ជាតិ
សម្ដេច ស ខេង៖ យើងមិនត្រូវបិទព័ត៌មាន ហើយដោះស្រាយតែរឿងស្រួលៗឡើយ
11, Oct 2021 , 5:29 pm        
រូបភាព
 សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តកំពង់ធំថ្ងៃទី១១តុលា ឆ្នាំ២០២១។ (រូបពី ក្រសួងមហាផ្ទៃ)
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តកំពង់ធំថ្ងៃទី១១តុលា ឆ្នាំ២០២១។ (រូបពី ក្រសួងមហាផ្ទៃ)
ភ្នំពេញ៖​ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានលើកឡើងថា អាជ្ញាធរត្រូវបើកចំហព័ត៌មានដល់ពលរដ្ឋគ្រប់រូប ដើម្បីដោះស្រាយបញ្ហាឲ្យពួកគេ ប្រកបដោយតម្លាភាពនិងយុត្តិធម៌។ សម្ដេច ក៏ណែនាំទៀតថា ធ្វើជាមន្រី្តមិនត្រូវគេចពីបញ្ហាលំបាក ហើយទៅដោះស្រាយតែរឿងងាយស្រួលឡើយ។

 
សម្ដេច ស ខេង អះអាងថា ការបើកចំហរព័ត៌មាន ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋដែលមានបញ្ហា ទទួលបានដំណោះស្រាយ ដោយតម្លាភាពនិងយុត្តិធម៌។ ក្នុងន័យនេះ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា ក្នុងករណីអាជ្ញាធរបិទបាំងព័ត៌មាននោះ វានឹងនាំឲ្យបញ្ហាផ្សេងៗរបស់ពលរដ្ឋ ពុំត្រូវបានដោះស្រាយត្រឹមត្រូវឡើយ។ 
 
ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១១តុលានេះ សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះ៖ «យើងមិនត្រូវចង្អៀតចង្អល់ ហើយរឹតត្បិតព័ត៌មានដែលជាការពិត។ កាលណាយើងធ្វើដូច្នេះ យើងនឹងជួបបញ្ហា បានន័យថា ប្រជាពលរដ្ឋដែលមានបញ្ហា មិនត្រូវបានដោះស្រាយ ឬត្រូវបានដោះស្រាយ តែមិនយុត្តិធម៌»។ 
 
សម្ដេច ស ខេង សង្កត់ធ្ងន់ថា អំណាចទាំងអស់គឺទទួលបានពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។ ដូច្នេះ អាជ្ញាធរទាំងត្រូវខិតខំបើកចំហព័ត៌មាន រួមទាំងបើកចិត្តឲ្យទូលាយ ទទួលយកបញ្ហាលំបាកៗយកទៅដោះស្រាយ។ 
 
ចំណុចនៃការដោះស្រាយបញ្ហាលំបាកៗជូនពលរដ្ឋនេះ រដ្ឋមន្រី្តក្រសួងមហាផ្ទៃបានលើកឡើងថា អាជ្ញាធរពុំត្រូវដោះស្រាយតែរឿងស្រួលៗ ហើយទុករឿងលំបាកចោលឡើយ។ «យើងជៀសវាងរុញរាចំពោះបញ្ហាដែលលំបាក។ ហើយយើងយកចិត្តទុកដាក់ដោះស្រាយបញ្ហា ដែលងាយស្រួល! ប្រហែលយើងគ្មានបទពិសោធន៍និងមិនអាចយល់អស់ពីបញ្ហាទេ ហើយក៏មិនអាចដោះស្រាយបញ្ហាជាមួយពលរដ្ឋ ដែលមានបញ្ហានោះដែរ»។ នេះបើតាមសម្ដេច ស ខេង ដោយបញ្ជាក់ថា ការប្រមូលព័ត៌មាន និងមតិពលរដ្ឋមកពិចារណ ទើបអាចវិភាគនិងវែកញែក រកផលប៉ះពាល់របស់ពួកគេ រួមទាំងសហគមន៍ផងដែរ។
 
ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានរំឭកជាថ្មីដល់មន្ត្រីមុខងារសាធារណៈនៅមូលដ្ឋាន ជាពិសេសមេឃុំ-សង្កាត់ ស្មៀន មេប៉ុស្តិនគរបាល និងមេភូមិ ឱ្យបំពេញការងារបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋឲ្យបានល្អ ចៀសវាងបង្ករការថ្នាំងថ្នាក់ដល់ពួកគេ។ បើតាមសម្ដេច ស ខេង តួអង្គទាំង៤នេះ គឺសំខាន់ណាស់នៅតាមមូលដ្ឋាន ដែលជះឥទ្ធិពលល្អ និងអាក្រក់ ដល់សន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា៕
 

Tag:
 សម្ដេច​ ស ខេង
  មន្រី្ត
  រាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com