាជប៉ុនរួចទៅហើយ។ 
 
បន្ទាប់ពីជាប់ជានាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា មិនបាននិយាយអ្វីឡើយ ដោយគ្រាន់តែឱនគោរពដល់សមាជិកសភា ដើម្បីអរគុណ ដែលផ្តល់ទំនុកចិត្តដល់លោកធ្វើជាប្រមុខរដ្ឋាភិបាលប៉ុណ្ណោះ។ 
 
ក្នុងថ្ងៃដដែលនោះ លោក លោកស៊ូហ្កា យូស៊ីហ៊ីដេ បានប្រមូលពាក្យលាលែងរបស់សមាជិកគណៈរដ្ឋមន្រ្តីទាំងអស់ហើយ ប៉ុន្តែសមាជិកទាំងនោះ នឹងកាន់តំណែងជារដ្ឋមន្រ្តីស្តីទីសិន រហូតទាល់តែគណៈរដ្ឋមន្រ្តីថ្មីត្រូវបានតែងតាំង។ 
 
សូមបញ្ជាក់ថា បន្ទាប់ពីសភាជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី សមាជិកគណៈរដ្ឋមន្រ្តីជប៉ុន ក៏ត្រូវបង្ហាញក្នុងពេលឆាប់ៗផងដែរ។ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com