ជាតិ
សម្ដេច ស ខេង៖ មន្រី្តប្រើសិទ្ធិអំណាចតាមអំពើចិត្ត នាំឲ្យផ្ទៃក្នុងមិនរឹងមាំ
05, Oct 2021 , 10:25 am        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ (រូបពី ទំព័រហ្វេសប៊ុកសម្ដេច ស ខេង)
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ (រូបពី ទំព័រហ្វេសប៊ុកសម្ដេច ស ខេង)
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃលើកឡើងថា មន្រី្តនៅពេលទទួលមុខតំណែងណាមួយ សម្រាប់បំពេញការងារគឺកិត្តិយស ហើយមិនត្រូវភ្លើតភ្លើននឹងតួនាទីឡើយ។ សម្តេច ស ខេង សង្កត់ធ្ងន់ទៀតថា ការប្រើអំណាចតាមអំពើចិត្ត គឺជារឿងគ្រោះថ្នាក់បំផុត ពិសេសគឺការបែកបាក់ផ្ទៃក្នុង។


សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែង  កាលពីថ្ងៃទី៤ ខែតុលាថា​ មន្រី្តគ្រប់រូបមិនត្រូវភ្លើតភ្លើននឹងតួនាទីឡើយ នៅពេលទទួលបានតំណែង។ ​សម្តេច ស ខេង ចង់ឱ្យមន្ត្រីទាំងនោះ ចាត់ទុកការទទួលបានតំណែងណាមួយនោះ គឺជាកិត្តិយស ហើយត្រូវបំពេញតួនាទីឱ្យត្រឹមត្រូវ ក្នុងនាមជាអ្នកបម្រើពលរដ្ឋ។ សម្តេច ស ខេង បន្តរំឭកថា​ ក្នុងនាមជាមន្រី្ត  មិនត្រូវវង្វេងនឹងតួនាទី ហើយឆ្លៀតឱកាសនិយម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ 
 
​សម្ដេច ស ខេង បានបន្តសង្កត់ធ្ងន់ដោយហាមប្រាម មន្ត្រីឆ្លៀតឱកាស ប្រើប្រាស់តួនាទី ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។ សម្រាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការណ៍ដែលមន្ត្រី យកតួនាទីរបស់ខ្លួនអាង ហើយ​ធ្វើអ្វីមួយតាមចិត្តនោះ នឹងនាំឱ្យផ្ទៃក្នុងស្ថាប័នមិនរឹងមាំ។ «ឱកាសនិយមនេះ គឺបានសិទ្ធិបានអំណាចហើយ ធ្វើអ្វីតាមចិត្ត រកផលប្រយោជន៍នេះប្រយោជន៍នោះ, ទាំងនេះហើយជាបញ្ហា។ ជាបញ្ហាដែលនាំឲ្យផ្ទៃក្នុងយើងមិនរឹងមាំ»។ នេះជាប្រសាសន៍របស់សម្ដេច ស ខេង។
 
ឆ្លៀតក្នុងឱកាសនេះ សម្តេច រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ឆ្លៀតឡើងលើកពីបញ្ហាអវិជ្ជមានរបស់មន្ត្រីថ្នាក់ក្រោមជាតិ​ផងដែរ ដែលជះឥទ្ធិពលដល់សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាកន្លងមក។ បើតាម សម្តេច ស ខេង កន្លងមកមានពលរដ្ឋ ឃ្នើសចិត្តនឹងការផ្តល់សេវាសាធារណៈមិនល្អ របស់មេឃុំ ស្មៀន មេប៉ុស្តិ៍ និងមេភូមិនៅតាមមូលដ្ឋានទាំងអស់ រហូតធ្វើឱ្យពលរដ្ឋលែងចង់បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា៕
 
 
 
 

Tag:
 សង្គម
  សម្ដេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com